ភ្នំពេញ: សហព័ន្ធខ្មែរកីឡាហាប់គីដូបានបង្ហាញពីការកើនឡើងទាំងទៅលើបរិមាណអត្តពលិក និងបច្ចេកទេស ពិសេសប្អូនតូចៗ បើទោះជាសហព័ន្ធ ១ នេះនៅមិនទាន់មានសកម្មភាពចេញទៅប្រកួតនៅក្រៅប្រទេស និងមិនទាន់មានប្រភពចំណូលច្បាស់លាស់ក៏ដោយ។
លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «នៅចុងឆ្នាំ ២០១៨ និងដើមឆ្នាំ ២០១៩ នេះគឺក្រោយពីយើងមានទីតាំងហ្វឹកហាត់សមរម្យក្រោមការឧបត្ថម្ភរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង មក យើងឃើញថាសម្ទុះនៃការចូលរួមគឺមានការកើនឡើងជាលំដាប់ពី ១ ខែទៅ ១ ខែ ពិសេសប្អូនតូចៗគឺខុសកាលពីយើងមិនទាន់មានទីតាំងហ្វឹកហាត់ច្បាស់លាស់»។
លោកបានបន្ថែមថា៖ «កាលយើងហ្វឹកហាត់នៅលើថ្មនៅកណ្តាលវាល គ្មានដំបូលនោះគឺយើងមានការពិបាកច្រើនដែលធ្វើឲ្យមានការប៉ះពាល់ដល់ការហ្វឹកហាត់របស់អត្តពលិកយើង ពិសេសប្អូនតូចៗ ព្រោះឪពុកម្តាយរបស់គេមិនឲ្យពួកគេមកហ្វឹកហាត់ទេ ដោយសារខ្លាចមានគ្រោះថ្នាក់ ប៉ុន្តែពេលនេះប្អូនតូចៗ និងអត្តពលិកផ្សេងៗទៀតបានចូលមកហ្វឹកហាត់ច្រើនគឺមានការកើនឡើងពី ៣០ ទៅ ៤០ ភាគរយ ឬពីជិត ១០០ នាក់ទៅជិត ២០០ នាក់នាពេលបច្ចុប្បន្ន»។
ការបង្ហាញទៅលើការកើនឡើងនៃចំនួនអត្តពលិកចូលរួមនេះគឺលោក ចាន់ធីណា បានប្រាប់ បន្ទាប់ពីសហព័ន្ធខ្មែរកីឡាហាប់គីដូបានធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៨ និងទិសដៅអនុវត្តការងារឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលកីឡាក្រសួងមហាផ្ទៃក្នុងពហុកីឡដ្ឋានជាតិកាលពីថ្ងៃសៅរ៍ ហើយសន្និបាតនោះក៏មានការចូលរួមពីលោក ម៉ក់ សំអុល ជាប្រធានសហព័ន្ធ និងគណៈកម្មាធិការប្រតិបត្តិមួយចំនួនទៀត។
នៅក្នុងសន្និបាតនោះសហព័ន្ធខ្មែរកីឡាហាប់គីដូក៏បានបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០១៨ ផងដែរដោយក្នុងនោះសហព័ន្ធរកចំណូលទ្រទ្រង់បានត្រឹម ១១៧៨០០០០ រៀលហើយបានចំណាយទៅលើសកម្មភាពការងារផ្សេងៗអស់សរុប ៩៣០០០០០ រៀល និងនៅសល់ថវិកា ២៤៨០០០០ រៀល សម្រាប់ទុកប្រើប្រាស់ជាបន្តទៀតជាមួយថវិកាដែលនៅសល់ចំនួន ១២០០០០០ រៀលកាលពីឆ្នាំ ២០១៧។
ជាមួយគ្នានេះអង្គសន្និបាតក៏បានបង្ហាញពីចំណុចខ្វះខាតផងដែរ ខណៈសហព័ន្ធនេះគ្មានប្រភពកញ្ចប់ថវិកាទ្រទ្រង់ក្នុងការអភិវឌ្ឍពីស្ថាប័នរដ្ឋ ឬក្រសួងអប់រំ យុវជន និងកីឡានោះ ហើយបញ្ហានេះធ្វើឲ្យក្រុមហាប់គីដូកម្ពុជានៅតែមិនទាន់មានលទ្ធភាពបានចេញទៅប្រកួតនៅក្រៅប្រទេស ហើយវគ្គសិក្ខាសាលា និងអាជ្ញាកណ្តាលក៏មិនទាន់ធ្វើបានទូលំទូលាយ និងពុំទាន់មានទីតាំងសហព័ន្ធជាអចិន្ត្រៃយ៍។
យ៉ាងណាក៏ដោយលោក គង់ ចាន់ធីណា បានអះអាងថាបច្ចេកទេសរបស់ក្រុមហាប់គីដូពេលនេះមានការរីកចម្រើន។ លោកបញ្ជាក់ថា៖ «កាលយើងមិនទាន់មានទីតាំងហ្វឹកហាត់សមរម្យ ធ្វើឲ្យយើងមានភាពធាក់ថយ និងធ្លាក់ចុះទៅលើបច្ចេកទេសបោកខ្លួន និងលោត ប៉ុន្តែក្រោយពីយើងមានទីតាំងហ្វឹកហាត់ត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ក្បាច់គុនមក យើងឃើញមានការរីកចម្រើនច្រើនគឺសូម្បីតែប្អូនតូចៗក៏អាចហក់លោតបានទៅតាមបច្ចេកទេសរបស់ក្បាច់គុនហាប់គីដូដែរ»៕