ភ្នំពេញ: សហព័ន្ធ​កីឡា​ខ្មែរ​កីឡា បានរៀបចំ​ពិធី​ប្រកាស​ដំឡើង​ខ្សែក្រវាត់​ដល់​កីឡាករ​កីឡា​ការិនី​ដែល​បាន​ហ្វឹកហាត់​ជា​ប្រចាំ​អស់​រយៈពេល​ពី ៣ ខែ​ដល់ ១៤ ខែ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី ១២ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ នៅ​ទីស្នាក់ការ​បណ្តោះ​អាសន្ន​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ ក្នុង​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​នៃ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា។

លោក​គង់ ចាន់​ធី​ណា អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ បាន​មាន​ប្រសាសន៍​ថា៖ «ការ​ប្រឡង​ខ្សែក្រវាត់​ប្រគល់​សញ្ញាបត្រ និង​លិខិត​បញ្ជាក់​លើក​នេះ​មាន​កីឡាករ​កីឡា​ការិនី​សរុប​ចំនួន ២៦ នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន ៦ នាក់ ដែល​យើង​បែង​ចែក​ជា ៣ កម្រិត​គឺ​ខ្សែក្រវាត់​ពណ៌​ស​ឆ្នូត ចំនួន ៩ នាក់ ក្នុង​នោះ​មាន​កីឡាការិនី​ម្នាក់»។

លោក​បាន​ប្រាប់​បន្តថា៖ «ការ​ប្រគល់ជូន​សញ្ញាបត្រ​ដល់​កីឡាករ​កីឡា​ការិនី ៣ នាក់ ក្នុង​នោះ​មាន​កីឡាការិនី​ម្នាក់់​ទទួល​បាន​ខ្សែ​ក្រវាត់​ពណ៌​ត្នោត និង​ទទួល​លិខិត​បញ្ជាក់​ចំនួន ១៤ នាក់​ក្នុង​នោះ​មាន​កីឡាការិនី ៥ នាក់ ដែល​ជា​ប្រភេទ​ខ្សែក្រវាត់​ពណ៌​បៃតង»។

លោក​គង់ ចាន់​ធី​ណា បាន​ប្រាប់​បន្ថែមថា៖ «ខ្ញុំ​សូម​អបអរសាទរ​ដល់​ការ​យក​ចិត្ត​ទុក​ដាក់​ព្យាយាម​ហ្វឹកហាត់​របស់​កីឡាករ​កីឡា​ការនី ទាំង​អស់​ដែល​តែង​តែ​ឆ្លៀត​ពេល​ពី​ការ​សិក្សា ឬ​ការងារ​ដើម្បី​ហ្វឹកហាត់​កីឡា ដើម្បី​សុខភាព​រាងកាយ និង​ស្នៀត ឬ​ក្បាច់​គុន​ការពារ​ខ្លួន ហើយ​ក៏​ជា​ឱកាស​មួយ​ដែល​យុវវ័យ​ត្រូវ​តែ​ភ្ជាប់​ខ្លួន​ជាមួយ​កីឡា ដើម្បី​អប់រំ​កាយ និង​ចំណេះ​ដឹង​ក្នុង​សម័យ​វិទ្យាសាស្ត្រ​ទំនើប​ដែល​មាន​កីឡា និង​ការ​អប់រំ»។

លោក​បាន​បន្ថែមថា៖ «ចំណោម​កីឡាករ និង​កីឡាការិនី​ទាំង ២៦ នាក់​នោះ​មាន​មកពី​ក្លិប​ហាប់​គី​ដូឥន្ទ្រី ក្លិប​ម៉ាស្ទ័រ​សេង និង​ក្លិប​អូឡាំពិក»។

ជាមួយគ្នានេះដែរ លោក​បាន​រំឭក​ពី​ការលំបាក​កន្លងមករ​បស់​កីឡា​ហាប់គីដូ​ហាត់ នៅ​ទីលាន​សាធា​រណៈ​ហាល​វាល​ជាង ១០ ឆ្នាំ​ហើយ​មុន​នឹង​ទទួល​បាន​ទីលាន​ហាត់​ល្អ​ត្រឹមត្រូវ ក្រោយ​ការ​បង្កើត​បាន​អង្គភាព​កីឡា​នគរបាល​ជាតិ ដែល​មាន​លោក​ជា ប៊ុនហេង ជា​ប្រធាន បាន​ផ្តល់​ឲ្យ​នូវ​ទីតាំង​ហ្វឹកហាត់​សម្រាប់​ហាប់គីដូ​ដូច​បច្ចុប្បន្ន និង​ទទួល​បាន​សិស្ស​ចូល​ហ្វឹកហាត់​ច្រើន និង​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់។

លោក​ម៉ក់ សំអុល ប្រធាន​សមាគម​កីឡា​ប្រយុទ្ធ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ខ្មែរ​ហាប់គីដូ​ផង​នោះ មាន​ប្រសាសន៍​ថា៖ «សហព័ន្ធ​កីឡា​ហាប់គីដូ​ទទួល​បាន​លទ្ធផល​សព្វ​ថ្ងៃ​នោះ​ដោយ​យើង​មាន​អ្នក​គ្រប់​គ្រង​បន្តវេន​ដោយ​មាន​លោក​គង់ ចាន់​ធីណា ជា​អគ្គលេខា​ធិការ​ពី​លោកគ្រូ​តា​សាន គឹមស៊ាន និង​លោកគ្រូ​សេង ប៊ុនសុង»។

លោក​បាន​បន្ថែមទៀតថា៖ «ខ្ញុំ​ជា​ប្រធាន ខ្ញុំ​គ្រាន់តែ​ធ្វើការ​គ្រប់គ្រង​ពីលើ​តែ​ប៉ុណ្ណោះ ប៉ុន្តែ បច្ចេកទេស និង​ការ​ហ្វឹក​ហាត់​ផ្ទាល់​គឺជា​តួនាទី​របស់​អគ្គ​លេខា​ធិការ​នេះ​តែ​ម្តង ដែល​ជា​សសរ​ទ្រូង​នៃ​កីឡា​ហាប់គីដូ»៕