ភ្នំពេញ៖ ផ្តើម​ចេញពី​ត្រកូល​ជា​អ្នក​ហែល​ទឹក ហែម ថុនពន្លឺ បាន​ចូល​ហ្វឹកហាត់​កីឡា​ហែលទឹក តាម​លោកឪពុក និង​បងៗ​របស់​ខ្លួន តាំងពី​អាយុ ៨ ឆ្នាំ​ហើយ​តាមរយៈ​ការខិតខំ ដោយ​មាន​ឈាមជ័រ​ជា​អ្នក​ហែល​ទឹក​ស្រាប់​នោះ ពន្លឺ បាន​វិវឌ្ឍ​ខ្លួន​យ៉ាង​ល្អ ដើម្បី​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ និង​ចេញទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ ជា​បន្តបន្ទាប់ មុននឹង​សម្រេច​បញ្ចប់​អាជីព​ជា​កីឡាករ និង​ឈាន​មក​ធ្វើជា​គ្រូបង្វឹក​រហូត​មក​ដល់​ពេលនេះ។

លោក ហែម ថុនពន្លឺ បាន​ក្លាយជា​គ្រូបង្វឹក​ជម្រើសជាតិ​ហែល​ទឹក​តាំងពី​ឆ្នាំ ២០១៨ បន្ទាប់ពី​រូបគេ​បាន​ជាប់​ជា​កីឡាករ​ជម្រើសជាតិ​អស់​រយៈពេល​ជិត ២០ ឆ្នាំ ហើយ​នៅមុន​ទទួល​បាន​ងារ​ជា​គ្រូធំ ប្រចាំ​ក្រុម​ថ្នាល​ជម្រើសជាតិ​ក្នុង​ឆ្នាំ ២០១៨ នោះ ពន្លឺ ឆ្លងកាត់​វគ្គ និង​ការបណ្តុះបណ្តាល​ជំនាញ​នេះ​បាន​ច្រើន ព្រមទាំង​ជា​គ្រូ​កីឡា​ប្រចាំ​អនុវិទ្យាល័យ​ពោធិ៍ចិនតុង​ផង​ដែរ។

ហែម ថុនពន្លឺ បាន​ប្រាប់ថា៖ «ខ្ញុំ​ធំ​ដឹងក្តី គឺ​លោកប៉ា (ព្រឹទ្ធាចារ្យ ហែម ថុន) ឱ្យ​ហាត់​កីឡា​ហែលទឹក​នៅ​ត្រឹម ៨ ឆ្នាំ ក្នុង​ឆ្នាំ ១៩៩៨ ហើយ​ខ្ញុំ​បាន​ជាប់​ជា​កីឡាករ​ជម្រើសជាតិ​ក្នុង​ឆ្នាំ ២០០៦ និង​មានឱកាស​បាន​ទៅ​ចូលរួម​ប្រកួត​តំណាងឱ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើកដំបូង​ក្នុង​ឆ្នាំ ២០០៧ នៅ​បាងកក ប្រទេស​ថៃ​ហើយ​ក៏បាន​ចេញទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​ជា​បន្តបន្ទាប់​ទៀត រហូត​ដល់​ខ្ញុំ​ឈប់​ពី​ជម្រើសជាតិ​ក្នុង​ឆ្នាំ ២០១៧»។

ហែម ថុនពន្លឺ បាន​បន្តថា៖ «អ្វីដែល​ខ្ញុំ​ចងចាំ​បាន និង​មាន​មោទនភាព គឺ​ការប្រកួត​ក្នុង​កីឡា​អូឡាំពិក​នៅ​ប្រទេស​ចិន ក្នុង​ឆ្នាំ ២០០៨ និង​ប្រទេស​អង់គ្លេស ក្នុង​ឆ្នាំ ២០១២។ យ៉ាងណា​ក៏ដោយ នៅ​រាល់​ការប្រកួត​នៅលើ​ឆាក​អន្តរជាតិ ទាំង​លក្ខណៈ​ហ្គេម ក៏ដូចជា​ជើងឯក គឺ​ខ្ញុំ​មិន​ទទួលបាន​ចំណាត់ថ្នាក់​មេដាយ ឬ​ជយលាភី​អ្វី​នោះទេ ព្រោះ​សមត្ថភាព​អត្តពលិក​នៅ​បរទេស ល្អ​ជាង​យើង​ឆ្ងាយ គឺ​យើង​តាម​មិនទាន់​ទេ ប៉ុន្តែ​ខ្ញុំ​ធ្លាប់បាន​ចូលដល់​វគ្គ​ជម្រុះ​ចុងក្រោយ​ដែរ។ ចំណែក​មេដាយ​ក្នុង​ប្រទេស​វិញ ខ្ញុំ​ឈ្នះ​មេដាយមាស​រហូត គឺ​រាល់​ឆ្នាំ និង​រាល់​ព្រឹត្តិការណ៍​ប្រកួត​ថ្នាក់ជាតិ»។

ទាក់ទង​ទៅនឹង​ការសិក្សា​ចំណេះដឹង​ទូទៅ​វិញ ហែម ថុនពន្លឺ បាន​ប្រឡង​ជាប់​បាក់ឌុប ក្នុង​ឆ្នាំ ២០០៨ និង​ចេះ​ប្រើប្រាស់​ភាសារ​អង់គ្លេស​បាន​កម្រិត​បង្គួរ។ នៅ​ឆ្នាំ ២០០៩ គេ​បាន​ចូលរៀន​នៅ​វិទ្យាស្ថាន​កីឡា​ជា​គ្រូ​អប់រំ​កាយ និង​កីឡា​ហើយ​ទទួល​បាន​ក្របខ័ណ្ឌ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ចាប់តាំងពី​ពេលនោះ​មក ហើយ​លោក​ជា​គ្រូ​អប់រំ​កាយ និង​កីឡា​ប្រចាំ​ឱ្យ​អនុវិទ្យាល័យ​ពោធិ៍ចិនតុង​រាជធានី​ភ្នំពេញ មុន​ទទួល​បាន​ការងារ​ជា​គ្រូ​ជម្រើសជាតិ​កីឡា​ហែលទឹក​នៅ​ឆ្នាំ ២០១៨។

គ្រូបង្វឹក​វ័យក្មេង ហែម ថុនពន្លឺ ក្នុងពេល​បង្វឹក​ក្រុម​អត្តពលិក នាពេល​កន្លងមក។

នៅក្នុង​តួនាទី​ជា​គ្រូ​ជម្រើសជាតិ​ហែល​ទឹក ហែម ថុនពន្លឺ បាន​និយាយថា៖ «ខ្ញុំ​ជា​អ្នក​កាន់​កម្មវិធី​ហ្វឹកហាត់ ដោយ​ក្នុងនោះ​មានកម្ម​វិធី​ហាត់​សម្រាប់ ៣ កម្រិត​គឺ​កម្រិត ​A (អ្នកមាន​សមត្ថភាព​ខ្ពស់ជាង) កម្រិត​ B (កម្រិត​មធ្យម) និង​កម្រិត ​C ឬ​កម្រិត​ក្រោម​មធ្យម»។

គ្រូបង្វឹក​វ័យ ៣៥ ឆ្នាំ​រូបនេះ​បាន​បន្ថែមថា៖ «កាលពី​ឆ្នាំមុន ខ្ញុំ​ជា​គ្រូធំ​នៃ​ក្រុម​ថ្នាល ប៉ុន្តែ​ឆ្នាំ ២០២១ នេះ គេ​ច្របាច់​បញ្ចូល​គ្នា ដោយ​គ្មាន​ក្រុម​ថ្នាល ឬ​ក្រុម​ធំ​ជម្រើសជាតិ​នោះ​ទេ គឺ​ក្រុម​ជម្រើសជាតិ​តែមួយ ដោយ​ខ្ញុំ​ជា​គ្រូ​ជំនួយ ហើយ​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​កំពុងមាន​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​ស្វែងរក​មេដាយ​ឱ្យបាន​ក្នុង​ការប្រកួត​ស៊ីហ្គេម​ក្នុង​ពេល​ឆាប់ៗ​ចាប់ពី​ឆ្នាំ ២០២១ នេះ​ទៅ»។

យ៉ាងណាក៏ដោយ ជាមួយ​ការទទួល​បាន​ការងារ​ជា​គ្រូ​ជម្រើសជាតិ ទាំង​វ័យក្មេង​នេះ​របស់ ហែម ថុន ពន្លឺ នេះ​ក៏​មាន​ការរិះគន់​មួយចំនួន​ផងដែរ ជាពិសេស​ទៅលើ​ត្រកូល «ហែម» នេះ​តែ​ម្តង ដោយ​គេ​លើកឡើង​ថា ការទទួល​បាន​តួនាទី​ជា​គ្រូបង្វឹក​របស់ ពន្លឺ ដែល​បាន​មកនេះ​អាច​បាន​តាមរយៈ​ខ្សែ ឬ​បក្ខពួក គឺ​មិនមែន​ឡើង​ដោយ​ប្រើ​សមត្ថភាព​នោះទេ។

ប៉ុន្តែ​ជុំវិញ​ការរិះគន់​នេះ ហែម ថុន ពន្លឺ បាន​បញ្ជាក់ថា៖ «ការចោទប្រកាន់ ឬ​ការរិះគន់ថា កីឡា​ហែលទឹក​ភាគច្រើន​សុទ្ធតែ​ត្រកូល ហែម នោះ ខ្ញុំ​សូម​បកស្រាយ​ថា អត្តពលិក​ក្តី គ្រូបង្វឹក​ជម្រើស​ជាតិ​ក្តី ដូចជា​ខ្ញុំ​ផ្ទាល់​ក្តី គឺ​មាន​ប្រភព​ចេញ​មកពី​ការហ្វឹកហាត់ បណ្តុះបណ្តាល​ឆ្លង​វគ្គ និង​ជម្រើស​ប្រកួតប្រជែង ដោយ​មាន​សញ្ញាបត្រ​ទទួល​ស្គាល់​ត្រឹមត្រូវ។ ប្រសិនបើ​បេក្ខភាព​ណា មក​ប្រកួតប្រជែង ឬ​មាន​សមត្ថភាព​ល្អ​ជាង​នោះ គេ​រង់ចាំតែ​ទទួល តើ​ខ្ញុំ​មាន​បទពិសោធ​មាន​លក្ខណសម្បត្តិ​សមស្រប​តាម​គណៈកម្មការ​ជ្រើសរើស ទើប​ខ្ញុំ​ជាប់​ជា​គ្រូ​ជម្រើសជាតិ»។

គួរ​បញ្ជាក់ថា បង​បង្កើត​របស់ ហែម ថុនពន្លឺ ចំនួន ៥ នាក់​បាន​ចាប់យក​អាជីព​កីឡា​ហែលទឹក​ចំនួន ៤ នាក់ គឺ​បង​ទី ២ ឈ្មោះ ហែម លំផាត់ ជា​អតីត​គ្រូ​ជម្រើសជាតិ បង​ទី ៣ ហែម គីរី ជា​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​បង​ទី ៤ លោក ហែម រស្មី នៅ​អូស្ត្រាលី និង ហែម ថុនពន្លឺ ជា​កូនពៅ។ បន្ថែម​លើ​នេះ សាច់ញាតិ និង​ក្មួយ​របស់ ហែម ថុនពន្លឺ ជាច្រើន​នាក់​ទៀត ក៏​សុទ្ធតែ​ជា​អ្នក​ហែល​ទឹក ដោយ​ពួកគេ​បាន​ដើរ​តាម​គន្លង​របស់​ព្រឹទ្ធាចារ្យ ហែម ថុន ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ស្ថាបនិក​កំពូល​ដែល​បាន​លះបង់​ស្ទើរ​ពេញ​ជីវិត​របស់លោក​ក្នុង​ការលើកកម្ពស់​វិស័យ​កីឡា​ហែលទឹក​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ នៅមុន​ពេល​លោក​បាន​ទទួល​មរណភាព​កាលពី​ឆ្នាំ ២០១៥ ៕