ភ្នំពេញៈ កីឡាការិនី​របស់​កម្ពុជា នូវ ស្រីពៅ បាន​បង្ហាញ​ពី​ក្តីរំភើប​ខ្លាំង​ទៅ​នឹង​ជ័យជម្នះ​របស់​ខ្លួន​លើ​កីឡាការិនី​ម្ចាស់​ផ្ទះ​ថៃ Rika “Tinydoll” Ishige ក្នុង​ការប្រកួត​ទម្ងន់ ៥២,២ គីឡូក្រាម​នៃ​ព្រឹត្តិការណ៍ ONE: CLASH OF LEGENDS ប៉ុន្តែ ឡៅ ចិត្ត្រា បាន​ត្រឹម​ទទួល​ស្គាល់​នូវ​ការបរាជ័យ​របស់​ខ្លួន និង​បាន​ចាត់ទុក​គូប្រកួត Superlek ជា​ជើង​ខ្លាំង​ទី​ ១ ដែល​រូបគេ​បាន​ជួប​។

បើ​ទោះបី​ជា Rika មាន​ភាព​ជឿជាក់​ខ្លួន​ទៅ​លើ​សមត្ថភាព​ខ្លួនឯង ពិសេស​ជំនាញ​ប្រើ​ក្បាច់​ក្លេ​ក្នុង​ការយក​ឈ្នះ​លើ នូវ ស្រីពៅ ដើម្បី​បំពេញ​នូវ​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការស្វែងរក​ឱកាស​ឡើង​ទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​របស់ ONE នៅ​ឆ្នាំ​នេះ ប៉ុន្តែ​តាមរយៈ​ការប្រកួត​ជាក់ស្តែង​កាលពី​យប់​ថ្ងៃ​សៅរ៍​នោះ Rika គ្មាន​ឱកាស​សូម្បី​ម្តង​ក្នុង​ការប្រើ​ក្បាច់​ក្លេ​ទៅ​លើ ស្រីពៅ​។

ការ​ដួល​ចំនួន​ ២ ​លើក​នៅ​ក្នុង​ទឹក​ទី​ ១ ក្រោម​កណ្តាប់ដៃ​ម៉ាត់ ស្រីពៅ បាន​ធ្វើ​ឲ្យ Rika លែង​ហ៊ាន​ចូល​ចាប់ និង​ប្តូរ​របៀប​ជា​ការប្រកួត​បែប​សេរី​វិញ ប៉ុន្តែ​ថៃ​រូបនេះ​នៅ​តែ​ស្ថិត​ក្នុង​ការចាញ់​ប្រៀប ស្រីពៅ ដដែល ខណៈ​នាង​បាន​បន្ត​ដួល​នៅ​ទឹក​ទី​ ២ និង​ទឹក​ទី​ ៣ ​ចុង​ក្រោយ​នោះ​។

ផ្ទៃមុខ​របស់ Rika ពោរពេញ​ទៅ​ដោយ​ស្នាម​ពក និង​ហើម​ដែល​បន្សល់ទុក​ដោយ​ការ​ម៉ាត់​ចូល​ធ្ងន់ៗ​របស់​ ស្រីពៅ ហើយ​ការ​ចាញ់​ប្រៀប​ដាច់​ទាំង​ ៣ ​ទឹក​នេះ​បាន​ធ្វើឲ្យ Rika បាន​ត្រឹម​លើក​ដៃ​សំពះ​ដើម្បី​បង្ហាញ​ពី​ការ​សុំទោស​ទៅ​ដល់​ជនរួមជាតិ ខណៈ​រូបគេ​ត្រូវ​បាន​ប្រកាស​ឲ្យ​ចាញ់​ពិន្ទុ នូវ ស្រីពៅ នោះ​។

ជាមួយ​នឹង​ជ័យជម្នះ​នេះ នូវ ស្រីពៅ បាន​និយាយ​ថា​៖ «​ខ្ញុំ​ពិតជា​រំភើប និង​សប្បាយ​ចិត្តខ្លាំង​មែនទែន ដែល​ខ្ញុំ​ធ្វើ​បាន​។ ដំបូង​ឡើង​ខ្ញុំ​គិត​ថា ខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ ដោយសារ​ខ្ញុំ​មាន​ការបារម្ភ​លើ​ការ​ក្លេ​របស់​គេ ប៉ុន្តែ​លោកគ្រូ​បាន​ប្រាប់​ខ្ញុំ​ថា កុំ​បារម្ភ​ខ្លាំង​ពេក ព្រោះ​រេញ​នេះ​មិនមែន​វ៉ៃ​ក្នុង​ទ្រុង​ទេ គឺ​រេញ​ដូច​យើង​វ៉ៃ​លក្ខណៈ​សេរី​ដែរ អ៊ីចឹង​យើង​កុំ​គិត​ថា គេ​ក្លេ​គឺ​យើង​វ៉ៃ​ដូច​សេរី​ទៅ​»​។

ជាមួយ​បណ្តាំ​ពី​គ្រូបង្វឹក​នេះ​បាន​ធ្វើឲ្យ នូវ ស្រីពៅ បាន​បង្ហាញ​ការប្រកួត​យ៉ាង​មាន​ទំនុក​ចិត្ត ប៉ុន្តែ​នាង​មិន​បាន​ចូល​ទៅ​ចាប់​ក្លេ Rika ដែល​បាន​ដួល​ចំនួន​ ៥ ​លើក​ក្រោម​កណ្តាប់ដៃ​របស់​ខ្លួន​នោះ​ទេ​។ ស្រីពៅ បាន​បញ្ជាក់​ថា​៖​ «​លោកគ្រូ​ប្រាប់​ថា បើ​យើង​មិន​សូវ​ចេះ​ក្លេ​អ៊ីចឹង យើង​មិន​អាច​ចូល​ជិត​គេ​បាន​ទេ ព្រោះ​បើ​យើង​ប្រហែស​តែ​ ១ ​វិនាទី​គឺ​យើង​អាច​ជាប់​ក្លេ​របស់​គេ​បាន​»​។

ឡៅ ចិត្ត្រា ចង់​សងសឹក​នឹង Superlek ម្តង​ទៀត​ក្រោយ​ចាញ់​ពិន្ទុ​ ៣ ​ទឹក​ដាច់​​ផ្ទុយ​ពី​នេះ​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា ឡៅ ចិត្ត្រា ដែល​ដាក់​ឲ្យ​ប្រកួត​សេរី​ជាមួយ​ជើង​ខ្លាំង​របស់​ថៃ Superlek នៅ​យប់​ថ្ងៃ​សៅរ៍​នោះ​ដែរ​បាន​ទទួល​រងការ​វ៉ៃប្រហារ​យ៉ាង​ចាស់ដៃ​ពី​កីឡាករ​ជា​ម្ចាស់ផ្ទះ​។ ក្បាច់​វ៉ៃ​ចេញ​ដ៏សម្បូរបែប​របស់ ចិត្ត្រា បាន​ជាប់​គាំង​ក្រោម​ការ​ទាត់​លឿនៗ និង​ផ្ទួនៗ​របស់ Superlek ហើយ​ដៃ​ឆ្វេង​របស់ ចិត្ត្រា ក៏​មាន​បញ្ហា​ក្រោម​ទម្ងន់​ជើង​របស់​ថៃ​ម្នាក់​នេះ​ផង​ដែរ ខណៈ​ការប្រកួត​ ៣ ​ទឹក​ពេញ Superlek បាន​ទាត់​ទៅ​លើ ចិត្ត្រា ជាង​ ៣០ ​ជើង​។

ឡៅ ចិត្ត្រា បាន​ព្យាយាម​ទប់​ការ​ទាត់​យ៉ាង​ធ្ងន់​របស់​ជើង​ខ្លាំង​ថៃ Superlek​។ រូប សហការី

Superlek បាន​យក​ប្រៀប​ខ្លាំង​ទៅ​លើ ឡៅ ចិត្ត្រា នៅ​រាល់​ដើម​ទឹក​នីមួយៗ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​គេ​បាន​ទាត់​សន្ធាប់​ផ្ទួនៗ​ទៅ​លើ ចិត្ត្រា រហូត​ដល់​ ១០ ​ជើង​នៅ​ដើម​ទឹក​ទី​ ២​។ យ៉ាងណា​ក៏ដោយ​ការជម្នះ​ចូល​វាយ​កែង និង​បុក​កែង​នៅ​ទឹក​ទី​ ៣ ​របស់ ចិត្ត្រា ក៏​ធ្វើឲ្យ​កីឡាករ​ម្ចាស់​ផ្ទះ​រូប​នេះ​មាន​ការថមថយ និង​ខំ​រំដោះ​ខ្លួន​ទាំង​អារម្មណ៍​ជ្រួលច្របល់​ផង​ដែរ​មុន​ពេល​ប្រកាស​ឲ្យ​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ ឡៅ ចិត្ត្រា​។

ទាក់ទង​ទៅ​នឹង​ការប្រកួត​នេះ ឡៅ ចិត្ត្រា បាន​និយាយ​ក្រោយ​ការប្រកួត​ថា​៖ «​ខ្ញុំ​គាំង​មែនទែន​! មុន​ចាប់ផ្តើម ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ធ្វើ​បាន​ល្អ ប៉ុន្តែ​ពេល​ប្រកួត​ខ្ញុំ​ចាញ់​ក្បាច់​គេ​តែ​ម្តង ព្រោះ​គេ​រហ័ស​ល្អ ហើយ​យើង​ញាក់​អី​ក៏​គេ​ដឹង​ដែរ​។ នេះ​ជា​លើក​ទី​ ១ ​ហើយ​ដែល​ខ្ញុំ​បាន​ជួប​កីឡាករ​ល្អ​បែប​នេះ ហើយ​ដៃ​របស់​ខ្ញុំ​ឈឺ ព្រោះ​គេ​ទាត់​ធ្ងន់ តែ​ខ្ញុំ​ទ្រាំ និង​ចង់​ចូល​វ៉ៃ​គេ​ឲ្យ​សន្លប់ ប៉ុន្តែ​ធ្វើ​អត់​បាន​»​។

យ៉ាងណា​ក៏ដោយ ឡៅ ចិត្ត្រា ចង់​ប្រកួត​សងសឹក Superlek ម្តង​ទៀត​។ គេ​បាន​និយាយ​ថា​៖ «​បើសិន​ជា​អាច​ជួប​គ្នា​លើក​ក្រោយ​មែន ខ្ញុំ​អត់​ខ្លាច​គេ​នោះទេ គឺ​ខ្ញុំ​ចង់​សាក​ម្តង​ទៀត ហើយ​ខ្ញុំ​អត់​ចង់​ធ្វើ​ដូច​ថ្ងៃនេះ​ទេ​! ខ្ញុំ​ចង់​ធ្វើ​ឲ្យ​សមត្ថភាព​ខ្ញុំ​ឡើង​ជាង​នេះ ហើយ​ទោះ​ចាញ់ ឬ​ឈ្នះ​គឺ​ធ្វើ​ម៉េច​ឲ្យ​ល្អ​ជាង​ហ្នឹង​»៕