ភ្នំពេញៈ ក្រុមព្រះខ័នរាជស្វាយរៀង បានកើនភាគរយកាន់តែខ្ពស់ ក្នុងការឆ្ពោះទៅរកការឈ្នះពានលីកកំពូលកម្ពុជា ឆ្នាំ ២០១៩ នេះ បន្ទាប់ពីពួកគេរកបាន ៣ ពិន្ទុបន្ថែម ស្របពេលគូប្រជែងរបស់ខ្លួន គឺ វិសាខា បានត្រឹមចែកគ្នាម្នាក់ ១ ពិន្ទុ ជាមួយក្រុមបឹងកេតនោះ ប៉ុន្តែក្រុមភ្នំពេញក្រោន និងក្រសួងការពារជាតិ សុទ្ធតែរកបាន ៣ ពិន្ទុបន្ថែម ហើយខ្សែប្រយុទ្ធ Bata ក៏បានតាមទាន់កំណត់ត្រារកគ្រាប់ បាល់ចំនួន ២៤ គ្រាប់ របស់ Privat វិញផងដែរ។
សម្រាប់ការប្រកួតលីកកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី២០ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ កន្លងមកនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានបន្តយកឈ្នះក្រុមខេត្តកំពង់ចាម ៥-០។ បើទោះបីជាលទ្ធផលលើកនេះ វាមិនបានល្អប្រសើរ ដូចការប្រកួតជើងទី១ ដែលពួកគេ បានឈ្នះខេត្តកំពង់ចាម ១៣-០ ប៉ុន្តែការឈ្នះ ៣ ពិន្ទុលើក នេះ វាពិតជាមានន័យចំពោះពួកគេ ខណៈដៃគូប្រជែង វិសាខា បានត្រឹមស្មើ ១-១ ជាមួយក្រុម បឹងកេត នោះ។
លោក ជូ សារឿន គ្រូជំនួយក្រុមព្រះខ័នរាជស្វាយរៀង បានប្រាប់កាលពីម្សិលមិញថា៖ «ការឈ្នះបាន ៣ ពិន្ទុលើកនេះ វាជារឿងល្អមួយសម្រាប់យើង ហើយការស្មើគ្នារវាងក្រុមវិសាខា និងបឹងកេត វាបានបន្ថែមឱកាសមួយកម្រិតទៀតសម្រាប់ពួកយើង ព្រោះវាបានធ្វើឲ្យយើង កាន់តែមានពិន្ទុ ដាច់ឆ្ងាយពីក្រុមឈរនៅលេខ ២ និងលេខ ៣»។
តាមរយៈការឈ្នះបាន ៣ ពិន្ទុនេះ បានជួយឲ្យស្វាយរៀង បន្ត ឈរនៅលេខ ១ ដោយមាន ៥២ ពិន្ទុ ដាច់ឆ្ងាយពីក្រុមលេខ ២ រហូតដល់ ៨ ពិន្ទុឯណោះ ព្រោះការវាយបកតាមស្មើរបស់ខ្សែប្រយុទ្ធ Da Crus នៅនាទីទី៤៥ ដើម្បីលុបចោលគ្រាប់បាល់នាំមុខរបស់ខ្សែប្រយុទ្ធបឹងកេត Oiboh Julius នៅនាទីទី ២៦ នោះ បានធ្វើឲ្យក្រុមវិសាខា ធ្លាក់ចេញពីលេខ ២ មកឈរនៅលេខ ៣ មាន ៤០ ពិន្ទុ។
ជាមួយគ្នានេះ ណាហ្គាវើល បានបន្តយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៦-១ ដើម្បីឡើងមកឈរនៅលេខ ២ វិញ ដោយមាន ៤០ ពិន្ទុ ខណៈបឹងកេត បន្តឈរនៅលេខ ៤ ដដែល មាន ៤១ ពិន្ទុ ព្រោះក្រុមដែលមានលទ្ធភាពដណ្តើមយកទីតាំងនេះ គឺអង្គរថាយហ្គឺរ បានត្រឹមស្មើ ១-១ ជាមួយក្រុមអាស៊ីអឺរ៉ុប ធ្វើឲ្យពួកគេមានត្រឹម ៣៩ ពិន្ទុ តិចជាងបឹងកេត ២ ពិន្ទុដដែល។
យ៉ាងណាក៏ដោយ នៅពេលសួរពីភាគរយ ក្នុងការឆ្ពោះទៅរកការលើកពាន លោក ជូ សារឿន បានឆ្លើយតបថា៖ «យើងនៅមិនទាន់អាចនិយាយបានទេ ព្រោះយើងនៅប៉ះសុទ្ធតែក្រុមខ្លាំង មានបឹងកេត វិសាខា ណាហ្គាវើល និងក្រសួងការពារជាតិ គឺយើងនៅមានឧសគ្គសច្រើនទៀត អ៊ីចឹងយើងមិនទាន់ហ៊ានសន្មតពីជោគវាសនា ក្នុងការឆ្ពោះទៅរកការលើកពាននៅឡើយទេ គ្រាន់តែពេលនេះយើងមានភាគរយច្រើនជាងគេ ហើយបើយើងធ្វើបានល្អ ២ ឬ៣ ប្រកួតទៀត ទើបយើងអាចកំណត់បានពីការឈ្នះពាន»។
ចំណែកភ្នំពេញក្រោន បានបន្តឈ្នះក្រុមម្ចាស់ផ្ទះ ប៉ូលិស ៣-២ ដើម្បីបន្តឈរនៅលេខ ៦ មាន ៣៥ ពិន្ទុ ហើយជាមួយគ្នានេះខ្សែប្រយុទ្ធ Bata ដែលរកបាន ១ គ្រាប់ ឲ្យ ភ្នំពេញក្រោន បានតាមទាន់កំណត់ត្រា ការរកបាន ២៤ គ្រាប់របស់ខ្សែប្រយុទ្ធឆ្នើម Privat របស់ក្រុមស្វាយរៀង។ រីឯក្រុមក្រសួងការពារជាតិ បានបន្តយកឈ្នះក្រុមសាលាកីឡាបាល់ទាត់ជាតិបាទី ៤-១ ដើម្បីបន្តឈរនៅលេខ ៧ មាន ៣៥ ពិន្ទុដែរ។
ជាមួយគ្នានេះ ក្រុមគិរីវង់សុខសែនជ័យ បានកែប្រែលទ្ធផលពីការចាញ់ ១-០ កាលពីជើងទី១ មកស្មើគ្នា ០-០ ជាមួយក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរ ក្នុងជើងទី២នេះ ហើយលទ្ធផលនេះ ធ្វើឲ្យក្រុមគិរីវង់ ឈរនៅលេខ ១០ មាន ២២ ពិន្ទុ តិចជាង សូលទីឡូអង្គរ ដែលមាន ២៣ ពិន្ទុ ខណៈអាស៊ីអឺរ៉ុប ឈរលេខ ៨ មាន ២៤ ពិន្ទុ៕