The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្វាយរៀង ចាញ់​នៅ​ហ្វីលីពីន ប៉ុន្តែ ​៦ ក្រុម​បាន​ឈ្នះ​ក្នុង​ពាន ​ហ៊ុន សែន

ស្វាយរៀង ចាញ់​នៅ​ហ្វីលីពីន ប៉ុន្តែ ​៦ ក្រុម​បាន​ឈ្នះ​ក្នុង​ពាន ​ហ៊ុន សែន

Content image - Phnom Penh Post
Privat របស់ស្វាយរៀង អូស​បាល់​គេច​ពី​ក្រុម Ceres-Negros។សហការី

ស្វាយរៀង ចាញ់​នៅ​ហ្វីលីពីន ប៉ុន្តែ ​៦ ក្រុម​បាន​ឈ្នះ​ក្នុង​ពាន ​ហ៊ុន សែន

ភ្នំពេញ៖ ​ក្រុម​ម្ចាស់​ជើងឯក​លីក​កំពូល​កម្ពុជា ព្រះខ័នរាជ​ស្វាយរៀង​មិន​អាច​​ទប់ទល់​ជាមួយ​ជើង​​ខ្លាំង​នៅ​លីក​កំពូល​ហ្វីលីពីន Ceres-Negros FC បាន​នោះ​ទេ គឺ​ពួក​គេ​បាន​ចាញ់ ៤-០ នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​បើក​ឆាក​ប្រចាំ​ពូល​ ​G នៃ​ពាន​រង្វាន់ AFC Cup 2020។

តាមរយៈ​ការ​ប្រកួត​​នៅ​ពហុកីឡដ្ឋាន Rizal Memorial កាល​ពី​យប់​ថ្ងៃ​អង្គារ​នោះ ក្រុម​ស្វាយរៀង បាន​ព្យាយាម​​វាយ​លុក​ទៅ​លើ​​ម្ចាស់​ផ្ទះ Ceres-Negros ផង​ដែរ ប៉ុន្តែ​ពួក​គេ​មិន​អាច​រក​បាន​គ្រាប់​បាល់​ទៅ​តាម​មហិច្ឆតា​នោះ​ទេ គឺ​សូម្បី​តែ​​ឱកាស​មាស​ក្នុងការ​ទទួល​បាន​បាល់​ពិន័យ ​១១ ម៉ែត្រ ក៏​ពួក​គេ​ធ្វើ​មិន​បាន​​ដែរ ខណៈ​កីឡាករ Thaigo Santos ស៊ុត​មិន​បាន​សម្រេច​នៅ​នាទីទី ​២២ ​នោះ គឺ​ក្នុង​ចន្លោះ​ពេល​ដែល Bienvenid Maranon រក​បាន ​២ ​គ្រាប់ នៅ​នាទីទី ​៥៥ និងទី ​៧០ និង​គ្រាប់​បាល់​របស់​ខ្សែ​ប្រយុទ្ធ​ Takashi Odawara នៅ​នាទីទី ​១២ និង​​ខ្សែ​ការពារ​ពាក់​លេខ ​៣ Joshua Grommen នៅ​នាទីទី ​១៤។

ជាមួយ​គ្នា​នេះ ​លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ស្វាយរៀង ធ្លាក់​ទៅ​ឈរ​នៅ​កំពូល​តារាង​ប្រចាំ​ពូល ​G ​នេះ ជា​បណ្តោះអាសន្ន។ ចំណែក​ក្រុម​ឈរ​នៅ​ពូល​ជាមួយ​គ្នា គឺ Bali United របស់​ឥណ្ឌូនេស៊ី បាន​យក​ឈ្នះ​ក្រុម​លីក​កំពូល​វៀតណាម Than Quang Ninh ៤-១ ដើម្បី​ឈរ​នៅ​លេខ​ ២ ដោយ​មាន ​៣ ពិន្ទុ ​ស្មើ​ជាមួយ Ceres-Negros។

ដោយ​ឡែក​ក្រុម​ចំនួន ​៦ សុទ្ធ​តែ​​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​ថ្នាក់​ខេត្ត​ពាន​រង្វាន់​សម្តេច​ហ៊ុនសែន លើក​ទី ​១៤ ឆ្នាំ ​២០២០ កាល​ពី​ថ្ងៃ​អង្គារ និង​ថ្ងៃពុធ ដោយ​ក្នុង​នោះ​ក្រុម​ខេត្ត​កំពង់ឆ្នាំង បាន​ឈ្នះ​ក្រុម​ខេត្ត​បាត់ដំបង ៤-១ ដើម្បី​ឈរ​នៅ​លេខ ​១ ​ប្រចាំ​ពូល​ប្រចាំពូល​ ​A ស្រប​ពេល​ក្រុម​ខេត្ត​ពោធិ៍សាត់ បាន​យក​ឈ្នះក្រុម​ម្ចាស់​ផ្ទះ​ខេត្ត​បន្ទាយមានជ័យ ៣-២ ​ឈរ​នៅលេខ ​២ មាន ​៤ ពិន្ទុ​ដែរ។

ចំណែក​ក្រុម​​ខេត្ត​ត្បូងឃ្មុំ បាន​ត្រឹម​ស្មើ ០-០ ជា​មួយ​ខេត្ត​ព្រែវែង ប៉ុន្តែ​ពួក​គេ​នៅ​តែ​អាច​បន្ត​ឈរ​នៅ​លេខ ​១ ​ប្រចាំ​ពូល ​C ដោយ​មាន ​៤ ពិន្ទុ។ រីឯ​​ក្រុម​ខេត្ត​ព្រះវិហារ​បាន​ចាញ់​ក្រុម​ភ្ញៀវ ខេត្ត​សៀមរាប ២-១ ធ្វើ​​ខេត្ត​សៀមរាប​បន្ត​ឈរ​នៅ​កំពូល​តារាង​ប្រចាំ​ពូល B ដដែល​មាន​ ៦ ពិន្ទុ​ពេញ។

ផ្ទុយ​ពី​នេះ​​ខេត្ត​កំពង់ស្ពឺ​បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ខេត្ត​តាកែវ ២-១ ដើម្បី​ឈរ​នៅ​លេខ ​១ ​ពូល ​D មាន ​៤ ពិន្ទុ ខណៈ​ខេត្ត​កែប បាន​បន្ត​យក​ឈ្នះ​​ខេត្ត​កោះកុង ៤-២ ស្រប​ពេល​ក្រុម​ខេត្តកំពត បាន​ឈ្នះក្រុម​ខេត្ត​ព្រះសីហនុ ២-១៕

អត្ថបទគួរចាប់អារម្មណ៍