The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ហែល​ទឹក ត្រៀម​ផែនការ​រំដោះខ្លួន ដើម្បី​កុំឱ្យ​ជួប​ភាពជូរចត់​ដូច ឡាវ និង​មីយ៉ាន់ម៉ា




ហែល​ទឹក ត្រៀម​ផែនការ​រំដោះខ្លួន ដើម្បី​កុំឱ្យ​ជួប​ភាពជូរចត់​ដូច ឡាវ និង​មីយ៉ាន់ម៉ា

Content image - Phnom Penh Post
សកម្មភាព​ប្រកួត​កីឡាហែលទឹក​ផ្នែក​យុវជន ដែល​សហព័ន្ធ បាន​រៀបចំ នាពេល​កន្លងមក។

ហែល​ទឹក ត្រៀម​ផែនការ​រំដោះខ្លួន ដើម្បី​កុំឱ្យ​ជួប​ភាពជូរចត់​ដូច ឡាវ និង​មីយ៉ាន់ម៉ា

បទពិសោធ​នៃ​ភាពជូរចត់​របស់​ប្រទេស​ជា​ម្ចាស់ផ្ទះ​ឡាវ និង​មីយ៉ាន់ម៉ា ដែល​រក​មិនបាន​មេដាយ ១ សោះ លើ​ការប្រកួត​កីឡាហែលទឹក វា​កំពុងតែ​ធ្វើឱ្យ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក មាន​ក្តីបារម្ភ និង​មាន​សម្ពាធ ដោយ​ខ្លាច​ជួប​ហេតុការណ៍​អាក្រក់​នេះដែរ នៅពេល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​ស៊ីហ្គេម​លើក​ទី ៣២ ឆ្នាំ ២០២៣។

អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក លោក ហែម គីរី បានចាត់ទុក​កម្ពុជា ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ចំនួន ៤ ទៀត មាន មីយ៉ាន់ម៉ា ប្រ៊ុយណេ ឡាវ និង ទីម័រ​ខាងកើត ដែល​វិស័យ​ហែល​ទឹក នៅ​មាន​កម្រិត​ទាប និង​មិនទាន់​អាច​ប្រជែង​ជាមួយ​ប្រទេស​សិង្ហបុរី ថៃ វៀតណាម ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី នៅឡើយ​ទេ។

លោក ហែម គីរី បាន​និយាយថា៖ «ខ្ញុំ​សូម​និយាយ​ទៅ​ស៊ីហ្គេម​នៅ​ឡាវ គឺ​ម្ចាស់ផ្ទះ​អត់​មាន​មេដាយ​ទេ សម្រាប់​ការប្រកួត​ហែល​ទឹក​នេះ ហើយ​មីយ៉ាន់ម៉ា ជា​ប្រទេស​ទី ២ ដែល​រៀបចំ​ស៊ីហ្គេម​អត់​មាន​មេដាយ លើ​ការប្រកួត​កីឡាហែលទឹក​នេះ​ដូចគ្នា ហើយ​ឥឡូវនេះ ដល់​កម្ពុជា​យើង​ត្រូវធ្វើ​ម្ចាស់ផ្ទះ​ស៊ីហ្គេម នៅ​ឆ្នាំ ២០២៣ ដែលជា​ប្រទេស​ស្ថិតនៅ​ចង្កោម​ប្រទេស​នៅ​ខាងក្រោម​ទាំង៥។

បុរស ដែល​ទើប​ត្រូវបាន​គណៈកម្មការ​អត្តពលិក​អូឡាំពិក​អន្តរជាតិ​ទទួលស្គាល់​ផ្លូវការ​ជា​អត្តពលិក​អូឡាំពិក​តែ​ម្នាក់​គត់​នៅ​កម្ពុជា លោក​ ហែម គីរី បាន​បន្តថា៖ «ខ្ញុំ​ជា​អ្នករៀបចំ និង​ជា​អ្នកដឹង​រឿង ហើយក៏​ជា​អ្នក​ធ្លាប់​ចូលរួម​ប្រកួត​ទៀត អ៊ីចឹង​ខ្ញុំ​ដឹងថា យើង​មានការ​ប្រឈម​ខ្ពស់ ចំណែក​សម្ទុះ​មេដាយ ដែល CAMSOC ដាក់ឱ្យ​យើង ដោយ​ត្រូវយក​មេដាយមាស ៣ គឺ​សម្ទុះ​នេះ មិនមែន​ខ្ពស់​តិច​ទេ គឺ​ខ្ពស់​ច្រើន​តែម្តង»។
«តាម​ពិតជា​គោលដៅ និង​ឆន្ទៈ​របស់​យើង គឺ​ចង់បាន​មេដាយ ទោះ​ក្នុង​កម្រិត​មេដាយ​ណាក៏ដោយ។ បើទោះបី​ជា​មិន​ដល់​មេដាយមាស​ឱ្យ​តែបាន​ប្រាក់ ឬក៏​មេដាយ​សំរឹទ្ធ ព្រោះ​យើង​ជា​ម្ចាស់ផ្ទះ​គឺ​មិន​ចង់បាន​សូន្យ​មេដាយ​នោះទេ ប៉ុន្តែ​នៅពេល គេ​ដាក់​សម្ទុះ​ឱ្យ​យើង អ៊ីចឹង​យើង​ត្រូវ​គិត​ទៀត គួរ​ធ្វើ​យ៉ាងម៉េច?»។

Content image - Phnom Penh Post
លោក ហែម គីរី បាន​ថ្លែង​ទៅកាន់​ក្រុម​អត្តពលិក និង​គ្រូបង្វឹក ក្នុង​ពេល​ប្រកួត​កីឡាហែលទឹក នៅ​អាង​ហែល​ទឹក​ពហុកីឡដ្ឋាន​ជាតិ។

តែ​ទោះបី​ជា​យ៉ាងណា សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ដែល​មាន​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជា​ប្រធាន​នោះ​ក៏​បាន​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​មួយចំនួន ដើម្បី​បង្កើត​ឱ្យ​មាន​នូវ​ក្តីសង្ឃឹម សម្រាប់​ការឈាន​ទៅ​រក​ឈ្នះ​បាន​មេដាយមាស ទៅ​តាម​ការដាក់​សម្ទុះ​មេដាយ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី ៣២ ឆ្នាំ ២០២៣ (CAMSOC) ផងដែរ។

លោក ហែម គីរី បាន​បញ្ជាក់ថា៖ «យើង​មាន​ផែនការ​យុទ្ធសាស្ត្រ​ខ្លះ ដែល​យើង​ធ្វើទៅ មាន​ក្តីសង្ឃឹម ទី១ យើង​ចង់​បណ្តុះ​ក្មេង ដែល​​មាន​ធនធាន​ស្រាប់ និង​កម្រិត​ខ្ពស់​ស្រាប់ រួច​បញ្ជូន​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស ទោះ​បាន​ប៉ុន្មាន​ឆ្នាំ​ក៏ដោយ ព្រោះនេះ​ជា​ឱកាស​របស់​យើង ទី ២ យើង​ត្រូវ​ស្វែងរក​កីឡាករ កីឡាការិនី ជា​កូន​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស ដូចជា​អាមេរិក បារាំង និង​អូស្ត្រាលី ជាដើម ដែលជា​ប្រទេស​មាន​អ្នក​ហែល​ទឹកពូកែៗ ដើម្បី​មកលេង​តំណាង​ឱ្យ​កម្ពុជា ហើយ​មកដល់​ពេល​នេះ យើង​បាន​មើលឃើញ និង​ជ្រើសរើស​បាន​ខ្លះ​ហើយ។
កូនប្រុស​របស់លោក​ព្រឹទ្ធាចារ្យ ហែម ថុន រូបនេះ​បាន​បន្ថែមថា៖ «ចំណែក​ទី ៣ យើង​ជា​ម្ចាស់ផ្ទះ គឺ​យើង​ត្រូវយក​ប្រៀប ដោយ​ការជ្រើសរើស​យក​ប៉ុន្មាន​ប្រភេទ​កីឡា និង​ប៉ុន្មាន​វិញ្ញាសា សម្រាប់​ដាក់ឱ្យ​ប្រកួត ព្រោះ​ប្រភេទ​កីឡា​ទឹក​នេះ​មាន​ច្រើន​ប្រភេទ។ ហេតុនេះ បើ​ទោះ​ការកំណត់​សម្ទុះ​មេដាយ វា​ខ្ពស់ ប៉ុន្តែ​យើង​នៅតែ​មាន​ក្តី​សង្ឃឹមថា យើង​នឹង​ប្រឹងប្រែង​ធ្វើឱ្យបាន ដើម្បី​កិត្តិយស​ជាតិ ជាពិសេស​យើង​ចង់​បង្កើត​ស្នាដៃ​មួយ សម្រាប់​យើង​ជា​ម្ចាស់ផ្ទះ»៕

អត្ថបទគួរចាប់អារម្មណ៍