ភ្នំពេញ៖ ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ហុកគី​​កម្ពុជា​ ដែល​មាន​សញ្ជាតិ​ប៉ាគីស្ថាន លោក ​ណារ៉ា​ បាន​អះអាង​ថា ​ការ​ប្រកួត​ស៊ីហ្គេម​នៅ​ប្រទេស ​ហ្វីលីពីន ចុង​ខែ ​វិច្ឆិកា និង​ដើម​ខែ ​ធ្នូ ឆ្នាំ ​២០១៩ នេះ ​កីឡា​ហុកគី​​កម្ពុជា​នឹង​បង្ក​ភាព​ភ្ញាល់​​ផ្អើល ​គឺ​យើង​​សង្ឃឹម ​និង​ធានា​មុតមាំ​ថា ក្រុម​​​កីឡាការិនី​ជម្រើស​ជាតិ​កម្ពុជា​ចំនួន ​១២ ​នាក់ ​នឹង​ឈ្នះ​បាន​មេដាយ​ណា​មួយ​ ជូន​ជាតិ​ជា​មិន​ខាន​ បើ​ទោះបី​ជា​កីឡា​ហុកគី​ ទើប​តែ​បាន​ចូលរួម​ជា​ថ្មី ក្រោយ​​បាន​​បង្ហាញ​វត្តមាន​ឯ​ស៊ីហ្គេម​តាំង​ពី​​ឆ្នាំ ​២០១៣​ នៅ​ប្រទេស ​មីយ៉ាន់ម៉ា ក៏​ដោយ​។

លោក​ ណា​រ៉ា ​ដែល​បាន​​ភ្ជាប់​ខ្លួន​ ជា​និច្ច​ជាមួយ​កីឡា​ហុក​គី​អស់​​រយៈពេល​ជាង ​១៥ ​ឆ្នាំ​ និង​ធ្លាប់​ដឹកនាំ​កីឡា​ប្រភេទ​នេះ​បាន​អះអាង​ថា​៖ «​កីឡា​ហុកគី​របស់​កម្ពុជា​មាន​កម្រិត​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស ​ថៃ ​ហ្វីលីពីន​ និង​ម៉ាឡេស៊ី​ ក្នុង​លក្ខណៈ​ប្រហាក់​ប្រហែល​ ឬ​ក្រោម​គេ​តែ​បន្តិច​ប៉ុណ្ណោះ​ ហើយ​ក៏​មាន​បច្ចេកទេស ​មាន​ប្រៀប​លើ​ប្រទេស​ ​សិង្ហបុរី ​និង​ឥណ្ឌូនេស៊ី​ផង​ដែរ ​ប៉ុន្តែ​លទ្ធផល​វា​ស៊ីសង​ការ​ហ្វឹកហាត់​បន្ថែម​ និង​ការ​ប្រឹងប្រែង​ពេល​ប្រកួត​។ ការ​ហ៊ាន​អះអាង​បែប​នេះ​ ដោយសារ​យើង​​ធ្លាប់​ចូល​ប្រកួត​លក្ខណៈ​អន្តរជាតិ​ជា​ច្រើន​ព្រឹត្តិការណ៍​ និង​បាន​ដឹង​ពី​សមត្ថភាព ​ពិសេស​យើង​ត្រៀម​ហ្វឹកហាត់​ល្អ​នៅ​ប្រទេស ​ថៃ»​។

តាម​លោក ណារ៉ា បាន​ឲ្យ​ដឹង​ថា ការ​ប្រកួតស៊ីហ្គេម​លើ​ប្រភេទ​កីឡា​ហុកគី​នេះ គឺ​មាន​តែ ​៦ ​ប្រទេស​ប៉ុណ្ណោះ​​​ចូល​រួម គឺ​ម៉ាឡេស៊ី​ ថៃ​ សិង្ហបុរី​ ហ្វីលីពីន​ ឥណ្ឌូនេស៊ី​ និង​កម្ពុជា​។​ ជាមួយ​គ្នា​នេះ លោក ​វ៉ាត់ ​ចំរើន​ ​ប្រធាន​សហព័ន្ធ​កីឡា​ហុកគី​កម្ពុជា ក៏​គ្រោង​នឹង​បញ្ជូន​ក្រុម​កីឡាការិនី​ជម្រើសជាតិ​ហុកគី ទៅ​ហ្វឹកហាត់​នៅ ប្រទេស ​ថៃ ដើម្បី​​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម​លើក​នេះ​ផង​ដែរ។

លោក ​វ៉ាត់ ​ចំរើន ដែល​ជា​អគ្គលេខាធិការ NOCC ផង​នោះ បាន​ថ្លែង​ប្រាប់​​ថា​៖ ​ក្រុមកីឡាការិនី​​ជម្រើស​ជាតិ​ហុកគី​​កម្ពុជា គ្រោង​បោះ​ជំរុំ​ហ្វឹកហាត់​រយៈពេល​ជាង ​២ ខែ ​​នៅ​ឯ​ប្រទេស ថៃ ដើម្បី​ពង្រឹង​សមត្ថភាព​​ត្រៀម​ចូលរួម​ការ​ប្រកួត​ស៊ីហ្គេម​ លើក​ទី៣០​ នៅ​ប្រទេស ​ហ្វីលីពីន នា​ចុង​ឆ្នាំ ​២០១៩​ ខណៈ​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ និង​កីឡាការិនី​ចំនួន ​១២ ​នាក់​បាន​សម្រួច​ហ្វឹកហាត់​ជា​ប្រចាំ​យ៉ាង​សកម្ម​​នៅ​ក្នុង​ស្រុក​នាបច្ចុប្បន្ន​នេះ»។

ប្រធាន​សហព័ន្ធ​កីឡា​ហុកគី​កម្ពុជា​រូប​នេះ​បាន​បញ្ជាក់​ថា​៖ ​«ឆ្នាំ ​២០១៩​នេះ ​សហព័ន្ធ​បាន​ត្រៀម​ក្រុម​កីឡាការិនី​ ​១ ​ក្រុម ​សម្រាប់​ចូលរួម​ប្រកួត​ស៊ីហ្គេម​ ហើយ​ពួក​គេ​ក៏​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ​ផង​ដែរ ​ដើម្បី​កំណត់​យក​មេដាយ ​ហើយ​​ការ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ថៃ វា​នឹង​ជួយ​ឲ្យ​បច្ចេកទេស​របស់​កីឡាការិនី​ម្នាក់ៗ​កាន់​តែ​ល្អ​ប្រសើរ​។ ​មិន​តែ​ប៉ុណ្ណោះ នៅ​ឆ្នាំ​នេះ​ យើង​ក៏​មាន​ការ​ចូលរួម​ពី​កីឡាការិនី​កូន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ​»។

កញ្ញា​ ស្រី​ នីម​ និង​កញ្ញា​ នីកា ជា​សមាជិក​ក្រុម​ជម្រើស​ជាតិ​ហុកគី​កម្ពុជា​បាន​បញ្ជាក់​ដែរ​ថា​៖ «​ទោះ​បី​ជា កី​ឡាហុក​គី មិន​សូវ​មាន​ការ​ពេញ​និយម ​ឬ​មាន​ការ​ប្រកួត​ច្រើន​ក្នុង​ស្រុក​ក៏​ពិត​មែន ប៉ុន្តែ​​ពួក​ខ្ញុំ​ធ្លាប់​ចេញ​ប្រកួត​ញឹក​ញាប់​នៅ​ថៃ​ និង​បាន​ព្យាយាម​ហ្វឹកហាត់​ជានិច្ច​»។

គួរ​បញ្ជាក់​ថា ​កីឡា​ហុកគី​ គឺ​ជា​ប្រភេទ​កីឡា ​១ ​ប្រភេទ​ ក្នុង​ចំណោម​កីឡា​ចំនួន ​៣០ ប្រភេទ ​ដែល​កម្ពុជា​ត្រៀម​បញ្ជូន​ទៅ​ចូលរួម​ប្រកួត​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​​កីឡា​ស៊ីហ្គេម​នៅ​ហ្វីលីពីន ដែល​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី ៣០ ​ខែ វិច្ឆិកា​ រហូត​ដល់​ថ្ងៃទី ១១ ​ខែ ធ្នូ ​ឆ្នាំ ​២០១៩ ខាង​មុខ​នេះ​៕