សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​បង្ហាញ​វត្តមាន​ក្រុម​ជម្រើសជាតិ​ប្រចាំ​ឆ្នាំ ២០២១ ដោយមាន​គ្រូបង្វឹក កីឡាករ និង​កីឡាការិនី​សរុប​ចំនួន ២២ នាក់ ជាមួយ​នឹង​គម្រោង​ប្រមូលផ្តុំ​របស់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៃ​កម្មវិធី​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

អត្តពលិក​កីឡា​ហែលទឹក​ជម្រើស​ជាតិ ឆ្នាំ ២០២១ ដែល​សម្រេច​ដោយ​ក្រសួង​អប់រំ គឺ​បាន​តម្រូវ​ឱ្យ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា សហការ​ជាមួយ​សហព័ន្ធ ត្រួតពិនិត្យ​ចាប់ផ្តើម​ហ្វឹកហាត់​តាមរយៈ​អនឡាញ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​ស៊ីហ្គេម​លើក​ទី ៣១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ចុង​ឆ្នាំ ២០២១ នេះ និង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា​ផងដែរ ហើយ​បន្ថែម​ពីលើ​នេះ អគ្គលេខាធិការ​សហព័ន្ធ​បាន​អះអាងថា នឹង​ជំរុញ​ការហ្វឹកហាត់​ឱ្យបាន​ទ្វេដង ដើម្បី​ឆ្លើយតប​ទៅនឹង​ព្រឹត្តិការណ៍​ប្រកួត​ជាក់ស្តែង។

លោក ហែម គីរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​បាន​ប្រាប់ថា​សម្រាប់​ឆ្នាំ ២០២១ នេះ សហព័ន្ធ​ត្រូវបាន​ក្រសួង​អប់រំ​អនុញ្ញាត​ឱ្យ​ប្រមូលផ្តុំ​ជា​ក្រុម​ជម្រើសជាតិ​មាន​គ្រូបង្វឹក ៥ នាក់ និង​ក្រុម​អត្តពលិក ១៧ នាក់ (ស្រី ៧ នាក់) គឺ​គ្មាន​ក្រុម​ថ្នាល​ដូច​បណ្តា​ឆ្នាំ​មុនៗ​ទេ ដោយ​ក្នុងនោះ គ្រូបង្វឹក​ធំ​លោក នាង សុរិទិ្ធយ៉ា ចំណែក​លោក ហែម ថុនពន្លឺ លោក ឆោម ច័ន្ទថុន លោក ចេង ពិរោទ និង​លោក ភិន រដ្ឋា ជា​គ្រូ​ជំនួយ។

ចំណែក​កីឡាករ​ចំនួន ១០ នាក់​មាន​កីឡាករ លឹម កែវឧត្តម, ប៊ាន សុខហ៊ុយ, ហែម ប៉ុច, ឆោម ច័ន្ទថន, ប៊ុនណា ពៅពេជ្ជរ៉ា, អ៊ួង លីហេង, ឌឿន រ៉ាត់ធីឌុន, ឌឿន សុធី, ទួន ទិត្យសត្យា និង​កីឡាករ លឹម សុខវឌ្ឍន៍នន្ទ រីឯ​បេក្ខភាព​កីឡាការិនី​ទាំង ៧ នាក់​មាន កាំង មុយនីន, សុខ វរល័ក្ខណ៍, ឆោម ស្រីវល្ល័ក្ខណ៍, ឃឺន ប៊ុនពេជ្រមរកត, អ៊ួង សែននី, វិច ហ្សង់ឆាយ និង​កីឡាការិនី ឃឺន ចន្ទចរិយា។

ការប្រកួត​កីឡាហែលទឹក​ផ្នែក​យុវជន ដែល​សហព័ន្ធ​បានរៀបចំ​ឡើង​កាលពី​ដើម​ឆ្នាំ ២០២១ នេះ។

ជាមួយ​គ្នា​នេះ​លោក ហែម គីរី បាន​តាំងចិត្ត​ថា៖ «នៅក្នុង​ស្ថានភាព​លំបាក​ដោយសារ​ជំងឺ​កូវីដ១៩ ឆ្លង​រាលដាល​គឺ​ការហ្វឹកហាត់​ធ្វើតាម​អនឡាញ ព្រោះ​មិនទាន់​អាច​ប្រមូលផ្តុំ​បាន ប៉ុន្តែ​តាម​ការតាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ពី​គ្រូបង្វឹក ក៏ដូចជា​អនុរក្ស និង​មន្ត្រី​ថ្នាក់ដឹកនាំ សហព័ន្ធ គឺ​ជំរុញ​ឱ្យ​ការហ្វឹកហាត់​របស់​អត្តពលិក​គុណ​នឹង ២ ដើម្បី​ឆ្លងតប​ទៅនឹង​តម្រូវការ ឬ​ឆ្លើយតប​ទៅនឹង​ព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិ​នានា ស្រប​តាម​ការដឹកនាំ​គ្រប់គ្រង​របស់​ក្រសួង​អប់រំ ក៏ដូចជា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង CAMSOC ដែរ»។

យ៉ាងណា​ក៏ដោយ នៅពេល​សួរ​លទ្ធផល​ដែល​រំពឹង​នឹង​ទទួលបាន​ពី​ការប្រកួត​នៅលើ​ឆាក​អន្តរជាតិ លោក ហែម គីរី បាន​ពន្យល់ថា៖ «ប្រភេទ​កីឡា​ហែលទឹក​ពិតជា​លំបាក​ប្រជែង​យក​មេដាយ​កម្រិត​អន្តរជាតិ ព្រោះ​ភាពជឿនលឿន​របស់​ប្រទេស​គេ​មាន​សក្តានុពល​លឿន​ជាង​យើង ប្រសើរ​ជាង​យើង ប៉ុន្តែ​យើង​ក៏ត្រូវ​តែ​រត់​ឱ្យ​ទៅជិត​គេ​ដែរ»។

កូនប្រុស​បង្កើត​របស់​ព្រឹទ្ធាចារ្យ​លោក ហែម ថុន រូបនេះ​បាន​បន្ថែមថា៖ «ទោះបីជា​យ៉ាងណា ហែល​ទឹក​កម្ពុជា​មាន​ភាពរីកចម្រើន​ឡើង​ជា​បន្តបន្ទាប់ ហើយ​គោលដៅ​របស់​យើង​នឹង​យក​មេដាយ​ឱ្យបាន​ក្នុង​ឆ្នាំ ២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ស៊ីហ្គេម លើក​ទី ៣២»៕