ឡុងដ៍៖ ​អាច​​មិន​គួរ​ឱ្យ​ជឿ តែ​វា​បាន​កើត​ឡើង​ហើយ សម្រាប់​​ក្របខ័ណ្ឌ Premier League កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ដោយ​ក្រុម​យក្ស ២ នៅ​អង់គ្លេស​ចាញ់​​ក្រុម​គូ​បដិបក្ខ​​ក្នុង​លទ្ធផល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល ក្នុង​នោះ​ក្រុម​ហង្ស​ក្រហម Liverpool ងើប​មុខ​មិន​រួច​ដោយសារ​ក្រុម​ម្ចាស់​ផ្ទះ Aston Villa (Villa) ខណៈ​​បិសាច​ក្រហម Manchester United ស្ងាត់​មាត់​​ដោយសារ​​​​​ Tottenham Hotspur។

ហង្ស​ក្រហម​ក្លាយ​ជា​ក្រុម​ជើងឯក​លីគ​កំពូល​អង់គ្លេស​ដំបូង​គេ ដែល​របូត​គ្រាប់​បាល់​ដល់​ទៅ ៧ ​គ្រាប់ សម្រាប់​ប្រកួត​ក្នុង​លីគ គិត​តាំង​ពី​ឆ្នាំ​ ១៩៥៣ ក្រោយ​ចាញ់​ក្រុម​ Villa ដែល​ស្ទើរ​តែ​ធ្លាក់​ទៅ​លីគ​កម្រិត​ទី២ នា​រដូវកាល​មុន ជាមួយ​នឹង​ពិន្ទុ ៧-២ ហើយ​លទ្ធផល​នេះ បាន​ធ្វើ​ឱ្យ​គ្រូបង្វឹក​លោក Jurgen Klopp ស្រឡាំង​កាំង​រក​និយាយ​អ្វី​មិន​ត្រូវ​។

លោក Klopp បាន​និយាយ​ថា​៖ «​ជា​រឿង​នឹក​ស្មាន​មិន​ដល់​តែ​វា​បាន​កើត​ឡើង​ហើយ​នៅ​យប់​នេះ​។ យើង​បាន​បង្កើត​រឿង​ឥត​ប្រយោជន៍ និង​កំហុស​គ្រប់​យ៉ាង​នៅ​ក្នុង​ប្រកួត ​១ នេះ។ សង្ឃឹម​​ថា យើង​នឹង​មិន​ជួប​​រឿង​ហ្នឹង​ម្ដង​ទៀត​ទេ ហើយ​យើង​នឹង​ចាប់​ប្រសើរ​ឡើង​វិញ​ឆាប់ៗ​»​។

៧ ​គ្រាប់ ​របស់​ក្រុម​ Villa បាន​មក​ដោយសារ​ខ្សែ​ប្រយុទ្ធ Ollie Watkins ចំនួន ៣ គ្រាប់ ខ្សែ​បម្រើ ២​ រូប គឺ​ John McGinn និង Ross Barkley ម្នាក់ ១ ​គ្រាប់ ព្រម​ទាំង​ខ្សែ​បម្រើ​ Jack Grealish ២ ​គ្រាប់​ ខណៈ​កីឡាករ​ Mohamed Salah ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ម្នាក់​ឯង​សម្រាប់ ២ ​គ្រាប់​របស់​ក្រុម​ភ្ញៀវ​។

ពាក់ព័ន្ធ​នឹង​គ្រាប់​បាល់​ដំបូង ដែល​បាន​កើត​ឡើង​ដោយសារ​កំហុស​​របស់​អ្នក​ចាំទី Adrian លោក Klopp ​​បន្ថែម​ថា​៖ «​គ្រាប់​បាល់​ទី១ នោះ ​មិន​គួរ​កើត​ឡើង​​សោះ​។ Adrian បាន​បង្កើត​​កំហុស តែ​យើង​ធ្លាប់​របូត​គ្រាប់​បាល់​បែប​ហ្នឹង​ដែរ កាល​ពី​មុន​។ ក្រោយ​ពី​នោះ យើង​បាត់បង់​ប្រព័ន្ធ​លេង​អស់​»​។

ដូច​គ្នា​ដែរ Man Utd បាន​រង​នូវ​បរាជ័យ​ដ៏​សែន​អាម៉ាស់​ម្ដង​ទៀត រយៈ​ពេល ៩ ​ឆ្នាំ ក្រោយ​ត្រូវ​ក្រុម Spurs លត់ ៦-១ ខណៈ​លទ្ធផល​នេះ ធ្វើ​ឱ្យ​ក្រុម​បិសាច​ក្រហម​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​ដដែលៗ​ ដែល​លោក Ole Gunnar Solskjaer ព្យាយាម​ដោះ​ស្រាយ​ចាប់​តាំង​ពី​ចូល​មក​ដឹកនាំ​នៅ​ចុង​ឆ្នាំ ​២០១៨​។

ទោះ​ជា​ខ្សែ​បម្រើ​ Bruno Fernandes បាន​ស៊ុត​បាល់​ប៉េណាល់​ទី​​សម្រេច​ជួយ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​នាំមុខ​យ៉ាង​លឿន​នៅ​នាទីទី​២ ក៏​ដោយ ក៏​មិន​អាច​ជួយ​ឱ្យ​ក្រុម​​ Man Utd មាន​ប្រៀប​បាន​ដែរ ពិសេស​ពេល​ត្រូវ​ក្រុម​របស់​អតីត​គ្រូបង្វឹក ​លោក Jose Mourinho បំប៉ោង​​សំណាញ់​ទី ​២ ​គ្រាប់​ផ្ទួនៗ នៅ ៥ ​នាទី​បន្ទាប់​ ដោយ​ Tanguy Ndombele និង Heung-Min Son​​ ស្ថានការណ៍​ហាក់​ចាប់​ផ្ដើម​យ៉ាប់​ទៅៗ​។

កាន់​តែ​អាក្រក់​ទៀត​នោះ ពេល​ខ្សែ​ប្រយុទ្ធ​ Anthony Martial ត្រូវ​បណ្ដេញ​ចេញ នៅ​នាទីទី​២៨ ខណៈ Spurs ក៏​មិន​បណ្ដោយ​ឱ្យ​ឱកាស​ ដែល​ខ្លួន​មាន​សមាជិក​លើស​នេះ​កន្លង​ទៅ​ដោយ​អសារ​បង់​ឡើយ។ Harry Kane បាន​បន្ថែម​ការ​នាំមុខ ៣-១ មុន​នឹង Son រក​ឃើញ​គ្រាប់​ទី ២ ហើយ​ Serge Aurier ​រួម​ចំណែក ១ គ្រាប់ ហើយ​ចុង​ក្រោយ​​ Kane ធ្វើ​បាន​សម្រេច​គ្រាប់​ទី ២ ដោយ​បាល់​ប៉េណាល់​ទី ដូច្នេះ​លទ្ធផល​ផ្លូវ​ការ​ ក្រុម Man Utd ចាញ់ Spurs ៦-១​។

Man Utd មិន​បាន​កា្លយ​ជា​ក្រុម​ប្រជែង​ពាន​តាំង​ពី​អតីត​គ្រូបង្វឹក​ឆ្នើម​លោក Alex Ferguson ចូល​និវត្តន៍​ក្នុង​ឆ្នាំ ​២០១៣ ហើយ​ក្រោយ​ទទួល​បាន​នូវ​​លទ្ធផល​​នេះ​បង្ហាញ​​ថា ក្រុម​នេះ​ក៏​នៅ​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​លំដាប់​កំពូល​ៗ ដូច​ជា Liverpool និង Manchester City ដដែល​​។

រីឯ​ក្រុម​ Leicester ក៏​ភ្លាត់​ស្នៀត​ចាញ់​ក្រុមភ្ញៀវ West Ham ៣-០ ​ដែរ ដែល​នេះ​មាន​ន័យ​ថា នៅ​លីគ​កំពូល​អង់គ្លេស​ត្រឹម​សប្ដាហ៍ទី៤ នេះ មាន​តែ​ក្រុម Everton ដែល​កំពុង​ឈរ​ទី​កំពូល​តារាង និង​ក្រុម​លេខ ២ Villa ប៉ុណ្ណោះ ដែល​មិន​ទាន់​ប្រកួត​ចាញ់៕ AFP/VN