ភ្នំពេញៈ កីឡាករ​ឆ្នើម​របស់​កម្ពុជា ហេង ចំណាន បាន​ឈ្នះ​តំណែង​ជើងឯក​ពី​ការប្រកួត​កីឡា​អុកចិន​នៃ​ព្រឹត្តិការណ៍​អន្តរជាតិ​ឈ្មោះ​ថា «the Belt and Road» the Second «Lingyun Baihao Tea Cup» Chess International លើក​ទី​ ២ នៅ​ខេត្ត​ក្វាងស៊ី ប្រទេស​ចិន ហើយ​រូបគេ​ទើប​បាន​វិល​មក​ដល់​មាតុ​ប្រទេស​វិញ​កាលពី​ម្សិលមិញ ដោយ​នាំ​មក​នូវ​ជ័យជម្នះ​ជូន​ជាតិ សហព័ន្ធ និង​មោទនភាព​របស់​ខ្លួនគេ​ផ្ទាល់​។

ហេង ចំណាន បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​៖ «​ការប្រកួត​នេះ​មាន​ ៥ ​ប្រទេស​ចូលរួម​មាន​ម៉ាឡេស៊ី មីយ៉ាន់ម៉ា អាល្លឺម៉ង់ រុស្ស៊ី និង​បេឡារុស នៅ​ការប្រកួត​ជាមួយ​កីឡាករ​មកពី​ ៥ ​ប្រទេស​ដោយ​ក្នុង​ ១ ​ប្រទេស​លេង​ ២ ​ក្តារ​ស្មើ​នឹង​ ១០ ​ប្រកួត​នោះ​គឺ​ខ្ញុំ​ឈ្នះ​ចំនួន​ ៩ ​ប្រកួត និង​ចាញ់​ ១ ​ប្រកួត​។ សរុប​ពិន្ទុ​គឺ​ខ្ញុំ​ទទួល​បាន​ចំណាត់​ថា្នក់​លេខ​ ១ និង​ជា​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​នោះ​តែ​ម្តង​ដែល​ធ្វើឲ្យ​ខ្ញុំ​ទទួល​បាន​ពាន​អម​ដោយ​ទឹកប្រាក់​ចំនួន​ ៥០០០ ​យន់ ​(​លុយ​ចិន​) ប្រហែល​ ៧៤២ ​ដុល្លារ​អាមេរិក​»​។

កីឡាករ​អុក​របស់​កម្ពុជា​រូបនេះ​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ការប្រកួត​កីឡា​អុក​ចិន​អន្តរជាតិ​លើក​ទី​ ២ កាលពី​ថ្ងៃទី​ ២៤ ខែ​មេសា​ហើយ​រូបគេ​បាន​ចូល​ប្រកួត​ពី​ថ្ងៃ​ទី​ ២៥ រហូត​ដល់​ថ្ងៃទី​ ២៩ ខែ​មេសា ឆ្នាំ​ ២០១៩ និង​ទើប​តែ​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​កាលពី​ម្សិលមិញ​។ ហេង ចំណាន បាន​រំឭក​ថា​៖ «​កាល​ប្រកួត​លើក​ទី​ ១ ខ្ញុំ​មិន​បាន​ចូលរួម​ទេ​គឺ​ខ្ញុំ​ទើប​តែ​បាន​ចូលរួម​ឆ្នាំ​ ២០១៩ ​នេះ​តាម​ការអញ្ជើញ​របស់​ប្រទេស​ចិន ប៉ុន្តែ​កាលពី​ឆ្នាំ​ ២០១៨ ខ្ញុំ​បាន​ឈ្នះ​ជើងឯក​ការប្រកួត​មួយ​ឈ្មោះថា Champion In Rapid Xianggi International Invitational Tournament»​។

ជាមួយ​ការឈ្នះ​ជើងឯក​ពី​ការប្រកួត​កីឡា​អុកចិន​ទាំង​ ២ ​ព្រឹត្តិការណ៍​នេះ បាន​ធ្វើឲ្យ ហេង ចំណាន ហាក់​មាន​មោទនភាព​ចំពោះ​ខ្លួនឯង​ខ្លាំង​ដោយ​បាន​និយាយ​ថា​៖ «​លក្ខណពិសេស​នៃ​ការប្រកួត​អុកចិន​របស់​ខ្ញុំ​នៅក្នុង​តំបន់ ទ្វីបអាស៊ី ឬ​ពិភពលោក​ពិតជា​លំបាក​ឈ្នះ​ខ្ញុំ​ណាស់ ព្រោះ​ការហ្វឹកហាត់​ជាប្រចាំ​នៅ​ពេល​ទំនេរ​ពី​ការងារ​ដោយ​ខ្ញុំ​មាន​គ្រូបង្វឹក​ជា​ជនជាតិ​ចិន និង​ហាត់​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ជានិច្ច​»​។

តាមប្រវត្តិ​ប្រកួត​របស់ ហេង ចំណាន ទទួល​បាន​លទ្ធផល​ល្អ​ណាស់​គឺ​នៅ​ឆ្នាំ​ ២០១៧ កីឡាករ​រូបនេះ​ធ្លាប់​ទៅ​ចូលរួម​ប្រកួត​ក្នុង​ចំណោម​ប្រទេស​ចំនួន​ ២០ និង​ដណ្តើម​បាន​ចំណាត់ថ្នាក់​លេខ​ ៣ ហើយ​ការចេញ​ទៅ​ប្រកួត​ជា​លើក​ទី​ ២ នៅ​ឆ្នាំ​ ២០១៨ ហេង ចំណាន ដណ្តើម​បាន​ចំណាត់ថ្នាក់​លេខ​ ១​។

លោក​ឧកញ៉ា លី ហួត ប្រធាន​សហព័ន្ធ​កីឡា​អុក​អន្តរជាតិ​កម្ពុជា​បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា​៖ «​ខ្ញុំ​មាន​ការរំភើប​ខ្លាំង ខណៈ​ដែល​ការរំពឹង​របស់ ចំណាន ឈ្នះ​គឺ​សម្រេច​បំណង​។ ខ្ញុំ​បាន​យក​ចិត្ត​ទុកដាក់​ជួយ​បណ្តុះបណ្តាល ចំណាន តាំងពី​យូរហើយ ពិសេស​គ្រប់ការ​បញ្ជូន​ទៅ​ប្រកួត ខ្ញុំ​ជា​អ្នករ៉ាប់រង​ទាំងអស់​»​។

គួរ​បញ្ជាក់​ថា ហេង ចំណាន កើត​ក្នុង​ឆ្នាំ​ ១៩៨៧ នៅ​រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន​គេ​ជា​មន្ត្រីរាជការ​នៅ​អាជ្ញាធរ​ទន្លេសាប​ផ្នែក​ស្រាវជ្រាវ ជំនាញ​ភាសា​ចិន និង​អង់គ្លេស​។ ចំណាន ចេះ​លេងអុក​នៅ​ឆ្នាំ​ ២០០២ ហើយ​ឆ្នាំ​ ២០០៨ គេ​មាន​ភាព​ល្បី និង​ត្រូវ​បាន​លោក លី ហួត ហៅ​មក​ចូល​ជម្រើសជាតិ​ដោយ​អញ្ជើញ​គ្រូ​ជំនាញ​កីឡា​អុក​ពី​ចិន និង​រុស្ស៊ី​មក​បង្វឹក​។ ប៉ុន្តែ ចំណាន បាន​ចេញ​ទៅ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​សហព័ន្ធ​ជា​លក្ខណៈ​ឯកជន​ប៉ុណ្ណោះ​ដោយ​ទទួល​បាន​លទ្ធផល​ល្អ គួរ​ឲ្យ​កត់សម្គាល់ ហើយ​កាលពី​ឆ្នាំ​ ២០១៤ ហេង ចំណាន បាន​ជាប់​ជា​អាជ្ញាកណ្តាល​អុកចត្រង្គ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន នៅ​អង្គរ និង​ទទួល​បាន​ការលើក​ទឹកចិត្ត​នូវ​ថវិកា​ពី​លោក ហ៊ុន សែន ផង​ដែរ​៕