ភ្នំពេញ៖ ក្រុម​ព្រះខ័នរាជ​ស្វាយរៀង និង​អង្គរថាយហ្គឺរ សុទ្ធ​តែ​ដណ្តើម​បាន ៣ ពិន្ទុ​បន្ថែម សម្រាប់​ការ​ប្រកួត​នៅ​ក្រៅ​ទឹក​ដី កាល​ពី​ថ្ងៃ​ពុធ មុន​ពេល​លីគ​កំពូល​កម្ពុជា ត្រូវ​សម្រាក ១ សប្តាហ៍ ដើម្បី​ទុក​ពេល​ឱ្យ​ក្រុម​ទាំង​អស់​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​នៅ​ថ្ងៃទី ៩ និង​ទី ១០ ខែ​មេសា​នេះ។

យ៉ាងណា​ក៏​ដោយ ការ​ឈ្នះ​របស់​ក្រុម​ស្វាយរៀង ទៅ​លើ​ក្រុម​ម្ចាស់​ផ្ទះ អាស៊ី​អឺរ៉ុប គឺ​ទទួល​បាន​ដោយ​ភាព​តានតឹង និង​មាន​ផ្ទុះ​នូវ​ភាព​ចម្រូងចម្រាស​នៅ​ពេល​ក្រុម​ម្ចាស់ផ្ទះ អាស៊ី​អឺរ៉ុប បាន​នាំ​គ្នា​ដើរ​ចេញ​ពី​ទីលាន​នៅ​ក្នុង​តង់​ទី១ ដើម្បី​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ទៅ​លើ​ការ​កាត់​ក្តី​របស់​អាជ្ញាកណ្តាល នៅ​លើ​ទីលាន​នោះ។

វា​បាន​ក្លាយ​ជា​រឿង​ភ្ញាក់​ផ្អើល នៅ​ពេល​ខ្សែ​ប្រយុទ្ធ Gbenga អាច​ស៊ុត​ទម្លុះ​សំណាញ់​ទី ទៅ​លើ​ក្រុម​ខ្លាំង​ស្វាយរៀង​បាន​មុន ដើម្បី​ជួយ​ឱ្យ​អាស៊ី​អឺរ៉ុប នាំមុខ ១-០ នៅ​ត្រឹម​នាទី​ទី៧ នោះ។ ប៉ុន្តែ​ភាព​ក្តៅ​ក្រហាយ​ក៏​បាន​កើត​មាន​ឡើង​ចំពោះ​ក្រុម​ម្ចាស់​ផ្ទះ នៅ​ពេល​អាជ្ញាកណ្តាល​បាន​បណ្តេញ​ប្រធាន​ក្រុម ឡាយ រស្មី ដោយ​ការ​ពិន័យ​កាត​ក្រហម​នៅ​នាទី​ទី៣៧ នោះ។

ជុំវិញ​ការ​ពិន័យ​កាត​នេះ ត្រូវ​បាន​ក្រុម​អាស៊ី​អឺរ៉ុប​ចោទ​ថា ជា​ការ​ចាប់​កំហុស​ខុស​របស់​អាជ្ញាកណ្តាល​ទៅ​លើ ឡាយ រស្មី ព្រោះ​បាល់​ស៊ុត​ដោយ​ខ្សែ​ប្រយុទ្ធ Privat នោះ មិន​បាន​ប៉ះ​ដៃ​ទេ គឺ​ត្រូវ​ដើមទ្រូង ឡាយ រស្មី ប៉ុន្តែ​អាជ្ញាកណ្តាល​នៅ​តែ​ប្រកាន់​ជំហរ លើ​ការ​ពិន័យ​នេះ និង​បាន​ផ្តល់​បាល់ ១១ ម៉ែត្រ ឱ្យ​ក្រុម​ស្វាយរៀង ហើយ​ខ្សែ​ប្រយុទ្ធ Mika ស៊ុត ២ លើក ទើប​បាន​សម្រេច ខណៈ​ការ​ស៊ុត​មិន​ចូល​លើក​ទី១ អាជ្ញាកណ្តាល​មិន​រាប់​ជា​សាច់​ការ។

នៅ​ក្រោយ​ភាព​ចម្រូងចម្រាស​នេះ អាស៊ី​អឺរ៉ុប កាន់​តែ​មាន​ភាព​ពុះកញ្ជ្រោល​ក្នុង​ការ​លេង ហើយ​ពួក​គេ​ទទួល​បាន​បាល់​ពិន័យ ១១ ម៉ែត្រ​វិញ នៅ​នាទី​ទី៤៥+២ ហើយ Abee ជា​អ្នក​ធ្វើ​បាន​សម្រេច ប៉ុន្តែ ប្រាក់ មុន្នីឧត្តម បាន​ស៊ុត​បាល់​មិន​ទាន់​ធ្លាក់​ដល់​ដី​បញ្ចូល​ទី​យ៉ាង​ល្អ ដើម្បី​ជួយ​ឱ្យ ស្វាយរៀង តាម​ស្មើ ២-២ ជា លើក​ទី២ នៅ​នាទី​ទី៤៦។

ទោះ​យ៉ាងណា ក្រុម​នៅ​សល់​សមាជិក​ត្រឹម ១០ នាក់ នៅ​លើ​ទីលាន​អាស៊ី​អឺរ៉ុប នៅ​តែ​ធ្វើ​បាន​ល្អ ដោយ​ពួក​គេ​រក​បាន​គ្រាប់​បាល់​នាំ​មុខ​ជា​លើក​ទី៣ ដែល​ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់ Abee នៅ​នាទី​ទី៥៩ ប៉ុន្តែ​ការ​រក​បាន​ម្នាក់ ១ គ្រាប់​របស់​ខ្សែប្រយុទ្ធ Privat នៅ​នាទី​ទី៦៤ និង Mika នៅ​នាទី​ទី៦៥ បាន​ជួយ​ឱ្យ​ក្រុម​ស្វាយ​រៀង ទទួល​បាន​ជ័យជម្នះ ៤-៣ ទាំង​លំបាក បន្ថែម​ទៅ​លើ​ការ​ឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ៦-១ និង​ការ​ឈ្នះ​ក្រុម​ណាហ្គាវើល ៣-១ កន្លង​មក​នេះ។

ជាមួយ​គ្នា​នេះ កីឡាករ Iago Bento Fernandes បាន​ស៊ុត ១ គ្រាប់ នៅ​នាទី​ទី២១ ដើម្បី​ជួយ​ឱ្យ​ក្រុម​អង្គរថាយហ្គឺរ យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ នគរបាលជាតិ ១-០ នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា កាល​ពី​ថ្ងៃ​ពុធ​នោះ​ដែរ ហើយ​ការ​ទទួល​បាន ៣ ពិន្ទុ បន្ថែម​ទៅ​លើ​ការ​ឈ្នះ ២ និង​ស្មើ ១ កន្លង​មក​នេះ បាន​ជួយ​ឱ្យ​អង្គរថាយហ្គឺរ ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង ជា​បណ្តោះអាសន្ន​លើក​ទី២ ដោយ​មាន ១០ ពិន្ទុ លើ​ភ្នំពេញ​ក្រោន និង​ក្រុម​ស្វាយរៀង ដែល​មាន ៩ ពិន្ទុ​ពេញ​ដូចគ្នា។

ដោយ​ឡែក សម្រាប់​ការ​ប្រកួត​លី​គ​កំពូល​ប្រចាំ​សប្តាហ៍​ទី៦ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​នេះ ត្រូវ​បាន​លើក​ពេល​ជា​បណ្តោះអាសន្ន ដើម្បី​ឱ្យ​ក្រុម​ទាំង​អស់​បាន​ឈប់​សម្រាក និង​ចូលរួម​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ដែល​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា (CNCC) បាន​ទទួល​វ៉ាក់សាំង​នេះ ពី​ក្រសួង​សុខាភិបាល​តាម​ការ​ស្នើសុំ​សម្រាប់​ចាក់​ជូន​មន្ត្រី និង​កីឡាករ​នៃ​ក្លិប​បាល់ទាត់​អាជីព ចំណែក​ការ​ចាក់​វ៉ាក់សាំង​នេះ នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃទី ៩ និង​ទី ១០ ខែ​មេសា​នេះ។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​មន្ត្រី CNCC៕