ភ្នំពេញៈ ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង និង​បឹងកេត ​បាន​បង្ហាញ​ពី​ទំនុក​ចិត្ត​ខ្ពស់​រៀងៗ​ខ្លួន​ថា ពួក​គេ​នៅ​តែ​មាន​ប្រៀប​ទៅ​លើ​​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប គឺ​អង្គរ​ថាយហ្គឺរ និង​សូលទីឡូ​អង្គរ សម្រាប់​ការ​វិល​មក​ជួប​គ្នា ក្នុង​ការ​ប្រកួត​កាត់​សេចក្តី​ជើង​ទី​២ វគ្គ ​៨ ​ក្រុម ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១៣ ឆ្នាំ ​២០១៩ នៅ​ថ្ងៃ​ពុធ​នេះ។

សម្រាប់​ការ​ប្រកួត​ជើងទី​១ កាល​ពី​ថ្ងៃទី ​១៤ ខែ សីហា កន្លង​មក​នេះ ក្រុម​បឹងកេត បាន​យក​ឈ្នះ​ក្រុម​សូលទីឡូ​អង្គរ ២-០ នៅ​លើ​ទឹក​ដី​ខ្លួន​ឯង ហើយ​ការ​ធ្វើ​ដំណើរ​ដោយ​ការ​ជិះ​យន្តហោះ​ទៅ​ជួប​ សូលទីឡូអង្គរ នៅកីឡដ្ឋាន​ខេត្ត​សៀមរាប នា​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​ពុធ​នេះ លោក ហៅ សុជាតិ ក៏​មាន​ការ​បារម្ភ​​ទៅ​លើ​ទីលាន​ផង​ដែរ ប៉ុន្តែ​លោក​នៅ​តែ​មាន​ការ​ជឿជាក់​ថា ​បឹងកេត នឹង​ទទួល​បាន​ជ័យ​ជម្នះ។

លោក ហៅ សុជាតិ គ្រូ​បង្វឹក​ក្រុម​បឹងកេត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​អង្គារ​ថា៖ ​«បើ​ទោះ​បី​ជា​យើង បាន​នាំ​មុខ​គេ ២-០ នៅ​ជើង​ទី​១ ប៉ុន្តែ​យើង​នៅ​មិន​ទាន់​អាច​ប្រហែស​បាន​ទេ គឺ​យើង​ត្រូវ​តែ​ប្រុងប្រយ័ត្ន ដោយសារ​យើង​នៅ​សល់ ​៩០ ​នាទី​ទៀត អ៊ីចឹង​យើង​​ត្រូវ​រៀបចំ ធ្វើ​ម៉េច​ឲ្យ​បាន​ល្អជាង​ជើង​ទី​១»។

លោក​បាន​បន្ថែម​ថា៖ ​«យើង​មិន​បារម្ភ​ទៅ​លើ​កម្រិត​លេង​របស់​ក្រុម​គេ​នោះ​ទេ ប៉ុន្តែ​បញ្ហា​ដែល​សំខាន់ គឺ​ទីលាន ព្រោះ​យើង​ធ្លាប់​បាន​​ចាញ់​ក្រុម​សូលទីឡូអង្គរ ៥-៤ ក្នុង​លីក​កំពូល នៅ​ទីលាន​​នេះ អ៊ីចឹង​យើង​មិន​អាច​មើល​ស្រាល​គេ​បាន​នោះ​ទេ។ ម្យ៉ាង​ទៀត​ការ​ចាញ់​​ក្រុម​ស្វាយរៀង ២-១ ក្នុង​លីក​កំពូល​កម្ពុជា កាល​ពី​ថ្ងៃ​សៅរ៍ ក៏​​ធ្វើ​ឲ្យ​កីឡាករ​របស់​យើង​មួយ​ចំនួន មាន​អារម្មណ៍​មិន​ទាន់​ល្អ​ផង​ដែរ តែ​ទោះបីជា​យ៉ាង​ណា យើង​នៅ​តែ​មាន​សង្ឃឹម​ច្រើន ក្នុង​ការ​ទទួល​បាន​ជ័យ​ជម្នះ»។

យ៉ាង​ណា​ក៏​ដោយ លោក ជា ម៉េងលី អ្នក​ចាត់​ការ​ទូទៅ​ក្រុម​សូលទីឡូអង្គរ នៅ​តែ​មាន​ការ​ជឿជាក់​ថា ក្រុម​របស់​លោក​អាច​វាយ​បក​យក​ឈ្នះ​ក្រុម​បឹងកេត វិញ។

លោក​បាន​និយាយ​ថា៖ ​«ការ​ចាញ់​កាល​ជើងទី​១ ដោយសារ​យើង​ខ្វះ​កម្លាំង​លេង ព្រោះ​កីឡាករ​របស់​យើង មាន​របួស​ច្រើន ប៉ុន្តែ​ពេល​នេះ​ពួក​គេ​បាន​ជា​សះស្បើយ​​អស់​ហើយ ហើយ​នេះ​ជា​ការ​ប្រកួត​នៅ​លើ​ទឹកដី​របស់​យើង​ទៀត អ៊ីចឹង​យើង​រាង​មាន​សង្ឃឹម​ច្រើន​ដែរ។ ម្យ៉ាង​ទៀត យើង​ក៏​ធ្លាប់​ឈ្នះ​បឹងកេត នៅ​លើ​ទឹកដី​​យើង​ដែរ ហេតុ​នេះ​យើង​សង្ឃឹម​ថា យើង​នឹង​បន្ត​ធ្វើ​បាន​ល្អ​ទៀត»។

ដោយ​ឡែក​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប អង្គរ​ថាយហ្គឺរ ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ដើម្បី​​ប្រកួត​កាត់​សេចក្តី​ជាមួយ​​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង នៅ​ល្ងាច​ម៉ោង ​៦ ថ្ងៃ​ពុធ​នេះ​ដែរ ខណៈ​ការ​ប្រកួត​ជើងទី​១ អង្គរ​ថាយហ្គឺរ បាន​ចាញ់​ក្រុម​ភ្ញៀវ ព្រះខ័នរាជ​ស្វាយរៀង ក្នុង​លទ្ធផល ២-០។

ទាក់ទង​ទៅ​នឹង​ការ​ប្រកួត​នេះ លោក ជូ សារឿន គ្រូ​បង្វឹក​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង បាន​ប្រាប់​កាល​ពី​ម្សិលមិញ​ថា៖ ​«ដោយសារ​យើង​បាន​ឈ្នះ​ ២-០ នៅ​ជើងទី​១ អ៊ីចឹង​ការ​ប្រកួត​នេះ យើង​មិន​សូវ​ជា​មាន​ការ​បារម្ភ​អ្វី​ទេ ព្រោះ​គុណភាព​កីឡាករ​របស់​យើង​មាន​តែម​លើ​គេ ហើយ​ការ​ប្រកួត​នេះ​ក៏​ធ្វើ​នៅ​លើ​ទឹក​ដី​របស់​យើង​ដែរ ហេតុ​នេះយើ​ង​មិន​ចាំបាច់​លេង​បែប​ទប់​នោះ​ទេ គឺ​លេង​ទៅ​តាម​ធម្មតា ព្រោះ​​ត្រឹម​លទ្ធផល​ស្មើ ក៏​យើង​បាន​ឡើង​ទៅ​វគ្គ​បន្ត​ដែរ»៕