ភ្នំពេញ៖ ​ក្រុម​ម្ចាស់​ជើងឯក​លីក​កំពូល​កម្ពុជា ព្រះខ័នរាជ​ស្វាយរៀង និង​ក្រុម​លេខ ​២ ​លីក កំពូល​ឡាវ Master 7 សុទ្ធ​តែ​បាន​បង្ហាញ​ពី​ទំនុក​ចិត្ត​ខ្ពស់ ក្នុង​ការ​ទទួល​បាន​ជ័យជម្នះ​​​​រៀងៗ​ខ្លួន នៅ​ពេល​ក្រុម​ទាំង ​២ ត្រូវ​ប្រកួត​ជម្រុះ​វគ្គ Play-off ក្នុង​ពាន​ AFC Cup 2020 នៅ​ពហុកីឡដ្ឋាន​ជាតិ​ល្ងាច​ម៉ោង ​៦ ថ្ងៃ​ពុធ​នេះ។

សម្រាប់​ការ​ប្រកួត​ជើងទី ​១ នៅ​លើ​ទឹក​ដី​ខ្លួន​ឯង​នេះ លោក Conor Nestor គ្រូ​បង្វឹក​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​បាន​អះអាង នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ក្រុម​របស់​លោក​បាន​ព្យាយាម​ខ្លាំង​សម្រាប់​ត្រៀម​ការ​ប្រកួត​នេះ ហើយ​ពួក​គេ​នឹង​ព្យាយាម​ដណ្តើម​ឲ្យ​បាន​នៅ​ជ័យជម្នះ ដើម្បី​ជា​មោទនភាព​សម្រាប់​អ្នក​គាំទ្រ និង​ប្រជាជន​កម្ពុជា។

លោក Conor Nestor បាន​ថ្លែង​ថា៖​ «យើង​បាន​ព្យាយាម​ហ្វឹកហាត់​ខ្លាំង​សម្រាប់​ត្រៀម​ការ​ប្រកួត​នេះ ហើយ​ពួក​យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា និង​អ្នក​គាំទ្រ​ទទួល​បាន​មោទនភាព​តាមរយៈ​ការ​ប្រកួត​នេះ ព្រោះ​យើង​ពិត​ជា​ចង់​ឈ្នះ អ៊ីចឹង​គ្រប់​ការ​រៀបចំ​ទាំង​អស់ គឺ​កីឡាករ​របស់​យើង​បាន​បង្ហាញ​ពី​ឆន្ទៈ ក្នុង​ការ​ចង់​ឈ្នះ​ដូច​គ្នា»។

លោក​បាន​បន្ថែម​ថា៖ ​«យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព ដើម្បី​ស្វែងរក​ជ័យជម្នះ ប៉ុន្តែ​បើ​សិន​ជា​មិនមាន​​​លទ្ធផល​​ល្អណា មួយ ​បាន​កើត​ឡើង​ទេ​នោះ វា​ជា​កំហុស​របស់​ខ្ញុំ​ដែល​ជា​គ្រូ​បង្វឹក។ ទោះបី​ជា​យ៉ាង​ណា ​ខ្ញុំ​ជឿជាក់​ទៅ​លើ​កីឡាករ​របស់​ខ្ញុំ ព្រោះ​ពួក​គាត់​តែង​តែ​បាន​ធ្វើ​ទៅ​តាម​អ្វី​ដែល​ខ្ញុំ​បាន​រៀបចំ ហើយ​​សម្រាប់​ការ​ត្រៀម​ការ​ប្រកួត​នេះ គឺ​ទាំង​តំបន់​ការពារ បម្រើ និង​ប្រយុទ្ធ យើង​បាន​រៀបចំ​ល្អ​អស់​ហើយ អ៊ីចឹង​យើង​ត្រូវ​ព្យាយាម​រក​លទ្ធផល​ឲ្យ​បាន​ល្អ»។

ការ​ដណ្តើម​រក​ជ័យជម្នះ​​របស់​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង ទៅ​លើ​ក្រុម​ Master 7 វា​ពិត​ជា​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន ចំពោះ​ក្រុម​ស្វាយរៀង សម្រាប់​ការ​ប្រកួត​នៅ​លើ​ទឹក​ដី​ខ្លួន​ឯង​នេះ ព្រោះ​លទ្ធផល​ស្មើ ឬ​ចាញ់ វា​នឹង​ធ្វើ​ឲ្យ​ក្រុម​តំណាង​ឲ្យ​កម្ពុជា​មួយ​នេះ កាន់​តែ​ជួប​ការ​លំបាក​ក្នុង​ការ​ប្រកួត​កាត់​សេចក្តី​ជើង​ទី ​២ ដើម្បី​ស្វែងរក​ក្រុម​ឈ្នះ ឡើង​ទៅ​ប្រកួត​វគ្គ​បន្ត ព្រោះ​ការ​ប្រកួត​នៅ​ថ្ងៃទី ​២៩ ខែ​មករា នោះ​ គឺ​​​ត្រូវ​ធ្វើ​នៅ​ទឹក​ដី​ប្រទេស ​ឡាវ ​វិញ​ម្តង។

ចំណែក​ប្រធាន​ក្រុម សឿយ វិសាល ​ក៏​បាន​ប្តេជ្ញា​ចិត្ត​​ស្វែង​រក​ជ័យជម្នះ​ជូន​ក្រុម​ស្វាយរៀង​ដែរ។ វិសាល បាន​និយាយ​ថា៖ ​«​ការ​ជួប​ក្រុម Master 7 នៅ​ថ្ងៃ​ពុធ ជា​ការ​ប្រកួត​មួយ​ដ៏​ល្អ ហើយ​យើង​បាន​ប្តេជ្ញា​ចិត្ត​ថា ត្រូវ​ព្យាយាម​រក​ឲ្យ​បាន​លទ្ធផល​វិជ្ជមាន​មួយ​ជូន​ដល់​ក្រុម និង​ប្រទេស​របស់​យើង គឺ​​យើង​ត្រូវ​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធផល ដើម្បី​បង្ហាញ​ឲ្យ​អ្នក​គាំទ្រ​មើល​ឃើញ​ថា តើ​ការ​ប្រកួត​នេះ វា​មាន​ភាព​អស្ចារ្យ​បែប​ណា?»។

យ៉ាង​ណា​ក៏​ដោយ​លោក Catalin Mihai Dina គ្រូ​បង្វឹក​ក្រុម Master 7 ក៏​មាន​ការ​ជឿជាក់​ខ្លាំង​ក្នុង​ការ​យក​ឈ្នះ​ក្រុម​ស្វាយរៀង​ដូច​គ្នា។ លោក​បាន​និយាយ​ថា៖ ​«វា​ជា​ប្រវត្តិសាស្រ្ត​មួយ​ដែល​ក្លិប Master 7 ​បាន​ចូលរួម​ក្នុង​វគ្គ​ជម្រុះ​ពាន AFC Cup នេះ អ៊ីចឹង​ហើយ​ពួក​យើង​បាន​ព្យាយាម​ហ្វឹកហាត់​យ៉ាង​ខ្លាំង និង​​រៀបចំ​បាន​យ៉ាង​ល្អ។ បើទោះ​បី​ជា​យើង​ដឹង​ថា នៅ​ថ្ងៃ​ស្អែក យើង​បាន​ជួប​ក្រុម​មួយ​ដ៏​ខ្លាំង ​របស់​​លីក​កំពូល​កម្ពុជា ប៉ុន្តែ​ពួក​យើង​នឹង​ព្យាយាម​រក​ឲ្យ​បាន​លទ្ធផល​ល្អ​ ដើម្បី​ប្រទេស​ជាតិ និង​ក្លិប Master 7 ផ្ទាល់»។

នៅ​ពេល​សួរ​ពី​លទ្ធផល​ប្រកួត​ដក​ស្រង់​បច្ចេកទេស​ត្រៀម​រដូវកាល​ថ្មី ដែល​ក្រុម​ស្វាយរៀង​បាន​ឈ្នះ​គ្រប់​ការ​ប្រកួត​ក្នុង​ការ​បោះ​ជំរំ​ហ្វឹកហាត់​នៅ​ម៉ាឡេស៊ី ខុស​ពី​ក្រុម Master 7 ទទួល​បាន​លទ្ធផល​មិន​ល្អ​ នៅ​ប្រទេស ​ថៃ ​នោះ លោក Catalin Mihai Dina បាន​ឆ្លើយ​តប​ថា៖ ​«លទ្ធផល​ទាំង​នោះ វា​គ្រាន់​តែ​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​រដូវកាល​ថ្មី អ៊ីចឹង​អ្វី​ដែល​​យើង​​បាន​ធ្វើ​វា​គ្រាន់​តែ​ជា​ការ​ចង់​ដឹង​ពី​ចំណុច ខ្សោយ និង​ចំណុច​ខ្លាំង​របស់​ក្រុម​យើង ប៉ុន្តែ​ការ​ប្រកួត​លើក​នេះ គឺ​វា​ផ្សេង​ពី​គ្នា ហេតុ​នេះ​យើង​នឹង​ខំ​ប្រឹង​ស្វែងរក​ឲ្យ​បាន​លទ្ធផល​ល្អ ដើម្បី​ដឹក​នាំ​ក្រុម​យើង​ឆ្លង​ទៅ​វគ្គ​បន្ត»៕