ភ្នំពេញ៖ ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​​បាន​រៀបចំ​ពិធី​ប្រគល់​លិខិត​បញ្ជាក់​​ជូន​ដល់​សិស្ស​ កីឡា​ហាប់គីដូ​ចំនួន ​១០ ​នាក់ ​ដែល​ជា​សមត្ថកិច្ច​នៅ​កង​អន្តរាគមន៍​ទី១ ​ប្រឆាំង​ភេរវកម្ម​នៃ​កង​អង្គ​រក្ស ហើយ​ពិធី​នេះ ​បាន​​ប្រារព​នៅ​ទីលាន​ហ្វឹកហាត់​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ លើ​ដំបូល​​អគារ​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា​ ក្នុង​ពហុកីឡដ្ឋានជាតិ​ ក្រោម​វត្តមាន​លោក​ឧត្តម​សេនីយ៍​ឯក ​ម៉ក់ ​សំអុល ជា​ប្រធាន​ លោក ​គង់ ​ចាន់ធីណា ​អគ្គលេខាធិការ, សមាជិក​ប្រតិបត្តិ​ និង​គ្រូ​បង្វឹក​ ព្រម​ទាំង​តំណាង​មក​ពី​ក្លិប​ និង​អត្តពលិក​​ហាប់គីដូ​ ជា​ច្រើន​នាក់​ទៀត​។​

លោក​ គង់ ​ចាន់ធីណា​ បាន​ប្រាប់​​ថា​៖ ​«សិស្ស​ដែល​បាន​ទទួល​លិខិត​បញ្ជាក់​នេះ​ គឺ​ជា​សមត្ថកិច្ច​ទាំង ​១០ ​នាក់​ នៅ​ក្នុង​កង​អន្តរាគមន៍​ទី១​ ប្រឆាំង​ភេរវកម្ម​ ​ដែល​បាន​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​ជា​ប្រចាំ​ជាមួយ​ខ្ញុំ​​ផ្ទាល់​ជា​គ្រូ​បង្វឹក​រយៈពេល ​៣ ​ខែ​មក​ហើយ​ ហើយ​​ក្នុង​ការ​ហ្វឹកហាត់​នេះ​ ខ្ញុំ​បាន​ផ្តល់​ជូន​នូវ​ក្បាច់​ចាប់​ក្បាច់​ក្លេ​ និង​ក្បាច់​បោក​ដៃ​គូ ​ដែល​ក្បាច់​ទាំង​នេះ​ គឺ​សម្រួច​សម្រាប់​តែ​ខាង​សមត្ថកិច្ច​តែ​ម្តង​ ដោយ​គ្មាន​លំដាប់​លំដោយ​ ដូច​ការ​ហ្វឹកហាត់​​សម្រាប់​ប្រឡង ​ឬ​ខាង​សុខភាព​ការពារ​ខ្លួន​នោះ​ទេ»​។​

ចំពោះ​សមត្ថកិច្ច​ទាំង ​១០ នាក់ ដែល​ទទួល​បាន​លិខិត​បញ្ជាក់​ពី​ការ​ហាត់​ហាប់គីដូ អស់​រយៈ​ពេល ​៣ ​ខែ​នោះ មាន​លោក​ ភួង បញ្ញា​ លោក​ យ៉ាង វសិទ្ធិពង្ស​ លោក​ ភា សុធា​ ​លោក​ស៊ាង ពិសេត​ ​លោក ​គឹង ​ភក្ដី​ ​លោក ​តុល បញ្ញា​ ​លោក ​គឹម វេវ​ ​លោក​ កុសល ម៉ាឡែន​ ​លោក ​ម៉ន ​បូរេត​ និង​​លោក ​ភឿន ​ដារ៉ាបុត្រ​។​

លោក​ ចាន់ធីណា បាន​បញ្ជាក់​ថា​៖ ​«បើ​គិត​ពី​កម្រិត​ខ្សែ​ក្រវាត់ ​​គឺ​លំបាក​វាយ​តម្លៃ​​ ព្រោះ​ពួក​គាត់​​ហាត់​ក្បាច់​គុន​សុទ្ធ​ សម្រាប់​ការងារ​ប្រតិបត្តិការ​របស់​សមត្ថកិច្ច ដោយ​មិន​រៀន​ពី​ទ្រឹស្តី​ ឬ​ច្ចេកទេស​សម្រួល​ខាង​សុខភាព​នោះ​ទេ»​។​

ចំណែក​លោក ​ម៉ក់ ​សំអុល​ ប្រធាន​សហព័ន្ធខ្មែរ​កីឡា​ហាប់គីដូ ​​បាន​ថ្លែង​​ថា​៖ «​ការ​ហ្វឹកហាត់​នេះ​ ជា​ផែនការ​មេ​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ ក្នុង​ការ​ពង្រីក​ផល​ប្រយោជន៍​ក្បាច់​គុន​កីឡា​ហាប់គីដូ ​ដល់​កងកម្លាំង​សមត្ថកិច្ច​ជា​ជំហានៗ​ ទៅ​តាម​លទ្ធភាព​ឲ្យ​ដល់​តាម​បណ្តា​ក្លិប​ ឬ​ខេត្ត ​ឬ​ទូទាំង​ប្រទេស​ ក៏ដូច​ជា​តាម​អង្គភាព​អង្គរក្ស​ ​ព្រោះ​​ក្បាច់​គុន​ហាប់គីដូ​នេះ ​ល្អ​ក្នុង​ការ​ប្រើប្រាស់​ ដូច​ជា​កងកម្លាំង​សមត្ថកិច្ច​នេះ​ឯង ​ដោយសារ​មាន​ក្បាច់​ចាប់​ ក្បាច់​ក្លេ​ និង​ក្បាច់​បោក​ល្អ​ជាង​គេ ​និង​សំបូរ​បែប​ផង​ដែរ»​។

លោក ​ម៉ក់​ សំអុល​ បាន​បន្ថែម​ថា​៖ ​«អនាគត​ យើង​ចង់​ឲ្យ​ក្បាច់​ហាប់គីដូ ​បាន​ចូល​ដល់​កងទ័ព ​និង​កង​នគរបាល​ជាតិ​ ឬ​សមត្ថកិច្ច​ ដើម្បី​ប្រើប្រាស់​តាម​សេចក្តី​ត្រូវ​ការ​ ហើយ​សហព័ន្ធ​នឹង​មាន​ក្លិប​កីឡា​ហាប់គីដូ​ជា​ច្រើន​ទៀត​ ​ស្ថិត​តាម​សាលា​ឯកជន ​និង​សាលា​ភាសា​អន្តរជាតិ​នានា ​ជា​ច្រើន ​នៅ​​រាជធានី​ភ្នំពេញ​ ​ដែល​ហ្វឹកហាត់​សម្រាប់​សុខភាព​ និង​ក្បាច់​ការពារ​ខ្លួន​ ដូច្នេះ​រូប​ខ្ញុំ ​និង​សមាជិក​ប្រតិបត្តិ​បាន​និង​កំពុង​ពិភាក្សា​គ្នា​ ប្រជុំ​រាល់​ខែ​ជាប្រចាំ​ ដើម្បី​ពង្រឹង​ពង្រីក​កីឡា​ហាប់គីដូ​នេះ»​។​

គួរ​​បញ្ជាក់​ថា​ ​ប្រភេទ​កីឡា​ហាប់គីដូ​នេះ ​នៅ​ស្រុក​ខ្មែរ​មាន​នៅ​សល់​​ព្រឹទ្ធាចារ្យ​ជើង​ចាស់​ដែល​មាន​ខ្សែ​ក្រវាត់​ខ្ពស់​ គឺ​ លោក​ សាន​ គឹមស៊ាន ​មាន​ខ្សែ​ក្រវាត់​​ខ្មៅ ​១០ ​ដាន់​ ​លោក​ ហុក​ ឈាងគីម ​៧ ​ដាន់​ ​និង​លោកគ្រូ​ សេង​ ប៊ុនសុង​ ១០ ​ដាន់​ នៅ​សហរដ្ឋ​អាមេរិក ​ហើយ​ជិត ​២០ ​ឆ្នាំ​កន្លង​មក​ ហាប់គីដូ​ បាន​ប្តូរ​ប្រធាន​ ពី​លោក ​សាន ​គឹមស៊ាន ​មក​លោក ​សេង ​ប៊ុនសុង​ ហើយ​បច្ចុប្បន្ន​មាន​លោក ​ម៉ក់​ សំអុល​ កំពុង​ធ្វើ​ជា​ប្រធាន​ និង​មាន​លោក ​គង់ ​ចាន់ធីណា​ ជា​អគ្គលេខាធិការ​ជា​រៀង​រហូត​មក ​ដែល​ទ្រទ្រង់​សហព័ន្ធ​ឲ្យ​ដំណើរការ​បាន​រលូន​៕​​