ភ្នំពេញ៖ នៅ​សប្តាហ៍​នេះ ​អ្នក​ប្រដាល់​គុន​ខ្មែរ​ចំនួន​ ៤ ​នាក់​នៃ​ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement ​របស់​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ ​នា​ល្ងាច​ថ្ងៃ​សៅរ៍​ទី​ ២៥​ ខែ​ឧសភា ​ឆ្នាំ​ ២០១៩​នឹង​ត្រូវ​ប្រកួត​ជម្រុះ​ក្នុង​ចំណោម​ ៤ ​នាក់​យក​អ្នក​ឈ្នះ ​បន្ត​ចំនួន​ ២ ​នាក់​ទៅ​ជុំ​ទី​ ៣ ​ដែល​មាន​អ្នក​រង់​ចាំ​ចំនួន​ ៦ ​នាក់​បាន​កក់​កៅអី​រួច​ហើយ។

បេក្ខភាព​ប្រកួត​ប្រជែង​នេះ​គឺ​តម្រូវ​ទៅ​លើ​កីឡាករ​ជើង​ថ្មីៗ​ ដូច​គ្នា​ សេក ​សារ៉ាន់ ​មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្ត​សៀម​រាប​ ប្រ​ជែង​ជា​មួយ​កីឡាករ ​លី​ តក់​ មក​ពី​ក្លិប​តាព្រហ្ម​មាន​ជ័យ​និង​កីឡាករ​ ​គិន ​ខ្លឹម​​ មក​ពី​ក្លិប​កង​ទ័ព​ឆ័ត្រ​យោង ​៩១១ ​ប៉ះ​ប្រ​កួត​ជា​មួយ​ លីន ​សេង​ហុង ​មក​ពី​ក្លិប​បុរី​រាជ​សីហ៍ ​គឺ​ដាច់​ខាត​ត្រូវ​តែ​មាន​អ្នក​ឈ្នះ​មិន​អាច​ស្មើ​បាន​ចំនួន​ ២ ​នាក់​ទៅ​វគ្គ​បន្ត​ជុំ​ទី ​៣ ​ដែល​មាន​​បេក្ខ​ភាព​ចំនួន​ ៨ ​នាក់​។​

អ្នក​ប្រ​ដាល់​ដែល​បាន​ឡើង​ទៅ​រង់​​ចាំ​រួច ​ជា​ស្រេច​ ចំនួន ​៦​ ​នាក់​នោះ​មាន​​ ទី ​១ ​កីឡាករ ​ចាន់​សាន់​ មក​ពី​តាព្រហ្ម​មាន​ជ័យ ​ទី​២​កីឡាករ ​ឡុង ​ណង​សៅ​ មក​ពី​ក្លិប​សាលវ័ន្ត​កីឡា​ ទី​៣​កីឡាករ ផាន់​ សុផាត ​មក​ពី​ក្លិប​សេរី​វង្ស ​ទី​៤​កីឡាករ ​សូត្រ ​វាសនា​ មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​ ទី​៥​កីឡាករ​ខេម ​ចាន់​ មក​ពី​ក្លិប​ទ័ព​ឆ័ត្រ​យោង​៩១១​ និង​ទី​៦​កីឡាករ​ ជី​ ឆៃ​លី​ មក​ពី​ក្រ​សួង​ការ​ពារ​ជាតិ​។​

នៅ​សប្តាហ៍​នេះ​ រវាង​កីឡាករ ២ ​គូ ​​​​មាន ​សេក ​សារ៉ាន់ ​និង ​លី តក់​ នោះ​ត្រូវ​បាន​គេ​ទស្សន៍​ទាយ​ក្រៅ​ផ្លូវ​ការ​ថា ​លី​តក់ ​មាន​ប្រៀប​ខ្ពស់​ជា​ង​​ក្នុង​ការ​ឈ្នះ​បាន​ឡើង​ទៅ​វគ្គ​ទី​ ៣ ​ហើយ​មួយ​គូ​ទៀត​​​រវាង​កីឡាករ ​គិន ​ខ្លឹម​ និង ​លី ​សេង​ហុង ​មាន​សមត្ថភាព​ប្រ​ហាក់​ប្រ​ហែល​គ្នាធ្វើ​ឲ្យ​គេ​​លំបាក​ទស្សន៍​ទាយ​ថា មួយ​ណា​មាន​ប្រៀប​ជាង​មួយ​ណា​​។​​

នៅ​ក្នុង​ការ​ប្រ​កួត​ជម្រុះ​រាល់​សប្តាហ៍​នេះ​ ពួក​អ្នក​ប្រ​ដាល់​ក្នុងព្រឹត្តិ​ការណ៍​ TV5 Boxing Knock-Out Serie by K-Cement ​របស់​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ ​គឺ​ប្រ​កួត​ចំនួន​តែ​ ៣ ​ទឹក​ប៉ុណ្ណោះ​ដោយ​មិន​អាច​មាន​ពេល​វេលា​ស្ទាប​ស្ទង់​សមត្ថភាព​ដៃ​គូ​ទេ​ គឺ​​ចូល​វាយ​សម្រុក​តែ​ម្តង​។​

លោក ​សេង ​កដិកា ​នាយក​គ្រប់​គ្រង​កម្ម​វិធី​ប្រ​កួត​អះអាង​ថា​៖​«ការ​រៀប​ចំ​ប្រ​កួត​តែ​៣​ទឹក​គឺ​មាន​ភាព​ជក់​ចិត្ត​ជាង​ប្រ​កួត​ចំនួន​៥ទឹក និង​ពេញ​​និយម​របស់​អ្នក​ទស្សនា​ផង​ដែរ​ដោយ​កីឡាករ​មិន​ចាំ​បាច់​ស្ទាបស្ទង់​សមត្ថភាព​គ្នា​គឺ​ចូល​វា​សម្រុក​ខ្លាំង​តែ​ម្តង​»៕​