The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្វាយរៀង ខកចិត្ត​នឹង​ការស្មើ តែ​ ណាហ្គា ធ្លាក់​ចេញ​ពី​លេខ​ ២

ស្វាយរៀង ខកចិត្ត​នឹង​ការស្មើ តែ​ ណាហ្គា ធ្លាក់​ចេញ​ពី​លេខ​ ២

Content image - Phnom Penh Post
Mustafa Zazai បាន​ស៊ុត​បាល់​កាត់​ពីមុខ Booysen ហើយ​ពួកគេ​ជា​អ្នក​ជួយ​ឲ្យ​ក្រោន​ស្មើ​ណាហ្គាវើល​។ FFC

ស្វាយរៀង ខកចិត្ត​នឹង​ការស្មើ តែ​ ណាហ្គា ធ្លាក់​ចេញ​ពី​លេខ​ ២

ភ្នំពេញៈ ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​បាន​សម្តែង​ការខកចិត្ត​ទៅ​នឹង​លទ្ធផល​ស្មើគ្នា ១-១ ជាមួយ​ក្រុម​ម្ចាស់ផ្ទះ អង្គរថាយហ្គឺរ ដែល​ធ្វើឲ្យ​ពួកគេ​បាន​ថមថយ​ឱកាស​បន្តិច​ក្នុង​ការឆ្ពោះ​ទៅរក​ការលើក​ពាន​លីក​កំពូល​កម្ពុជា ឆ្នាំ​ ២០១៩ ​នេះ ចំណែក​ភ្នំពេញ​ក្រោន​បាន​ទាញ​ទម្លាក់​ក្រុម​ណាហ្គាវើល​ចេញ​ពី​លេខ​រៀង​ទី​ ២ ហើយ​បើកផ្លូវ​ឲ្យ​ក្រុម វិសាខា ឡើង​មក​ឈរ​នៅ​ទីតាំង​នេះ​ជំនួស​វិញ​។

បើទោះបី​ជា​ការចែក​គ្នា​ម្នាក់​ ១ ​ពិន្ទុ​ជាមួយ​ក្រុម​អង្គរថាយហ្គឺរ ជា​លើក​ទី​ ២ ​នេះ វា​មិន​ប៉ះពាល់​ខ្លាំង​ដល់​ទីតាំង​កំពូល​តារាង​របស់​ក្រុម​ស្វាយរៀង​ទេ ប៉ុន្តែ​គ្រូជំនួយ​របស់​ក្រុម​នេះ​បាន​ចាត់ទុក​ការស្មើគ្នា ១-១ នេះ​ថា​ជា​ការប្រកួត​ដែល​គ្មាន​សាច់​បាល់​លេង និង​ពិបាក​ក្នុង​ការទទួល​យក​។

លោក ជូ សារឿន គ្រូ​ជំនួយ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា​៖ «​លទ្ធផល​ស្មើ​នេះ វា​ជា​ការខកចិត្ត​មួយ​របស់​យើង ព្រោះ​បញ្ហា​តារាង​ធ្វើឲ្យ​យើង​អត់​មាន​តាក់ទិក​ក្នុង​ការលេង​សោះ ឯ​អាជ្ញាកណ្តាល​កាត់សេចក្តី​ក៏​ដូចជា​ពិបាក​យក​ភ្នែក​មើល ព្រោះ​គេ​ទាត់​យើង​ពីក្រោយ ទាញ​យើង និង​វ៉ៃ​ពីក្រោយ ក៏​គាត់​អត់​ហ្វូត​ (​ពិន័យ​) ដល់​អ៊ីចឹង​ធ្វើ​ឲ្យ​យើង​មាន​ការពិបាក​លេង ហើយ​កីឡាករ​យើង​មួយ​ចំនួន​ក៏​មាន​ការបាក់​ទឹកចិត្ត​លើ​បញ្ហា​នេះ​ផងដែរ​។ និយាយ​រួម វា​អត់​មាន​សាច់​បាល់​លេង​តែម្តង​»​។

តាមរយៈ​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្ត​សៀមរាប​កាលពី​ថ្ងៃអាទិត្យ​នោះ កីឡាករ Charles William Hew Machell រកបាន​គ្រាប់​បាល់​ជួយ​ឲ្យ​ក្រុម​ស្វាយរៀង​នាំមុខ ១-០ មុន នៅ​នាទី​ទី​ ៥៤ ប៉ុន្តែ កីឡាករ​បាន​កម្ពស់ Ramas Alexis Damian បានតែត​បាល់​បញ្ជូល​ទី​តាម​ស្មើ​ឲ្យ អង្គរថាយហ្គឺរ នៅ​នាទី​ទី​ ៦០​។

ការឈ្នះ​បាន​ ១ ​ពិន្ទុ​បន្ថែម​នេះ វា​នៅ​តែ​ជួយ​ឲ្យ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង ឈរ​នៅ​កំពូល​តារាង​ដោយ​មាន​ ៤៩​ ​ពិន្ទុ​ដាច់​ឆ្ងាយ​ពី​ក្រុម​ផ្សេង​ទៀត ប៉ុន្តែ​អង្គរថាយហ្គឺរ បាន​ធ្លាក់​ពី​លេខ​ ៤ មកឈរ​នៅ​លេខ​ ៥ ​វិញ​មាន​ ៣៨ ​ពិន្ទុ​ដដែល ហើយ​ទីតាំង​នេះ​ជំនួស​វិញ​ដោយ​ក្រុម​បឹងកេត​ដែល​មាន​ ៤០ ​ពិន្ទុ បន្ទាប់ពី​បឹងកេត​បាន​បន្ត​យក​ឈ្នះ​ក្រុម​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី ៦-០ ពី​ថ្ងៃ​សៅរ៍​។

ចំណែក​ក្រុម​ណាហ្គាវើល ដែល​បាន​គ្រប់គ្រង​លេខ​ ២ ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​មកហើយ​នោះ​គឺ​បាន​ធ្លាក់​ចេញ​ពី​ទីតាំង​នេះហើយ បន្ទាប់ពី​ពួកគេ​បាន​ត្រឹម​ស្មើ ២-២ ជាមួយ​ក្រុម​ភ្នំពេញក្រោន​ដែល​ពួកគេ​ធ្លាប់​បាន​ឈ្នះ ៣-០ កាលពី​ជើង​ទី​ ១ ​នោះ​។

ក្រុម​ណាហ្គាវើល ពិតជា​មាន​ការខកចិត្ត​ខ្លាំង ចំពោះ​ការធ្លាក់​មកឈរ​នៅ​លេខ​ ៣ មាន​ ៤១ ​ពិន្ទុ​នេះ ព្រោះ​ក្នុង​ជំនួប​លើក​នេះ Booysen Shane រកបាន​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ​ក្រុម​ភ្នំពេញក្រោន​នៅ​នាទី​ទី​ ៩០ គឺ​បន្ទាប់ពី Esho Omogba និង គួច ដានី វាយបក​បាន​ម្នាក់​ ១ ​គ្រាប់​នៅ​នាទី​ទី​ ៤៩ និង​នាទី​ទី​ ៦៧ ដើម្បី​លុបចោល​គ្រាប់​បាល់​នាំមុខ​របស់​ភ្នំពេញ​ក្រោន​ដែល​រកបាន​ដោយ Mustafa Zazai នៅ​នាទី​ទី​ ២៣​។

ស្របពេល​ក្រុម​ណាហ្គាវើល​រកបាន​ត្រឹម​ ១ ​ពិន្ទុ​នេះ​គឺ​ក្រុម​វិសាខា​បាន​យក​ឈ្នះ​ក្រុម​ខេត្ត​កំពង់ចាម ២-០ ដើម្បី​ហក់​ពី​លេខ​ ៣ មកឈរ​នៅ​លេខ​ ២ មាន​ ៤៣ ​ពិន្ទុ ខណៈ​ក្រុម​ក្រសួង​ការពារជាតិ​បាន​យក​ឈ្នះ​ក្រុម​សូលទីឡូអង្គរ ២-០ ដើម្បី​មាន​ ៣២ ​ពិន្ទុ​ស្មើ​ក្រុម​ភ្នំពេញ​វិញ​។

យ៉ាងណា​ក៏ដោយ​ការប្តូរ​ពី​ការឈ្នះ ១៤-០ ក្នុង​ជើង​ទី​ ១ មក​ឈ្នះ​ត្រឹម ២-០ ក្នុង​ជើង​ទី​ ២ ​នេះ​ធ្វើឲ្យ​អ្នកចាត់ការ​ទូទៅ​ក្រុម​វិសាខា លោក ហុក សុចិត្ត្រា បាន​និយាយ​កោតសរសើរ​ដល់​ក្រុម​ខេត្ត​កំពង់ចាម​ថា​៖ «​ក្រុម​ខេត្ត​កំពង់ចាម​បាន​ព្យាយាម​កែសម្រួល​ស្ថានភាព​ពី​ជើង​ទី​ ១ មក​ជើង​ទី​ ២ ​នេះ​បាន​ល្អ​មែនទែន ព្រោះ​ពួកគាត់​មាន​ការយល់ដឹង​ច្រើន អាច​និយាយ​បាន​ថា​គាត់​មានការ​ផ្លាស់ប្តូរ​បាន​ច្រើន​សឹងតែ​អាច​ ១៨០ ​ដឺក្រេ​»៕

អត្ថបទគួរចាប់អារម្មណ៍