ភ្នំពេញៈ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានរៀបចំឲ្យមានការប្រកួតប្រជែងលើវិញ្ញាសា «ស្នៀតកាច់ការពារខ្លួន» ជាលើកដំបូង នៅអង្គភាពកីឡាក្រសួងមហាផ្ទៃ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃអាទិត្យ ដើម្បីពង្រឹងសមត្ថភាពអត្តពលិក ឈានទៅរកការប្រកួតលើវិញ្ញាសាចម្រុះដែលធំជាងនេះ ឬជើងឯកប្រចាំឆ្នាំតែម្តង។
លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ បានថ្លែងក្រោយការប្រកួតថា៖ «នេះជាលើកទី១ ហើយ ដែលសហព័ន្ធខ្មែរ កីឡាហាប់គីដូ បានរៀបចំឲ្យមានការប្រកួតនេះឡើង តែនៅថ្ងៃនេះ យើងប្រកួតតែលើវិញ្ញាសា «ស្នៀតកាច់ ការពារខ្លួន» មួយទេ ហើយនេះជាការចាប់ផ្តើម ដើម្បីយើងឈានទៅប្រកួត មាន ៣ ទៅ ៤ វិញ្ញាសាចូលគ្នា ដែលមានលក្ខណៈធំជាងនេះ»។
សម្រាប់ការប្រកួត «ស្នៀតកាច់ការពារខ្លួន» នេះ មានអត្តពលិក ៦៦ នាក់ (ស្រី ៣០ នាក់) បានចូលរួម ដែលលេងតំណាងឲ្យក្លិបចំនួន ៥ មានក្លិបអូឡាំពិក ក្លិបឥន្ទ្រី ក្លិបម៉ាស្ទ័រសេង ក្លិបសុវណ្ណភូមិស្ទឹងមានជ័យ និងក្លិបសាលារៀន USA ហើយពួកគេ ត្រូវបានបែងចែកការប្រកួតទៅតាមភេទ អាយុ និងកម្រិតខ្សែក្រវាត់រៀងៗខ្លួន គឺការបង្ហាញនូវបច្ចេកទេសលើ ស្នៀតកាច់ការពារខ្លួន ម្តង ២ នាក់ ក្រោមការដាក់ពិន្ទុរបស់ចៅក្រម ដើម្បីចាត់ជាចំណាត់ថ្នាក់ពីលេខ ១ ដល់លេខ ៤ តែម្តង។
លោក ចាន់ធីណា បានបន្តថា៖ «កម្មវិធីនេះ ជាទស្សនៈ និងគោលបំណង ដើម្បីពង្រឹងសមត្ថភាពអត្តពលិកឆ្ពោះទៅរកការប្រកួតធំប្រចាំឆ្នាំ ដូចប្រភេទកីឡាដទៃ ហើយនេះជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានសហព័ន្ធ ម៉ុក សំអុល ក៏ដូចឯកឧត្តម ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ ព្រម ទាំងសមាជិកប្រតិបត្តិ និងទីប្រឹក្សាសហព័ន្ធកីឡាខ្មែរហាប់គីដូ ជួយគាំទ្រ»។
ទាក់ទងទៅនឹងកម្រិតសមត្ថភាពរបស់អត្តពលិក ដែលបានចូលរួមការប្រកួតនេះ លោក ចាន់ធីណា បានវាយតម្លៃថា៖ «បើមើលទៅលើបច្ចេកទេសឃើញថា ក្រុមធំ ធ្វើបានល្អប្រហែល ៦៥ ភាគរយហើយ ចំណែកក្រុមតូចៗ យើងមើលឃើញថា គាត់ នៅខ្វះភាពស្វាហាប់ និងកម្លាំង ហើយពួកគាតក៏មិនទាន់មានភាពក្លាហានប៉ុន្មានដែរ អ៊ីចឹងគាត់បានត្រឹម ៥៥ ភាគរយទេ ប៉ុន្តែខ្ញុំសូមសរសើរដល់អត្តពលិករបស់យើងទាំងអស់គ្នាដែរ ព្រោះលើកនេះ យើងរៀបចំប្រថុចញ៉ុចពេក ហើយអ្នកខ្លះក៏បានមកហាត់ត្រឹមថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ តែពួកគាត់ខំបង្ហាញពីសមត្ថភាព ដោយយកចិត្តទុកដាក់»។
ជាមួយគ្នានេះក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរឡារីតា បានឧបត្ថម្ភកម្មវិធីប្រកួតនេះ ចំនួន ៥០០ ដុល្លារ ហើយមន្ត្រីជាគណៈកម្មាធិការប្រតិបត្តិ និងទីប្រឹក្សាសហព័ន្ធ មួយចំនួនក៏បានចូលរួមជួយ ដើម្បីឲ្យការប្រកួតនេះដំណើរការបាន ហើយតាមផែនការ គឺសហព័ន្ធនេះ ចង់រៀបចំការប្រកួតឲ្យបានយ៉ាងតិច ៣ ទៅ ៤ ដង ក្នុង ១ ឆ្នាំ។
លោក ម៉ក់ សំអុល ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ បានថ្លែងថា៖ «កីឡាធ្វើសកម្មភាពដំណើរការទៅបាន ដោយសារការរួបរួមគ្នាស្ម័គ្រចិត្ត និងលះបង់ បន្ទាប់មកទើបទទួលបានជាលទ្ធផលល្អ។ ហេតុនេះខ្ញុំសុំស្នើឲ្យមានការចូលរួមលើកទឹកចិត្ត ដល់អត្តពលិកវ័យក្មេង ដើម្បីមានសមត្ថភាពល្អព្រោះពេលកម្ពុជាធ្វើម្ចាស់ស៊ីហ្គេម ឆ្នាំ ២០២៣ យើងក៏មានឱកាសអាចដាក់កីឡាហាប់គីដូ ចូលប្រកួតបានដែរ បើសិនយើងជាម្ចាស់ផ្ទះ មានសកម្មភាពភាពខ្លាំង នៅក្នុងតំបន់អាស៊ាន ហើយមានប្រទេសចូលរួមគាំទ្រចាប់ពី ៤ ឡើងទៅនោះ»។
លោក គង់ ចាន់ធីណា បានប្រាប់ថា សមាគមកីឡាហាប់គីដូសាធារ ណរដ្ឋកូរ៉េ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ នៃដំណើរវិវត្តន៍របស់កីឡាហាប់គីដូនៅកម្ពុជា ហើយពួកគេក៏បានបង្ហើបពីគម្រោងជួយបន្ថែមលើចំណុចខ្វះខាតរបស់ហាប់គីដូកម្ពុជាផងដែរ បើសិនកម្ពុជា រក្សាឆន្ទៈខំប្រឹង និងការអភិវឌ្ឍបន្ដទៀត៕