សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ នៅតែ​ចិញ្ចឹមចិត្ត ត្រៀម​ធ្វើ​ផែនការ​សកម្មភាព​កីឡា​ហាប់គីដូ​សំខាន់​ចំនួន ២ ដែល​ខកខាន​ដោយ​វិបត្តិ​កូវីដ១៩ រាតត្បាត កន្លងមក ទី ១ គឺ​ការធ្វើ​មហាសន្និបាត​ជ្រើសរើស​គណៈកម្មាធិការ​ប្រតិបត្តិ ក្នុងនោះ​មាន​ជ្រើសតាំង​ប្រធាន​សហព័ន្ធ និង​ថ្នាក់ដឹកនាំ អាណត្តិ​ថ្មី​ទី ៧ សម្រាប់​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៤ ហើយ​ទី ២ គម្រោង​រៀបចំ​ប្រកួត​ថ្នាក់ជាតិ បង្ហាញ​ពី​សក្តានុពល ហាប់គីដូ ក្នុងដំណាក់កាល​ចុងក្រោយ​នៃ​ការវិវឌ្ឍ​ក្នុង​លក្ខណៈ​បច្ចេកទេស​បើក​ឱ្យ​មាន​ការប្រកួត​ទូទាំង​អន្តរជាតិ​របស់​កីឡា​ហាប់គីដូ​ពិភពលោក។

អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​លោក គង់ ចាន់ធីណា បាន​ប្រាប់ថា ដោយសារ​តែ​ជំងឺ​កូវីដ១៩​ផ្ទុះ​ខ្លាំង​ជាថ្មី​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​បាន​ធ្វើឱ្យ​សហព័ន្ធ​ផ្អាក​នូវ​សកម្មភាព​ការងារ​ជាច្រើន​ក្នុង​នោះ​សូម្បីតែ​ការហ្វឹកហាត់​ក៏បាន​ផ្អាក​ដែរ។ បើ​និយាយ​ពី​សុពលភាព​អាណត្តិ​ទី ៦ របស់​សហព័ន្ធ​អស់​តាំងពី​ឆ្នាំ ២០២០ ប៉ុន្តែ​បញ្ហា​កូវីដ១៩ ត្រូវ​បាន​ខកខាន និង​លើក​ពេល​ជា​បន្តបន្ទាប់​មិន​អាច​រៀបចំ​បាន។

លោក គង់ ចាន់ធីណា បាន​បន្ថែមថា៖ «បើ​ស្ងប់​កូវីដ១៩ ព្រមទាំង​មាន​ការអនុញ្ញាត​ពី​ក្រសួង​សុខាភិបាល និង​រាជរដ្ឋាភិបាល​ឱ្យ​ចាប់ផ្ដើម​សកម្មភាព​កីឡា​ឡើងវិញ​នោះ សហព័ន្ធ​គ្រោង​នឹង​ធ្វើ​មហាសន្និបាត​ជ្រើសរើស​ប្រធាន អនុប្រធាន អគ្គលេខាធិការ និង​តែងតាំង​ទីប្រឹក្សា​មួយចំនួន ដើម្បី​ជួយ​ទ្រទ្រង់​ថវិកា​សហព័ន្ធ ហើយ​យើង​នឹង​បើក​សិក្ខាសាលា​ស្ដីពី​ការបង្ហាញ​ក្បាច់​ស្នៀត​ពី Master មកពី​ក្រៅប្រទេស​រួម​ និង​ការជួប​សំណេះសំណាល​ជាមួយ​ក្រុមគ្រួសារ ហាប់គីដូ ផងដែរ ព្រោះ​តាមរយៈ​ក្បាច់គុន​ហាប់គីដូ ដើមឡើយ គ្មាន​ការប្រកួត​ទេ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន សហព័ន្ធ​កីឡា​ហាប់គីដូ​ពិភពលោក បាន​សម្របសម្រួល​ឱ្យ​ប្រកួត​បាន​ដោយ​កាត់បន្ថយ​ការក្លេ នាំឱ្យ​មាន​គ្រោះថ្នាក់»។

អគ្គលេខាធិការ​ចាស់វស្សា​លោក ចាន់ធីណា បាន​ប្រាប់​បន្ថែមថា៖ «បច្ចុប្បន្ន សហព័ន្ធ​មាន​លោក​ឧត្តមសេនីយ៍ឯក ម៉ក់ សំអុល ជា​ប្រធាន ស្រប​ពេល​ដែល​វត្តមាន​របស់​អតីត​ប្រធាន មាន​លោក សាន គឹមស៊ាន លោក សេង ប៊ុនសុង មកពី​សហរដ្ឋអាមេរិក​កំពុង​ត្រៀមខ្លួន​ចូលរួម និង​ព្រឹទ្ធាចារ្យ​ខ្សែក្រវាត់​ខ្មៅ ៧ ទៅ ១០ ដាន់​ជាច្រើន​នាក់​ទៀត កំពុង​ត្រៀមខ្លួន​ជួយ​សហព័ន្ធ»។

លោក គង់ ចាន់ធីណា ពេល​ប្រគល់​វិញ្ញាបនបត្រ​ដល់​កីឡាករ​កន្លង​មក។

តាមរយៈ​ការប្រឹងប្រែង​តស៊ូ និង​គ្រប់គ្រង​ផ្ទាល់​របស់លោក គង់ ចាន់ធីណា សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​បាន​កែប្រែ​មុខមាត់​ពី​ហាត់​លើ​ទីសាធារណៈ​ជាង ១០ ឆ្នាំ​មក​មាន​ទីតាំង​ហ្វឹកហាត់​សមរម្យ តាម​និយាម​ស្តង់ដា​អន្តរជាតិ និង​ទទួល​បាន​សិស្សគណ មាន​តាំងពី​សិស្សសាលា​រហូត​ដល់​ស្ថាប័ន​សមត្ថកិច្ច និង​ស្ថាប័ន​កងអង្គរក្ស​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ ព្រោះ​ក្បាច់គុន និង​ស្នៀតពិសេសៗ​នៅក្នុង​កីឡា​ហាប់គីដូ​មាន​ការពេញនិយម និង​មាន​លក្ខណពិសេស​សម្រាប់​កងកម្លាំង​សមត្ថកិច្ច​ក្នុង​ប្រតិបត្តិការ​ផ្សេង។

លោក សាន គឹមស៊ាន អតីត​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​បាន​ថ្លែងថា៖ «យើង​ខ្ញុំ​ចាស់ៗ​ហើយ កំពុង​រង់ចាំ​មើល​សហព័ន្ធ​រៀបចំ​ឱ្យបាន​ល្អ និង​ប្រមូល​ចាស់ៗ​ជា​ព្រឹទ្ធាចារ្យ​ជួយ​គាំទ្រ​ឱ្យមាន​ការរីកចម្រើន​បន្ត ខណៈ​ជើងចាស់​ហាប់គីដូ មាន​នៅ​សល់​មិន​ច្រើន​ទេ គឺមាន​ខ្ញុំ ខ្សែក្រវាត់​ ១០ ដាន់​តែម្នាក់ឯង និង​មាន​បន្តបន្ទាប់​មានដូចជា លោក ហុក ឈាងគីម លោក គង់ សំរេច លោក សេង ប៊ុនសុង ជាដើម ដែល​មាន​ខ្សែក្រវាត់​ខ្មៅ ៩ ដាន់»។

ជាមួយ​គ្នា​នេះ លោក គង់ ចាន់ធីណា បាន​ប្រាប់​បន្ថែម​ឱ្យដឹងថា៖ «ប្រសិន​បើ​ជំងឺ​កូវីដ១៩​ថមថយ ហើយ​ក្រសួង​សុខាភិបាល ឬ​ថ្នាក់ដឹកនាំ​អនុញ្ញាត គឺ សហព័ន្ធ​នឹង​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ភ្លាម ពីព្រោះ​យើង​បាន​ត្រៀមចាំ​មក​យូរហើយ។ ការផ្អាក​សកម្មភាព​កីឡា និង​ការជួបជុំ​ហ្វឹកហាត់​ផ្សេងៗ​ទាំងអស់​នេះ គឺ​មកពី​ការរីករាលដាល​ជំងឺ​កូវីដ១៩ ពោល​គឺ​មិន​ចោទ​លើ​បញ្ហា​ថវិកា ឬ​ធនធាន​នោះទេ»៕