ភ្នំពេញ៖ ​ក្រុម​ម្ចាស់​ជើងឯក​ព្រះខ័នរាជ​ស្វាយរៀង មិន​អាច​រក្សា​កំណត់ត្រា​ដ៏​ល្អ​របស់​ខ្លួន​បាន​នោះ​ទេ ខណៈ​ពួក​គេ​បាន​ជួប​ការ​បរាជ័យ​ជា​លើក​ដំបូង ក្រោម​ស្នាដៃ​​អតីត​ក្រុម​ម្ចាស់​ជើង​ឯក ណាហ្គាវើល ២-១ ក្នុង​ការ​ប្រកួត​បញ្ចប់​រដូវកាល​លីក​កំពូល​កម្ពុជា ឆ្នាំ ​២០១៩ កាល​ពី​ថ្ងៃ​សៅរ៍ ចំណែក​ក្រុម​បាត​តារាង​ចំនួន ​២ អាច​នឹង​ត្រូវ​កាត់​ចោល​សម្រាប់​ការ​​ប្រកួត​លីក​កំពូល រដូវកាល​ថ្មី ឆ្នាំ ​២០២០។

ជំនួប​រវាង​ក្រុម​​ទើប​លើក​ពាន ព្រះខ័នរាជ​ស្វាយរៀង និង​អតីត​ក្រុមម្ចាស់​ជើងឯក ឆ្នាំ ​២០១៨ នៅ​កីឡដ្ឋាន​ស្តាត​ចាស់ កាល​ពី​ថ្ងៃ​សៅរ៍​នោះ គឺ​ក្រុម​ទាំង ​២ បាន​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​បំផុត ប៉ុន្តែ​​ប្រធាន​ក្រុម សឿយ វិសាល បាន​ជួយ​ឲ្យ​ក្រុម​ស្វាយរៀង​នាំ​មុខ ១-០ នៅ​តង់​ទី ​១ ខណៈ​រូប​គេ​បាន​ទាត់​បាល់​ហ្វ្រ៊ីឃីក​បញ្ចូល​ទីបាន​យ៉ាង​ស្អាតនៅ​នាទីទី ​១៨ ​នោះ។

យ៉ាង​ណា​ក៏​ដោយ ការ​ធ្វើ​ឲ្យ​ដៃ​ទៅ​ប៉ះ​បាល់​របស់​ Campbell នៅ​នាទីទី ​៦៨ ធ្វើ​ឲ្យ​អាជ្ញាកណ្តាល​ផ្តល់​បាល់​ពិន័យ ​១១ ​ម៉ែត្រ ​​ឲ្យ​ណាហ្គាវើល ហើយ​ខ្សែ​ប្រយុទ្ធ Kipson ជា​អ្នក​ស៊ុត​​បាន​សម្រេច។ បន្ថែម​លើ​នេះ Esho Omogba បាន​តែត​បាល់​បញ្ចូល​ទី ​រក​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ណាហ្គាវើល នៅ​នាទីទី ​៧៤ មុន​ពេល Campbell ត្រូវ​បាន​បណ្តេញ​ចេញ នៅ​ចុង​ម៉ោង ក្រោយ​​ទទួល​បាន​កាត​លឿង​ជា​លើក​ទី ​២។

លោក មាស ចាន់ណា គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល មាន​ការ​ពេញ​ចិត្ត​ខ្លាំង​ទៅ​លើ​ការ​ឈ្នះ​បាន ​៣ ពិន្ទុ​ពី​ក្រុម​ស្វាយរៀង ក្នុង​ជំជួប​​បិទ​រដូវកាល​នេះ។ បើ​ទោះ​បី​ជា ជ័យជម្នះ​នេះ វា​មិន​អាច​ជួយ​ឲ្យ​ណាហ្គាវើល ដណ្តើម​បាន​លេខ ​២ ពី​ក្រុម​វិសាខា ដោយសារ​ ​វិសាខា​បាន​យក​ឈ្នះ​ក្រុម​នគរបាល​ជាតិ ៣-០ ក្ដី ប៉ុន្តែ​ការ​ឈ្នះ​នេះ ​វា​បាន​លុប​ចោល​នូវ​កំណត់ត្រា​មិន​ធ្លាប់​ចាញ់​សោះ​របស់​ក្រុម​ស្វាយរៀង។

លោក ជូ សារឿន គ្រូ​បង្វឹក​ក្រុម​ស្វាយរៀង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ ​«​​យើង​ដាក់​កីឡាករ​ពេញ​ជើង ​លេង​ជាមួយ​​ក្រុម​ណាហ្គាវើល ព្រោះ​យើង​ចង់​ឈ្នះ ដើម្បី​រក្សា​កំណត់ត្រា​ប្រវត្តិសាស្រ្ត​ដ៏​ល្អ​របស់​យើង ប៉ុន្តែ​យើង​មិន​អាច​ធ្វើ​បាន។ ទោះ​​យ៉ាង​ណា យើង​មិន​មាន​ការ​ខក​ចិត្ត​អ្វី​ទេ ព្រោះ​យើង​បាន​ខំ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ហើយ តែ​ធ្វើ​ម៉េច​សំណាង​យើង​មិនដល់ ទើប​ជួប​ការ​ចាញ់​លើក​ចុង​ក្រោយ​នេះ»។

តាមរយៈ​ការ​ចាញ់​ណាហ្គាវើល ក្នុង​ការ​ប្រកួត​បិទ​រដូវកាល​ឆ្នាំ ​២០១៩ ​នេះ បាន​ធ្វើ​ឲ្យ ​២៦ ​ប្រកួត ​របស់​ក្រុម​ស្វាយរៀង គឺ​ឈ្នះ ​២០ ស្មើ ​៥ និង​ចាញ់​១​ ហើយ​បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក ជាមួយ​ការ​មាន ​៦៥​ ពិន្ទុ ដាច់​ឆ្ងាយ​ពី​ក្រុម​លេខ ​២ វិសាខាដែល​មាន​ ៥៨​ពិន្ទុ ខណៈ​ក្រុម​ឈរ​ចំណាត់ថ្នាក់​លេខ ​៣ ណាហ្គាវើល មាន ​៥៥ ​ពិន្ទុ។

ចំណែក​ក្រុម​បឹងកេត បាន​យក​ឈ្នះ​ក្រុម​គិរីវង់​សុខសែន​ជ័យ ២-០ ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ​៤ ដោយ​មាន ៥២ ​ពិន្ទុ ហើយ​ក្រុម​អង្គរថាយហ្គឺរ បាន​យក​ឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ២-១ ដើម្បី​រក្សា​ការ​ឈ្នះ​តំណែង​លេខ ​៥ ពី​ការ​ប្រជែង​របស់​ភ្នំពេញ​ក្រោន ដែល​បាន​លត់​ក្រុម​ខេត្ត​កំពង់ចាម ៩-០ ធ្វើ​ឲ្យ​ពួក​គេ​មាន ៤៩ ​ពិន្ទុ លើស​ភ្នំពេញ​ក្រោន ១ ពិន្ទុ​ដដែល។

ចំពោះ​ក្រុម​ក្រសួង​ការពារជាតិ បើ​ទោះបី​ជា​ចាញ់​ក្រុម​អាស៊ី​អឺរ៉ុប ២-១ ក៏​ពួក​គេ​នៅ​តែ​លេខ ​៧ ដោយ​មាន ​៣៨ ​ពិន្ទុ តាម​ពី​ក្រោយ​ដោយ​ក្រុម​សូលទីឡូ​អង្គរ មាន ៣៥ ​ពិន្ទុ គិរីវង់ មាន ​៣៤ ពិន្ទុ អាស៊ី​អឺរ៉ុប មាន ​៣៤ ពិន្ទុ នគរបាល​ជាតិ មាន ​២៨ ​ពិន្ទុ អគ្គិសនី​កម្ពុជា មាន ​១៦ ​ពិន្ទុ ខេត្តកំពង់​ចាម មាន ៦ ពិន្ទុ និង​ក្រុម​បាត​តារាង​ សាលា​បាល់ទាត់​បាទី​អាយុ​ក្រុម ​១៨ ​ឆ្នាំ មាន ​៤ ពិន្ទុ។

ជាមួយ​គ្នា​នេះ ចំពោះ​ក្រុម​ដែល​ត្រូវ​កាត់​ចេញ​ពី​លីក​កំពូល​នា​រដូវកាល​ក្រោយ គឺ​គណៈកម្មការ​រៀបចំការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) នៅ​មិន​ទាន់​បាន​ប្រកាស​ផ្លូវ​ការ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​បើ​តាម​ប្រភព​ច្បាស់​ការណ៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា ក្រុម​ឈរ​នៅ​លេខ​រៀង​ចុង​ក្រោយ​ចំនួន ​២ គឺ​ខេត្ត​កំពង់ចាម ​ និង​ក្រុមសាល​បាល់ទាត់​បាទី​អាយុ​ក្រុម ​១៨ ​ឆ្នាំ នឹង​ត្រូវ​កាត់​ចោល ហើយ​ការ​ប្រជុំ​សម្រេច​ចុង​ក្រោយ នឹង​ត្រូវ​ធ្វើ​ឡើង ក្នុង​ពេល​ឆាប់ៗ​នេះ៕