ភ្នំពេញ: ដោយមាន​ឈាមជ័រ ជា​អ្នក​កីឡាករ​បន្ត​ពី​ឪពុក និង​មាន​បងប្អូន​ជា​អ្នក​កីឡា​ទាំង​អស់ អតីត​កីឡាករ​ជម្រើស​ជាតិ​បាល់ទាត់ លោក ហុក សុចិត្រា បាន​ហែល​ឆ្លង​ការ​លំបាក​រាប់​មិន​អស់ ក្នុង​ការ​វិវឌ្ឍ​ខ្លួន​ពី​កីឡាករ មក​ជា​គ្រូបង្វឹក និង​បន្ត​ឈាន​ទៅ​ធ្វើ​ជា​អ្នក​ចាត់ការ​ទូទៅ ដោយ​បាន​ដឹកនាំ​ក្លិប​ចំណូល​ថ្មី​មួយ ក្នុង​លីក​កំពូល​កម្ពុជា ឆ្នាំ ២០១៨ គឺ​វិសាខា ឲ្យ​ទទួល​បាន​លេខ ៣ ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ប៉ុន្តែ​ទម្រាំ​រក​ឃើញ​ភាព​ជោគជ័យ​នេះ លោក​បាន​ចំណាយ​ពេល​ជិត ២០ ឆ្នាំ​ឯណោះ។

ក្រៅពី​បទពិសោធ ជា​កីឡាករ​ឆ្នើម​អស់​រយៈពេល ១៥ ឆ្នាំ និង​ជា​អ្នក​គ្រប់គ្រង​ក្លិប​ឯកជន និង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នោះ លោក ហុក សុចិត្រា ក៏​ជា​មន្ត្រី​នគរបាល​ជាតិ នៅ​រាជធានី​ភ្នំពេញ​ផ្នែក​ព្រហ្ម​ទណ្ឌ ផង​ដែរ ហើយ​នៅ​ក្នុង​បទពិសោធ​នោះ លោក សុចិត្រា ធ្លាប់​ជួប​ការ​លំបាក និង​បាន​ដើរ​ចេញ​ពី​បាល់ទាត់​មួយ​រយៈ​ហើយ ដោយ ទើប​តែ​វិល​មក​ចូលរួម​បង្កើត​ក្លិប​វិសាខា កាល​ពី​ឆ្នាំ ២០១៧ ជាមួយ​ប្អូន​ប្រុស​បង្កើត​របស់​លោក​គឺ​លោក ហុក សុជីវ័ន ដែល​ជា​គ្រូបង្វឹក។

ជុំវិញ​អាជីព​ជា​អ្នកចាត់ការទូទៅ​នៅក្នុង​ក្លិប​វិសាខា​នេះ លោក ហុក សុចិត្រា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ជំនាញ ឬ​ការ​បណ្តុះ​បណ្តាល​លេង​បាល់ទាត់​ឲ្យ​បាន​ជោគជ័យ វា​ជា​ការ​លំបាក​ខ្លាំង​ណាស់ ព្រោះ​ទី ១ យើង​ត្រូវ​ស្គាល់​អំពី​សុខទុក្ខ និង​ជីវភាព​របស់​កីឡាករ​ក្នុង​ក្រុម ទី ២ ត្រូវ​គ្រប់គ្រង​អនុវត្ត​ឲ្យ​ម៉ឺង​មាត់ ចំពោះ​វិន័យ បទ​បញ្ជា ហើយ​ទី ៣ ផ្តល់​ជូន​ការ​ហ្វឹក​ហាត់​តាម​លក្ខណៈ​ទំនើប និង​អភិវឌ្ឍ​ឲ្យ​ទាន់​សម័យ​ព្រម​ទាំង​ការ​ប្រមូល​ផ្តុំ គ្រប់គ្រង​ផ្ទាល់​ឲ្យ​បាន​ណែន​ក្នុង​ដៃ និង​ផ្តល់​តម្លៃ​ការ​ឧបត្ថម្ភ​ប្រចាំ​ខែ ដល់​កីឡាករ​ឲ្យ​បាន​សមរម្យ ទើប​ពួកគេ​មាន​អារម្មណ៍​មូល»។

រចនាសម្ព័ន្ធ​គ្រប់គ្រង នៅក្នុង​ក្លិប​វិសាខា គឺមាន​គ្រូបង្វឹក និង​គ្រូ​ជំនាញ តាម​ផ្នែក​សរុប ៧ នាក់ ព្រមទាំង​មន្ត្រី​បច្ចេកទេស និង​មន្ត្រី​ព័ត៌មាន​មួយ​ចំនួន​ទៀត។ លោក សុចិត្រា បាន​និយាយ​ថា៖ «បច្ចុប្បន្ន ក្លិប​វិសាខា មាន​កីឡាករ​អាយុ​ក្រោម ១៧ ឆ្នាំ ចំនួន ២៥ នាក់ កំពុង​បណ្តុះ​បណ្តាល​ជា​ថ្នាល​សម្រាប់​អនាគត ហើយ​ក្រុម​ធំ ចំនួន ២៥ នាក់ ក្នុង​នោះ​មាន​កីឡាករ​បរទេស ៥ នាក់ កំពុង​ហ្វឹកហាត់​ជា​អចិន្ដ្រៃយ៍ នៅ​ទីលាន​ផ្ទាល់​របស់​ក្លិប ដែល​មាន​ទីតាំង​នៅ​បុរី ហ្រ្គេន​ភ្នំពេញ។

លោក សុចិ​ត្រា បាន​បន្តថា៖ «អ្វីដែល​ធ្វើ​ឲ្យ​បាល់ទាត់​ខ្លាំង និង​ទទួលបាន​លទ្ធផល​ល្អ ក្រៅ​ពី​ថវិកា​ទ្រទ្រង់​គ្រប់​គ្រាន់ គឺ​យើង​ត្រូវ​ដឹង និង​ដោះ​ស្រាយ​ពី​សេចក្តី​ត្រូវការ​របស់​កីឡាករ ម្នាក់ៗ ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​មូល​ល្អ គឺ​ផ្តោត​ទៅ​លើ​ការ​ហ្វឹក​ហាត់ និង​ប្រកួត​តាម​បច្ចេកទេស​តែ ១ មុខ»។

បុរស​វ័យ ៤០ ឆ្នាំ និង​មាន​កម្ពស់ ១,៨០ ម៉ែត្រ លោក សុចិ​ត្រា មាន​និស្ស័យ និង​ចំណង់​ចំណូល​ចិត្ត​លេង​បាល់​ទាត់ តាំង​ពី​កុមារភាព តាមរយៈ​ឪពុក​របស់​លោក គឺ​ព្រឹទ្ធាចារ្យ​មាន​ជំនាញ​ទាំង​កីឡា​ហាប់គីដូ ល្បុក្កតោ វ៉ូវីណាម និង​កីឡា​ចំបាប់ លោក ហុក ឈាង​គីម ដែល​មាន​អាយុ ៧៥ ឆ្នាំ​ទៅ​ហើយ ហើយ​កូន​របស់​លោក​ទាំង ៤ នាក់ សុទ្ធ​សឹង​តែ​ជា​អ្នក​និយម​ចូលចិត្ត​កីឡា។

លោក ហុក សុចិ​ត្រា បាន​បន្ថែមថា៖ «គ្រូបង្វឹក​បាល់ទាត់ ដែលមាន​ស្តង់ដារ​អន្តរជាតិ ទៅ​តាម​ផ្នែក​ផ្សេងៗ​នោះ មាន​ខ្ទង់ ២០ នាក់ ប៉ុន្តែ​មាន​លុយ​ច្រើន មិន​ប្រាកដ​ថា អាច​បើក​ក្លិប​បាល់​ទាត់ ឲ្យ​ទទួល​បាន​ជោគ​ជ័យ​នោះ​ទេ។ កត្តា​សំខាន់ យើង​ត្រូវ​ស្គាល់​ពី​តម្រូវការ​នៃ​បាល់ទាត់ ស្គាល់​ទីផ្សារ​នៃ​បាល់ទាត់ និង​ស្គាល់​ពី​ជំនាញ​បាល់ទាត់ ទើប​ធ្វើ​ជា​អ្នក​ចាត់​ការ​ទូទៅ មាន​ប្រសិទ្ធភាព»៕