ភ្នំពេញ៖ ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​នៅ​មិន​ទាន់​​បញ្ចប់​មហិច្ឆតា​របស់​ខ្លួន​​នោះ​ទេ បើ​ទោះបី​ជា​ពួក​គេ​បាន​ឈ្នះ​ពាន​លីក​កំពូល​កម្ពុជា​ឆ្នាំ ​២០១៩ ដោយ​ស្វ័យ​ប្រវត្តិ​រួច​ហើយ​ក្តី ព្រោះ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង​មួយ​នេះ​ចង់​បន្ត​ឈ្នះ​ក្រុម​អាស៊ីអឺរ៉ុប ដើម្បី​អបអរ​ថ្ងៃ​លើក​ពាន​របស់​ពួក​គេ នា​យប់​ថ្ងៃ​អាទិត្យ​នេះ ហើយ​ណាហ្គាវើល និង​​វិសាខា​ក៏​ត្រូវ​វិល​មក​ជួប​គ្នា ដើម្បី​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ ​២ ផង​ដែរ។

ការ​បន្ត​យក​ឈ្នះ​ក្រុម​ក្រសួង​ការពារ​ជាតិ (ទ័ព) ៤-២ កាល​ពី​សប្តាហ៍​មុន ​ជួយ​ឲ្យ​​ស្វាយរៀង ឈ្នះ​ពាន​លីក​កំពូល​ដោយ​ស្វ័យ​ប្រវត្តិ ទោះ​សល់ ​២ ​ប្រកួត​ក្នុង​ដៃ​ទៀត ប៉ុន្តែ​យោង​តាម​ការ​ឯកភាព​ក្នុង​អង្គ​​ប្រជុំ​កន្លង​មក​នេះ គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​បាន​សម្រេច​យក​ជំនួប​​នឹង​ក្រុម​អាស៊ី​អឺរ៉ុបនា​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ ជា​ពេល​ដែល​ក្រុម​ស្វាយរៀង​ត្រូវ​​លើក​ពាន​។

លោក ជូ សារឿន គ្រូ​ជំនួយ​ក្រុម​ស្វាយរៀង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ល្ងាច​ម្សិលមិញ​ថា៖ ​«យើង​ពិត​ជា​ចង់​ឈ្នះ​​អាស៊ីអឺរ៉ុប ដើម្បី​រក្សា​កំណត់ត្រា​ដ៏​ល្អ​របស់​យើង ហើយ​ក៏​ដើម្បី​ធ្វើ​ឲ្យ​ពិធី​លើក​ពាន​របស់​យើង កាន់​តែ​មាន​អត្ថន័យ និង​ពោរពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ​ផង​ដែរ»។

ការ​ប្រកួត​ ​២៤ ​លើក​កន្លង​មក​​នេះ ក្រុម​ស្វាយរៀង​បាន​ឈ្នះ ​១៩ ស្មើ ​៥ និង​មាន ​៦២ ​ពិន្ទុ ដាច់​ឆ្ងាយ​ពី​ក្រុម​ផ្សេងៗ​ទៀត ហើយ​ពួក​គេ​ក៏​ធ្លាប់​បាន​យក​ឈ្នះ​ក្រុម​អាស៊ីអឺរ៉ុប ២-០ កាល​ពី​ជើង​ទី ​១ ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ ក្រុម​ស្វាយរៀង នៅ​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ​ថា ​តើ​ពួក​គេ ត្រូវ​ដាក់​កម្លាំង​ពេញ​ពេល​លេង​ជាមួយ​អាស៊ីអឺរ៉ុប ឬ​ក៏​ដាក់​យុវជន​​ឲ្យ​លេង​ភាគ​ច្រើន ដើម្បី​ទុក​កម្លាំង​ខ្លះ ត្រៀម​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ជាមួយ​ក្រុម​បឹងកេត នៅ​ថ្ងៃទី ​៦ ខែ​វិច្ឆិកា។

លោក សារឿន ​បង្ហើប​ថា៖ ​«យើង​មិន​ទាន់​សម្រេច​​​ថា នឹង​ដាក់​កម្លាំង​ឲ្យ​លេង​​ពេញ​ជាមួយ​​អាស៊ីអឺរ៉ុប ឬ​ដាក់​យុវជន​ឲ្យ​ចូល​លេង​​ច្រើន​នោះ​ទេ គឺ​វា​អាស្រ័យ​ទៅ​លើ​គ្រូ​បង្គោល​សម្រេច​​នៅ​មុន​ការ​ប្រកួត​ចាប់​ផ្តើម ព្រោះ​​យើង​នៅ​មាន​ការ​ប្រកួត​​ផ្តាច់​ព្រ័ត្រ​ពាន​សម្តេច ជាមួយ​ក្រុម​​បឹងកេត​ទៀត។ ប៉ុន្តែ​បើ​យើង​ដាក់​យុវជន​​ឲ្យ​លេង​ច្រើន ក៏​ពិបាក​យក​ឈ្នះ​អាស៊ី​អឺរ៉ុប​ដែរ»។

យ៉ាង​ណា​ក៏​ដោយ លោក Conor Nestor គ្រូ​បង្គោល​ក្រុម​ស្វាយរៀង ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រោយ​យក​ឈ្នះ​ក្រុម​ទ័ព​ថា៖ ​«យើង​មិន​ឈប់​ត្រឹម​ហ្នឹង​ទេ។ ការ​លេង​ជាមួយ​​ក្រុម​ទ័ព បាន​ជំរុញ​ឲ្យ​យើង​ប្រឹង​យ៉ាង​ខ្លាំង ហេតុនេះ​​យើង​សង្ឃឹម​ថា នឹង​អាច​បន្ត ហើយ​​យើង​នឹង​បង្ហាញ​ឲ្យ​ឃើញ​សម្រាប់​ការ​​ប្រកួត​បន្ទាប់​ទៀត»។

ដោយ​ឡែក​ការ​វិល​មក​ជួប​គ្នា​​រវាង​ក្រុម​វិសាខា និង​ណាហ្គាវើល ​វា​បាន​ក្លាយ​ជា​ការ​ប្រកួត​ដ៏​តានតឹង ដើម្បី​ដណ្តើម​យក​លេខ ​២។ បើ​ទោះ​បី​ជា​វិសាខា បាន​ឈ្នះ​ណាហ្គាវើល ៣-២ កាល​ជើង​ទី ​១ ប៉ុន្តែ​បើសិន​ជា​ពួក​គេ​ចាញ់​លើក​នេះ ​នឹង​ធ្លាក់​ចេញ​ពី​លេខ ​២ ​ភ្លាម ព្រោះ​ពេល​នេះ វិសាខា មាន ​៥៤ ពិន្ទុ ខណៈ​ណាហ្គា​វើល មាន ​៥១ ពិន្ទុ និង​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង។

ចំណែក​ក្រុម​មាន ​៤៦ ​ពិន្ទុ បឹងកេត ក៏​ត្រូវ​សងសឹក​​សូលទីឡូ​អង្គរ ចំពោះ​ការ​ចាញ់ ៥-៤ កាល​ជើង​ទី ​១ ផង​ដែរ ហើយ​ការ​ឈ្នះ ​៣ ពិន្ទុ​ ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ចំពោះ​បឹងកេត ក្នុង​ការ​រក្សា​ទីតាំង​លេខ ​៤ ​របស់​គេ​ពី​ការ​ប្រជែង​រក​ក្រុម​មាន ​៤៥ ​ពិន្ទុ អង្គរ​ថាយហ្គឺរ និង​ភ្នំពេញ​ក្រោន ដែល​មាន ​៤៤ ពិន្ទុ៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃសៅរ៍

-អង្គរ​ថាយហ្គឺរ v ភ្នំពេញ​ក្រោន កីឡដ្ឋាន​សៀមរាប ៣:៣០

-ទ័ព v អគ្គិសនី​កម្ពុជា កីឡដ្ឋាន​ស្តាតចាស់ ៦:០០

-វិសាខា v ណាហ្គាវើល កីឡដ្ឋាន​វិសាខា ៦:០០

៤ ប្រកួត​នៅ​ថ្ងៃ​អាទិត្យ

-យុវជន​បាទី.១៨ ឆ្នាំ v ប៉ូលិស សាលា​បាល់ទាត់​បាទី ៣:៣០

-ខេត្ត​កំពង់ចាម v គិរីវង់ កីឡដ្ឋាន​ស្តាតចាស់ ៣:៣០

-បឹងកេត v សូលទីឡូ​អង្គរ កីឡដ្ឋាន​ខេមបូឌា​អ៊ែរវ៉េ ៣:៣០

-ស្វាយរៀង v អាស៊ី​អឺរ៉ុប កីឡដ្ឋាន​ស្វាយរៀង ៦:៣០