
លោក ហេង ប៊ុនឃីម ពេលបង្ហាត់កីឡាករជម្រើសជាតិថ្នាលគុនខ្មែរ នៅពហុកីឡដ្ឋានជាតិ ពីថ្ងៃពុធ។ ស្រេង ម៉េងស្រ៊ុន
ភ្នំពេញ: មនសិការ និងការគិតប្រយោជន៍ជាតិជាធំ បានបង្ខំឲ្យគ្រូបង្វឹកមកពីជាយដែន លោកហេង ប៊ុនឃីម គ្រោងនឹងលាឈប់ពីតួនាទីជាគ្រូបង្វឹកក្រុមជម្រើសជាតិថ្នាលគុនខ្មែរ ដែលលោកមើលឃើញថា កីឡាករភាគច្រើនបានធ្វើខ្លួនមិនស័ក្តិសមជាក្រុមជម្រើសជាតិ មិនគោរពវិន័យ និងអ្នកគ្រប់គ្រង ហើយរឹតតែមិនសមទៅនឹងទំហំ នៃការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ដែលចំណាយថវិកាជាច្រើនលើការប្រមូលផ្តុំនេះ។
គម្រោងលាឈប់ពីតួនាទីជាគ្រូបង្វឹកក្រុមជម្រើសជាតិរបស់លោក ហេង ប៊ុនឃីម បានក្លាយជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ព្រោះមានគ្រូបង្វឹកជាច្រើន តែងតែប្រជែងគ្នា និងប្រាថ្នាចង់បាន តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិនេះ តែគ្មានឱកាស។ ផ្ទុយទៅវិញ លោក ប៊ុនឃីម បែរជាចង់លាឈប់ ដើម្បីវិលទៅធ្វើជាគ្រូបង្វឹកនៅក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យរបស់គាត់នៅឯខេត្តបន្ទាយមានជ័យវិញ។
យ៉ាងណាក៏ដោយ គម្រោងលាឈប់ពីតួនាទីជាគ្រូបង្វឹកក្រុមជម្រើសជាតិថ្នាលនេះ ឪពុករបស់ម្ចាស់មេដាយមាសស៊ីហ្គេម ឃីម ឌីម៉ា លោក ហេង ប៊ុនឃីម ហាក់បានបង្កប់ និងបិទបាំងនូវរឿងរ៉ាវលំបាកមួយចំនួនដែលលោកបានជួបប្រទះក្នុងការបំពេញភារកិច្ចជាគ្រូជម្រើសជាតិថ្នាល ជិតពេញ ១ ឆ្នាំនេះ។
ប៉ុន្តែដោយមានការសួរដេញដោលពីភ្នំពេញប៉ុស្តិ៍ លោក ហេង ប៊ុនឃីម បានសម្រេចទម្លាយអាថ៌កំបាំងនៃការចង់លាឈប់ពីគ្រូបង្វឹកជម្រើសជាតិនេះ ដោយលោកបានប្រាប់ថាមានពាក់ព័ន្ធលើបញ្ហាសំខាន់ ២ ទី ១ លោកចង់ទៅបង្វឹកឲ្យក្លិបផ្ទាល់របស់លោកវិញ ហើយទី ២ ក្រុមកីឡាករជម្រើសជាតិថ្នាលមានសីលធម៌ធ្លាក់ចុះ មិនសូវឲ្យតម្លៃដល់គ្រូបង្វឹក និងមិនគោរពវិន័យ។
លោក ហេង ប៊ុនឃីម បាននិយាយថា៖ «ការគ្រោងសុំលាឈប់ពីគ្រូជម្រើសជាតិរបស់ខ្ញុំ គឺខ្ញុំចង់ទៅពង្រឹងសមត្ថភាពកីឡាករ ក្នុងក្លិបរបស់ខ្ញុំផ្ទាល់ ដែលមានកូនសិស្សក្មេងៗ ក្នុងភូមិរង់ចាំ មិនតិចជាង ២០ នាក់ទេ ហើយខ្ញុំមានឱកាសបានបង្វឹក និងពង្រឹងសមត្ថភាពកីឡាករ និងបណ្តុះបណ្តាលក្មេងជំនាន់ក្រោយ ឲ្យមានសមត្ថភាពរឹងមាំ សម្រាប់អនាគតពួកគេផងដែរ»។
លោកបានបន្តថា៖ «ចំណុច សំខាន់មួយទៀត គឺក្នុងនាមខ្ញុំជាគ្រូបង្វឹកជម្រើសជាតិថ្នាលគុនខ្មែរ បានមើលឃើញថា ក្រុមកីឡាករជម្រើសជាតិថ្នាល មានសីលធម៌ធ្លាក់ចុះ ការមកហ្វឹកហាត់ មិនគោរពពេលវេលាទៀងទាត់ ហើយឥរិយាបថមិនស័ក្តិសមជាសិស្សជម្រើសជាតិ ពិសេសពួកគេមិនស្តាប់បង្គាប់គ្រូបង្វឹកជម្រើសជាតិដែលទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ប៉ុន្មានឡើយ»។
លោក ប៊ុនឃីម បានសង្កត់ធ្ងន់ថា៖ «តាមទស្សនៈផ្ទាល់របស់ខ្ញុំ គឺខ្ញុំស្តាយលុយរបស់រដ្ឋ ដែលបានចំណាយប្រាក់ខែសម្រាប់ពួកគេ និងគ្រូបង្វឹកនៅក្នុងក្រុមជម្រើសជាតិថ្នាល ព្រោះលទ្ធផលបានមកវិញមិនសមគ្នា ដោយហេតុថា កីឡាករភាគច្រើនមិនគោរពវិន័យ ពួកគេស្តាប់តែគ្រូដើម ប៉ុន្តែពេលចូលមកប្រមូលផ្តុំ ពួកគេមិនគោរពបទបញ្ជាផ្ទៃក្នុងរបស់អ្នកគ្រប់គ្រង ហេតុនេះខ្ញុំគិតថា ខ្ញុំស៊ីប្រាក់ខែរដ្ឋ ខ្ញុំអាណិតរដ្ឋណាស់ដែលបំពេញការងារគ្មានប្រសិទ្ធភាពល្អនោះ»។

លោក ហេង ប៊ុនឃីម បានថតជាមួយកូនៗ និងសិស្សរបស់ខ្លួន។យឺន ពន្លក
គិតត្រឹមឆ្នាំ ២០១៨ នេះ លោក ហេង ប៊ុនឃីម មានអាយុ ៥១ ឆ្នាំ ហើយបុរសមានកម្ពស់ ១,៦៥ ម៉ែត្ររូបនេះ ធ្លាប់ជាអ្នកប្រដាល់នៅតាមមូលដ្ឋានជនបទ មិនសូវល្បីឈ្មោះប៉ុន្មាននោះទេ ប៉ុន្តែការតស៊ូប្រឹងប្រែង នៅលើអាជីពមួយនេះ គឺពេលខ្លះលោកបានទទួលរងរបួសដាច់ពោះវៀន ចូលដេកពេទ្យក៏មាន។ យ៉ាងណាក៏ដោយ ជាមួយក្តីស្រឡាញ់ចូលចិត្ត ផ្នែកប្រដាល់នេះបានធ្វើឲ្យលោក ប៊ុនឃីម នៅតែមិនដាច់ចិត្តបោះបង់អាជីពមួយនេះ។
លោកនៅតែបន្តប្រឹងប្រែង ក្នុងនាមជាគ្រូបង្វឹក ដោយបានខិតខំបណ្តុះបណ្តាលកូនសិស្សជាអ្នកប្រដាល់ឆ្នើមៗមួយចំនួន នៅខេត្តបន្ទាយមានជ័យ ជាពិសេសកូនបង្កើតរបស់លោកមាន ឃីម ឌីម៉ា, ឃីម បូរ៉ា និង ឃីម ឌីម៉ៃ ដែលសុទ្ធតែកំពុងមានភាពល្បីល្បាញពេញនិយមនៅពេលបច្ចុប្បន្ន។
លោក ហេង ប៊ុនឃីម បាននិយាយថា៖ «ការដែលខ្ញុំត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជ្រើសជាគ្រូជម្រើសជាតិ ក្នុងឆ្នាំ ២០១៨ នេះ គឺជាភ័ព្វសំណាងផង និងដោយខ្ញុំមានសមត្ថភាពបង្វឹកបានល្អផង ហើយការឈ្នះបានមេដាយមាស ពីការប្រកួត ស៊ីហ្គេម ឆ្នាំ ២០១៧ របស់ ឃីម ឌីម៉ា ក៏ជាផ្នែកមួយ ដែលថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គាត់មើលឃើញពីសមត្ថភាពរបស់ខ្ញុំ ក្នុងឋានៈជាគ្រូបង្វឹកល្អមួយរូបផងដែរ»។
តាមការអះអាងរបស់លោក ហេង ប៊ុនឃីម បានឲ្យដឹងថា ការសម្រេចចិត្តលាឈប់ពីគ្រូជម្រើសជាតិថ្នាលគុនខ្មែរនេះ គឺនឹងត្រូវធ្វើឡើង ក្រោយពេលការប្រមូលផ្តុំក្រុមថ្នាលនេះ ត្រូវរំសាយ នៅចុងឆ្នាំ ២០១៨ នេះ ខណៈដែលកីឡាករ និងគ្រូបង្វឹកគ្រូជំនួយ ដែលជាប់ឈ្មោះជាក្រុមជម្រើសជាតិ សុទ្ធតែទទួលបានរបបហូបចុក ស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំខែពីក្រសួងអប់រំ យុវជន និងកីឡា ច្រើនសមរម្យ មិនគួរពួកគេធ្វេសប្រហែស នឹងការបំពេញកាតព្វកិច្ច ក្នុងការហ្វឹកហាត់មិនបានល្អនោះទេ។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ ការប្រមូលផ្តុំរបស់ក្រុមធំជម្រើសជាតិគុនខ្មែរ ត្រូវបានរំសាយហើយ ហើយត្រូវរង់ចាំការប្រមូលផ្តុំនៅឆ្នាំ ២០១៩ ខាងមុខ។ ចំណែកក្រុមជម្រើសជាតិថ្នាលគុនខ្មែរ មានកីឡាករ ៨ នាក់ រួមមាន កែវ ឡុង, ស សូ, សូត្រ វាសនា,យី ឌុក,ជា ចំរើននិងតាញ់ មករា ជាដើម កំពុងតែប្រមូលផ្តុំនៅឡើយ គឺនឹងអស់សុពលភាព ត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខ៕