ឡុងដ៍៖ ក្រុម​ការពារ​​ជើងឯក​ក្របខ័ណ្ឌ Premier League អង់គ្លេស Liverpool កាល​ពី​ថ្ងៃ​អាទិត្យ ​ទទួល​នូវ​ដំណឹង​អាក្រក់​ ពេល​​ក្លិប​អះអាង​ថា ខ្សែ​ការពារ​ដ៏​សំខាន់ Virgil van Dijk រង​របួស​ក្បាល​ជង្គង់​ធ្ងន់ធ្ងរ ខណៈ​មាន​សេចក្ដី​រាយការណ៍​ថា អាច​នឹង​អវត្តមាន​រហូត​ដល់​បញ្ចប់​រដូវកាល​​។

កីឡាករ Van Dijk ដែល​នឹង​ត្រូវ​ធ្វើ​ការ​វះ​កាត់​បាន​ធ្វើ​ដំណើរ​ខ្ចកៗ ដើរ​ខ្ញើចៗ ក្រោយ​មាន​ការ​ឈូស​ស្កាត់​យ៉ាង​អាក្រក់​ពី​អ្នក​ចាំ​ទី Jordan Pickford របស់​ក្រុម Everton ក្នុង​ជំនួប​ក្រុម​នៅ​ក្រុង​តែ​មួយ ដែល​ស្មើ ២-២ កាល​ពី​ថ្ងៃ​សៅរ៍ នៅ​ឯ​កីឡដ្ឋាន Goodison Park​។

Liverpool បាន​ប្រកាស​ថា​៖ «​ខ្សែ​ការពារ​កណ្ដាល​របស់​យើង ​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ ក្រោយ​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​នឹង​អ្នក​ចាំទី Jordan Pickford របស់ ​Everton ក្រោយ​ការ​​ប្រកួត​ប្រព្រឹត្ត​ទៅ​បាន ៦ ​នាទី នៅ​ឯ​កីឡដ្ឋាន Goodison Park​»​។

សេចក្ដី​ប្រកាស​នោះ បន្ត​ថា​​៖ «​Van Dijk ចាំ​បាច់​ត្រូវ​ប្ដូរ​ចេញ ហើយ​ការ​ពិនិត្យ​បន្ថែម​ចំពោះ​របួស​ បង្ហាញ​ឱ្យ​ឃើញ​ថា ចាំបាច់​ត្រូវ​វះ​កាត់​។ ពេល​នេះ គ្មាន​ពេល​វេលា​ជាក់​លាក់​ត្រូវ​បាន​ដឹង​ឡើយ​ចំពោះ​ការ​វិល​ត្រឡប់​មក​វិញ​របស់​គេ​»​។

វា​នឹង​ប្រើ​ពេល​យ៉ាង​ហោច​​ណាស់​ក៏​រាប់​ខែ​ដែរ មុន​ពេល​មាន​វត្តមាន​ខ្សែ​ការពារ​ដ៏​រឹងមាំ​រូប​នេះ ហើយ​នេះ​នឹង​ធ្វើ​ឱ្យ​លោក Jurgen Klopp ជួប​នូវ​បញ្ហា​យ៉ាង​ធ្ងន់ធ្ងរ ដែល​ត្រូវ​ដោះ​ស្រាយ ដើម្បី​ធ្វើ​យ៉ាង​ណា​រក្សា​​ក្រុម​ឱ្យ​នៅ​មាន​ទម្រង់​លេង​ល្អ​រដូវ​កាល​នេះ។​​

ប្រធាន​ក្រុម​ជម្រើស​ជាតិ​ហូឡង់​វ័យ ២៩ ​ឆ្នាំ ក៏​ប្រឈម​ផង​ដែរ ក្នុង​ការ​ខកខាន​ចូលរួម​លេង​ក្នុង​ព្រឹត្តិការណ៍​ Euro 2020 ដែល​នឹង​រៀបចំ​ឡើង​នៅ​ខែ​មិថុនា ឆ្នាំ​ក្រោយ​នេះ​ដែរ​។

Van Dijk សរសេរ​សារ​ផូស្ត​​តាម​បណ្ដាញ​សង្គម​ថា​៖ «​ពេល​នេះ ខ្ញុំ​ផ្ដោត​តែ​លើ​ការ​ជា​ពី​របួស​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ធ្វើ​គ្រប់​យ៉ាង​ ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ ដើម្បី​ត្រឡប់​មក​វិញ​ឱ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​»​។​

សារ​របស់ Van Dijk ​បាន​បន្ត​ទៀត​​ថា​៖ «​ទោះជា​មាន​ការ​ខក​ចិត្ត​ខ្លាំង​​ ក៏​ខ្ញុំ​នៅ​តែមាន​ជំនឿ​​មុតមាំ​ថា អំឡុង​ពេល​មាន​​វិបត្តិ តែង​តែមាន​ឱកាស​ជានិច្ច​។ ខ្ញុំ​នឹង​ធ្វើឱ្យ​ប្រាកដ​ថា ខ្ញុំ​ត្រឡប់​​​មក​វិញ​ជាមួយ​នឹង​ភាព​កាន់​តែ​ប្រសើរ​​​ជាង​មុន​ រឹង​មាំ​ជាង​មុន និង​​ខ្លាំង​ជាង​មុន​»​​៕ AFP/VN