ភ្នំ​ពេញ: កីឡាករ​ហេង ​វាសនា​ មក​ពី​ព្រៃ​ទទឹង​ខេត្ត​បាត់​ដំបង ត្រូវ​បាន​គណៈ​កម្ម​ការ​ប្រ​កួត​ប្រ​កាស​ឲ្យ​ស្មើ​កីឡាករ​មក​ពី​អ៊ី​រ៉ង់​ Mikaeil Ebrahim ​ក្នុង​ការ​ប្រកួត​ប្រ​ដាល់​គុន​ខ្មែរ​លក្ខណៈ​មិត្ត​ភាព​អន្តរ​ជាតិ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ នៅ​​សង្វៀន​អាស៊ី​អាគ្នេយ៍​ ខណៈ​ដែល​ការ​ប្រ​កួត​មើល​ទៅ​ទំនង​ជា​វាយ​មិន​អស់​ពី​សមត្ថភាព ​ហើយ​ហេង វាសនា ហាក់​បាន​បន្ធូរ​ដៃ​ឲ្យ​​។

ចំណែក​កីឡា​ករ​ពុទ្ធ​ ឆាយ​រិទ្ធី មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ បាន​ប្រ​កួត​ឈ្នះ​កីឡាករ​ថៃ ​Phich Nam Ek ទាំង​លំបាក​ក្នុង​ការ​តស៊ូ​គ្នា​ស្វិត​ស្វាញ​ចំនួន​៥​ទឹក​ពេញ​។​

បន្ថែម​ពី​លើ​នេះ​ទៀត​ កីឡាករ​ជើង​ថ្មី​វ័យ​ក្មេង​កម្ពុជា​ចាន់​ វ៉ារិទ្ធ ​មក​ពី​ក្លិប​និរោធ​មាន​ជ័យ​ បាន​ឡើង​ប្រ​កួត​ជំនួស​កីឡាករ​ធន់ ចាន់​តាក់ ត្រូវ​បាន​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ ​Pek ​Thieng ​វាយ​យ៉ាគ្រាំ​គ្រា​ខ្លួន មុន​នឹង​ទទួល​លទ្ធផល​បរាជ័យ​។​

ក្នុង​ការ​ប្រ​កួត​ចំនួន​៥ទឹក​ពេញ កីឡាករ​ហេង វាសនា​ ហាក់​បី​ដូច​វាយ​មិន​អស់​ពី​សមត្ថ​ភាព​ដោយ​មាន​ស្នៀត​ជង្គង់​ល្អ​ ប៉ុន្តែ​មិន​វាយ​សម្រុក​ខ្លាំង​នោះ​ឡើយ​។​

ចំណែក​កីឡាករ​មក​ពី​អ៊ី​រ៉ង់​ Mikaeil Ebrahim មាន​កណ្តាប់​ដៃ​ល្អ ​ចូល​វាយ​សម្រុក​ខ្លាំង ប៉ុន្តែ ​មិន​អាច​ដណ្តើម​បាន​​ពិន្ទុ​នាំ​មុខ​កីឡាករ​ហេង ​វាសនា​។ ​

ទោះ​បី​យ៉ាង​ណា​ ចប់​ការ​ប្រ​កួត ​កីឡាករ​ហេង វាស​នា របស់​កម្ពុជា​ទំនង​មាន​ប្រៀប​ពិន្ទុ​នាំ​មុខ​ជាង​តិច​តួច​ ប៉ុន្តែ​គណៈ​កម្ម​ការ​រៀប​ចំ​ប្រ​កួត បាន​​ប្រ​កាស​ឲ្យ​ស្មើ​ដើម្បី​ចៀស​វាង​ភាព​មិន​ប្រ​ក្រ​តី​ណា​មួយ​កើត​ឡើង​។​

អ្នក​ទស្សនា​មួយ​ចំនួន​លាន់​មាត់​ថា ប្រ​សិន​ហេង ​វាសនា​ វ៉ៃ​សម្រុក​ខ្លាំ​នោះ​ កីឡាករ​មក​ពី​អ៊ី​រ៉ង់ Mikaeil Ebrahim​ គេច​មិន​ផុត​ពី​​ការ​សន្លប់ ដោយ​មិន​​អាច​ឈាន​ចូល​បាន​៥ទឹក​នោះ​ឡើយ​​។

កីឡាករ​ពុទ្ធ ឆាយ​រិទ្ធី មក​ពីក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ បាន​យក​ឈ្នះ​កីឡាករ​ជើង​ចាស់​ថៃ​​ Phich Nam Ek ទាំង​លំបាក​ក្នុង​ការ​តស៊ូ​គ្នា​ស្វិត​ស្វាញ​ចំនួន​៥​ទឹក​ពេញ​។

​ជ័យ​ជម្នះ​របស់​​កីឡាករ​ពុទ្ធ ឆាយ​រិទ្ធី ទោះ​ជា​មាន​លក្ខណៈ​តឹង​តែង ​ប៉ុន្តែ​បាន​ស្តារ​មុខ​មាត់​ឡើង​វិញ​​។ ​តាម​កំណត់​ត្រា​ពិសេស​​នៃ​ការ​ប្រ​កួត​លក្ខណៈ​អន្តរ​ជាតិ​របស់​ពុទ្ធ ​ឆាយ​រិទ្ធី ​ចំនួន​៥​ប្រ​កួត​ចុង​ក្រោយ​ រូប​គេ​បាន​ចាញ់​២​ប្រ​កួត និង​ឈ្នះ​៣​ប្រ​កួត​ជាប់ៗ​គ្នា​ដើម្បី​ស្តារ​មុខមាត់​​​ឡើង​វិញ​។​

សម្រាប់​គូ​ប្រ​កួត​លក្ខណៈ​មិត្ត​ភាព​អន្តរ​ជាតិ​មួយ​គូ​ទៀត​ កីឡាករ​ជើង​ថ្មី​ចាន់​ វ៉ារិទ្ធ​ មក​ពី​និរោធ​មាន​ជ័យ​ បាន​ឡើង​ប្រ​កួត​ជំនួស​កីឡាករ​ធន់ ចាន់​តាក់ ដើម្បី​​ប៉ះ​ជា​មួយ​ជើង​ខ្លាំង​ Pek​Thieng។​

ទោះ​ជា​សមត្ថ​ភាព​ក្បាច់​គុន​ខុស​គ្នា ​និង​ឡើង​ប្រ​កួត​ជំនួស​គេ​​ក៏ដោយ ប៉ុន្តែ ​ចាន់ វ៉ារិទ្ធ អាច​ទប់​ទល់​បាន​ចំនួន​៥ទឹក មុន​នឹង​ទទួល​បាន​លទ្ធផល​ចាញ់​​ដោយ​ពិន្ទុ​។

តាម​គម្រោង ជើង​ខ្លាំង​ថៃ​ Pek​Thieng ត្រូវ​ប៉ះ​ជា​មួយ​ធន់ ​ចាន់​តាក់ មក​ពី​ក្រ​សួង​ការ​ពារ​ជាតិ ប៉ុន្តែ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ គេ​ឃើញ​កីឡាករ​ធន់​ ចាន់​តាក់​ ប្រ​កួត​ជា​មួយ​កីឡាករ​បរទេស​នៅ​សង្វៀន​ដទៃ​ ហើយ​គម្រោង​ប្រ​កួត​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍ ​ត្រូវ​លុប​ចោល និង​ដាក់​ជំនួស​ដោយ​កីឡាករ​ចាន់ ​វ៉ារិទ្ធ​ នេះ​តែ​ម្តង​ដើម្បី​បង្គ្រប់​កិច្ច​​៕