ឡុងដ៍៖ ​ជើងឯក​ក្របខ័ណ្ឌ Premier League អង់គ្លេស​ក្រុម Liverpool កាល​ពី​ថ្ងៃ​ចន្ទ ​បាន​ម្រេច​ចុះ​ហត្ថលេខា​យក​ខ្សែ​ការពារ​សញ្ជាតិ​ក្រិក Kostas Tsimikas (Kostas) ពី​ក្រុម Olympiakos ក្នុង​តម្លៃ​ដែល​​រាយការណ៍​​ឲ្យ​ដឹង ១១,៧ ​លាន​ផោន ($​១៥ លាន​)។

កីឡាករ​ Tsimikas ​យល់ព្រម​​ចុះ​កុងត្រា​ជាមួយ​ Liverpool ៥ ​ឆ្នាំ ហើយ​ត្រូវ​បាន​រំពឹង​ថា ​ត្រៀម​សម្រាប់​ផ្ដល់​ការ​គាំទ្រ​ដល់​ខ្សែ​ការពារ​ឆ្វេង​ជម្រើស​ដំបូង​​ Andy Robertson នៅ​ទឹក​ដី Anfield ខណៈ​ការ​ផ្ទេរ​កីឡាករ​វ័យ ២៤ ​ឆ្នាំ​នេះ កើត​ឡើង​ ក្រោយ​គ្រូ​បង្វឹក​របស់​ក្រុម​ លោក Jurgen Klopp សម្រេច​មិន​ចំណាយ​តាម​ការ​ទាមទារ​របស់​ក្រុម​រួម​លីក Norwich City សម្រាប់​តម្លៃ​ខ្លួន​ខ្សែ​ការពារ Jamal Lewis​។

ក្រោយ​ក្លាយ​ជា​សមាជិក​ថ្មី​ដំបូង​គេ​របស់​ក្រុម​យក្ស​នៅ​អង់គ្លេស​នេះ Tsimikas ​ប្រាប់​វេបសាយ​​របស់​ក្លិប​ថា​៖ «​ខ្ញុំ​សប្បាយ​ចិត្ត​ និង​មាន​មោទនភាព​មែន​ទែន ដែល​បាន​មក​កាន់​ទីនេះ​។ សម្រាប់​ខ្ញុំ នេះ​គឺ​ក្លិប​ដ៏​ធំ​បំផុត​ក្នុង​លោក​។ ខ្ញុំ​ចូលចិត្ត​លីក​នេះ​ខ្លាំង​ណាស់​។ ខ្ញុំ​បាន​មើល​ការ​ប្រកួត​របស់​លីក​តាម​ទូរទស្សន៍ ហើយ​​តែងតែ​មាន​​សុបិន​ជានិច្ច តាំង​ពី​​ក្មេង​ចង់​មក​លេង​នៅ​លីក​កំពូល​នេះ​»​។

Tsimikas ដែល​បាន​បង្ហាញ​វត្តមាន​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ក្រិក ៣ ​ដង​ដែរ​នោះ បាន​បន្ថែម​ថា​៖ «​ខ្ញុំ​ចង់​រួម​ចំណែក​សម្រេច​គោលដៅ​របស់​ក្លិប​។ ចង់​ឈ្នះ​ពាន​លីក​ម្ដង​ទៀត ហើយ​​​ក៏​ឈ្នះ​ពាន​ Champions League ផង​ដែរ​»​។​

តាំង​ពី​ឆ្នាំ​ ២០១៥ មក ក្នុង​នាម​ជា​អ្នក​លេង​របស់​ក្រុម Olympiakos កីឡាករ Tsimikas ​បង្ហាញ​ខ្លួន​លើ​បាន ៨៦ ​លើក នៅ​គ្រប់​ការ​ប្រកួត​ក្នុង​នោះ​​​ធ្លាប់​​ចំណាយ​ពេល​ផង​ដែរ​ជាមួយ​ក្រុម​នៅ​ដាណឺម៉ាក Esbjerg និង​ក្រុម​​ Willem II របស់​ហូឡង់​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។ រដូវ​កាល​ដែល​​បញ្ចប់​ទៅ​ថ្មី​ៗ​នេះ គេ​​ចូល​លេង​បាន ២៧ ​ប្រកួត សម្រាប់​លីក​កំពូល ហើយ​​ឈ្នះ​ពាន​ធំ​ជា​លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្លួន​ពេល​ក្រុម​​​ Olympiakos ក្លាយ​ជាជើង​ឯក​ក្របខ័ណ្ឌ​ទី ១ របស់​ប្រទេស​ក្រិក​។

ចំណែក​លោក​គ្រូ​បង្វឹក Klopp ​និយាយ​ពាក់ព័ន្ធ​នឹង​កីឡាករ​ថ្មី​របស់​ខ្លួន​ថា​៖ «​យើង​បាន​តាម​មើល​កីឡាករ Tsimikas ជា​យូរ​មក​ហើយ ហើយ​ពិត​ជា​រីករាយ​ណាស់​ ដែល​គេ​ចូលរួម​ជាមួយ​យើង​។ វា​ជា​ដំណឹង​ដ៏​ល្អ​ឥត​ខ្ចោះ មុន​ពេល​យើង​ចាប់​ផ្ដើម​ត្រឡប់​ទៅ​ធ្វើ​ការ​ប្រកួត​ជាមួយ​គ្នា​ឆាប់ៗ​នេះ​»​៕ AFP/VN