The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ហែល​ទឹក​ចង់​ពង្រីក​ពាន ហែម ថុន ដើម្បី​ស្រូប​យក​ធនធាន​កីឡា




ហែល​ទឹក​ចង់​ពង្រីក​ពាន ហែម ថុន ដើម្បី​ស្រូប​យក​ធនធាន​កីឡា

Content image - Phnom Penh Post
លោក ហែម គីរី ពេល​ថតជាមួយ​ក្រុម​ម្ចាស់​ជយលាភី ក្រោយការបំពាក់មេដាយ ពី​ថ្ងៃអាទិត្យ​។ ឈន ណន

ហែល​ទឹក​ចង់​ពង្រីក​ពាន ហែម ថុន ដើម្បី​ស្រូប​យក​ធនធាន​កីឡា

ភ្នំពេញ៖ បើ​ទោះបី​ជា​ការ​ប្រកួត​កីឡា​ហែលទឹក​ជ្រើសរើស​ជើងឯក​យុវជន ពាន​ព្រឹទ្ធាចារ្យ ហែម ថុន លើក​ទី៤ ឆ្នាំ ២០២១ មិន​បាន​រៀបចំ​ពិធី​បិទ​ឱ្យ​បាន​ត្រឹមត្រូវ ទៅ​តាម​ការ​គ្រោង​ទុក ដោយសារ​មាន​ការ​ផ្ទះ​ឡើង​ជា​ថ្មី​នៃ​ជំងឺ​កូវីដ ១៩ គឺ​ព្រឹត្តិការណ៍ ២០ កុម្ភៈ ប៉ុន្តែ​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​បាន​ចាត់​ទុក​ការ​ប្រកួត​នេះ ជា​គន្លឹះ​ដើម្បី​ស្រូប​យក​ធនធាន​កីឡា និង​ថ្នាក់​ថ្នាល​ជំនាន់​ក្រោយ ដែល​មាន​ទេពកោសល្យ​សម្រាប់​ជា​ក្តី​រំពឹង​នៃ​ប្រភេទ​កីឡា​ហែលទឹក​ត្រៀម​ទៅ​កាន់​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០២៣ នៅ​កម្ពុជា។

លោក ហែម គីរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ក្រោយ​បញ្ចប់​ការ​ប្រកួត​ដោយ​គ្មាន​ពិធី​បិទ នៅ​អាង​ហែល​ទឹក​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ថា៖ «ចំណុច​សំខាន់​នៃ​ការ​ប្រកួត​នេះ គឺ​យើង​ចង់​ឱ្យ​ក្មេងៗ​របស់​យើង​បាន​ប្រកួតប្រជែង ដើម្បី​ទទួល​បាន​បទពិសោធ ព្រោះ​បើ​យើង​និយាយ​ពី​សិទ្ធ​ផល គឺ​ពួក​គាត់​នៅ​មិន​ទាន់​ជា​អត្តពលិក ដែល​មាន​កម្រិត​ល្អ​នៅ​ឡើយ​ទេ អ៊ីចឹង​អ្វីដែល​យើង​ផ្តោត​ខ្លាំង សម្រាប់​ក្រុម​អាយុ​ក្រោម ១៦ ឆ្នាំ គឺ​យើង​ចង់​ឱ្យ​ពួក​គាត់​មាន​ឱកាស​ចូលរួម​សិន»។

កូន​ប្រុស​បង្កើត​របស់​ព្រឹទ្ធាចារ្យ ហែម ថុន លោក គីរី បាន​បន្ថែម​ថា៖ «យើង​ចង់​មាន​ការ​ចូលរួម​ឱ្យ​បាន​ច្រើន និង​មាន​ភាព​ផុសផុល ព្រោះ​សហព័ន្ធ​កំពុង​តែ​ចង់​បាន​ធនធាន​កីឡា ​អ៊ីចឹង​ចាប់​ពី​ការ​ប្រកួត​នេះ​ទៅ​ជា​ការ​បើក​ផ្លូវ ឬ​ជា​ការ​ផ្តល់​ព័ត៌មាន​មួយ​ទៅ​ដល់​មាតាបិតា​សិស្ស គឺ​ថា​អ្នកណា​ស្រឡាញ់ និង​ចង់​ចូលរួម​ក្នុង​វិស័យ​ហែល​ទឹក​សូម​ទាក់ទង​មក​សហព័ន្ធ ដោយ​យើង​មាន​ទីតាំង​ហាត់​ហើយ​បើ​គាត់​ហាត់​នៅ​តាម​សាលា គឺ​ពេល​ប្រកួត​គាត់​អាច​មក​ប្រកួត​នៅ​ក្នុង​កម្មវិធី​របស់​សហព័ន្ធ​យើង​បាន»។

សម្រាប់​ការ​ប្រកួត​កីឡា​ហែល​ទឹក​ជ្រើសរើស​ជើងឯក​យុវជន ព្រឹទ្ធាចារ្យ ​ហែម ថុន លើក​ទី៤ ឆ្នាំ ២០២១ នេះ មាន​ក្រុម​អត្តពលិក​ចំនួន ៨៩ នាក់ បាន​ចូលរួម​ប្រកួត ហើយ​ពួក​គេ​ត្រូវ​បាន​ចែក​ចេញ​ការ​ប្រកួត​ជា ៣ ប្រភេទ អាយុ គឺ​ទី១ កុមារា កុមារី អាយុ​ចាប់​ពី ១០ ដល់ ១១ ឆ្នាំ ទី២ កុមារា កុមារី អាយុ​ចាប់​ពី ១២ ទៅ ១៣ ឆ្នាំ និង​ទី៣ សម្រាប់​វ័យ​យុវជន យុវនារី ដែល​មាន​អាយុ​ចាប់ពី ១៤ ដល់ ១៦ ឆ្នាំ។

តាមរយៈ​ការ​ប្រកួត​រយៈពេល​ត្រឹម ២ ថ្ងៃ នៅ​លើ​ប្រភេទ​វិញ្ញាសា​ចំនួន ២៣ នេះ គឺ​ក្រុម​អត្តពលិក​វ័យ​ក្មេង​ទាំង​នេះ បាន​ប្រឹងប្រែង​ប្រកួត​យ៉ាង​ស្វិតស្វាញ ធ្វើ​ឱ្យ​​ការ​ប្រកួត​លើក​នេះ បាន​បញ្ចប់​ដោយ​ជោគជ័យ បើ​ទោះបី​ជា​ការ​ប្រកួត​ថ្ងៃ​ចុង​ក្រោយ​មិន​មាន​ពិធី​បិទ ជា​ផ្លូវ​ការ ដោយសារ​ការ​ផ្ទះ​ឡើង​វិញ​នៃ​ជំងឺ​កូវីដ ១៩ ក៏​ដោយ ហើយ​លោក ហែម គីរី បាន​វាយ​តម្លៃ​ខ្ពស់​ទៅ​លើ​សារៈប្រយោជន៍ ដែល​ទទួល​បាន​ពី​ការ​ប្រកួត​នេះ។

លោក​បញ្ជាក់​ថា៖ «ការ​ប្រកួត​ជ្រើសរើស​ជើងឯក​យុវជន ព្រឹទ្ធាចារ្យ ​ហែម ថុន នេះ វា​មិន​ត្រឹមតែ​ជា​ការ​ស្វែងរក​ថ្នាក់​ថ្នាល​ជំនាន់​ក្រោយ សម្រាប់​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០២៣ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពាន​រង្វាន់​នេះ ជា​គន្លឹះ​មួយ ដើម្បី​ស្រូប​យក​ធនធាន​កីឡា​ហែលទឹក ហេតុនេះ​បើ​មាន​លទ្ធភាព យើង​នឹង​រៀបចំ​ពាន​មួយ​នេះ ឱ្យ​បាន​រៀងរាល់​ឆ្នាំ និង​កាន់​តែ​ធំ ពី ១ ឆ្នាំ ទៅ ១ ឆ្នាំ ព្រោះ​យើង​ចង់​ឱ្យ​មាន​ក្លិប សមាគម ឬក៏​សាលា ចូលរួម​ការ​ប្រកួត​របស់​យើង​ឱ្យ​បាន​កាន់តែ​ច្រើន»។

អ្នក​ហែល​ទឹក​កម្ពុជា​ដំបូង​គេ ដែល​ត្រូវ​បាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ទទួល​ស្គាល់​ជា​អត្តពលិក​កម្រិត​អូឡាំពិក​អន្តរជាតិ លោក គីរី បាន​បញ្ជាក់​បន្ថែម​ថា៖ «នេះ​ជា​គោលដៅ​ដ៏​ចម្បង​របស់​សហព័ន្ធ និង​ជា​គោលបំណង​សំខាន់ ដែល​មាន​ការ​ចង្អុល​បង្ហាញ​ពី​ឯកឧត្តម ស៊ុន ចាន់ថុល ជា​ប្រធាន​សហព័ន្ធ ព្រោះ​លោក​យល់​ឃើញ​ថា ការ​អភិវឌ្ឍ​កីឡា​ហែល​ទឹក​របស់​យើង គឺ​ដាច់​ខាត ត្រូវ​តែ​មាន​ថ្នាល មាន​ក្មេង ឡើង​ពី​ក្រោម​មក ដើម្បី​បន្តវេន»៕

អត្ថបទគួរចាប់អារម្មណ៍