ភ្នំពេញ៖ អ្នកប្រដាល់ ហ៊ឹម គឹមរៀង បានឈ្នះប្រាក់លានពីការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាននៅសង្វៀនថោនប្រចាំសប្តាហ៍ទី ៧១ កាលពីរាត្រីថ្ងៃអាទិត្យ ប៉ុន្តែជ័យជម្នះដែលទទួលបានប្រាក់ចំនួន ៣,៤ លានរៀលនេះក៏មានការរិះគន់ថាបានដោយសារហេង ឬសំណាងច្រើនជាងសមត្ថភាពពិតដ្បិតអីកាឈ្នះរបស់ គឹមរៀង ក្នុងវគ្គជម្រុះ ដោយសារឡុងខេត្តល្មើសបទបញ្ជាប្រកួតចំណែកវគ្គផ្តាច់ព្រ័ត្រ គឹមរៀង ឈ្នះ យ៉នពិសី ក្នុងលក្ខណៈមិនដាច់ទេគឺក្នុងពិន្ទុមិនឯកច្ឆន្ទពីសំណាក់ចៅក្រមតែ ៣ នាក់គឺ ២ ទល់។
ជាមួយគ្នានេះដែរគូឆ្នើមប្រចាំសប្តាហ៍រវាងកីឡាករ បឺត សង្ឃឹម ជាមួយកីឡាករ អេអាំ ម៉ារីនភូថង ប្រកួតមិនអស់ពីសមត្ថភាពវ៉ៃលេងៗឡើងយកតែលុយតម្លៃខ្លួនធ្វើឱ្យអ្នកទស្សនាធុញទៅវិញ និងមានអ្នកខ្លះលាន់មាត់ថាមើលប្រកួតគូមួយនេះចោលលុយតែម្តង។
ជ័យជម្នះរបស់ ហ៊ឹម គឹមរៀង ត្រូវបានអ្នកតាមដានទស្សនាភាគច្រើនទស្សន៍ទាយខុស ព្រោះបើតាមសមត្ថភាពក្បាច់គុន និងកម្លាំងប្រយុទ្ធពិតរបស់ គឹមរៀង ក្នុងពេលបច្ចុប្បន្នធ្លាក់ចុះជាងមុនហើយលទ្ធផលប្រកួតមួយរយៈចុងក្រោយនេះដែរគឺចាញ់សន្លប់ញឹកផងដែរ ប៉ុន្តែអ្វីដែលជាសំណាងរបស់ ហ៊ឹម គឹមរៀង គឺបានឆ្លងផុតចូលវគ្គផ្តាច់ព្រ័ត្រ ដោយសារកីឡាករឡុងខេត្តបានបង្កើតកំហុសគឺបានទាត់បន្ថែមល្មើសច្បាប់ប្រកួតធ្វើឱ្យគឹមរៀងទទួលលទ្ធផលឈ្នះទាំងសន្លប់។
យ៉ាងណាក៏ដោយ ហ៊ឹម គឹមរៀង ត្រូវបានគេមើលឃើញថាបានរងទម្ងន់ជើងរបស់ឡុងខេត្តបណ្តាលឱ្យសន្លប់ធំនៅដើមទឹកទី ២ មែនគឺមិនមែនធ្វើសន្លប់ ដើម្បីស៊ីឡាកនោះឡើយ។ ចំណែកការឡើងនៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ហ៊ឹម គឹមរៀង បានបន្តឈ្នះ យ៉ន ពិសី ដែលទើបយកឈ្នះលើ សាន សំអុន ទាំងវេទនាខ្លួនហើយបើតាមមើលនឹងភ្នែកគឺវេទនាឈ្នះណាស់ ប៉ុន្តែពិន្ទុពីចៅក្រមចំនួន ៣ នាក់ផ្តល់ឱ្យ គឹមរៀង ឈ្នះ ២ ទល់។
នៅពេលចប់ការប្រកួតកីឡាករ យ៉ន ពិសី សម្តែងកាយវិការមិនពេញចិត្តពីលទ្ធផលដែលខ្លួនចាញ់នោះឡើយ។ យ៉ន ពិសី បាននិយាយក្រោយប្រកួតថា៖ «ការផ្តល់ពិន្ទុមិនយុត្តិធម៌ទេ។ ខ្ញុំវាយសម្រុកខ្លាំងហើយគេដកថយច្រើនតែបានលទ្ធផលបែរជាទៅអ៊ីចឹងទៅវិញហេតុនេះខ្ញុំចង់សងសឹកក្នុងពេលក្រោយឡើងវិញ»។
ជុំវិញបញ្ហានេះលោក ជួប វុត្ថា អ្នកផ្គូផ្គង និងជាអ្នកសម្របសម្រួលកម្មវិធីប្រដាល់នៅសង្វៀនថោនបាននិយាយថា៖ «ហ៊ឹម គឹមរៀង យើងមើលឃើញថារងទម្ងន់ជើងពីឡុងខេត្តហើយសន្លប់មែនទែនមិនធ្វើពុតទេហេតុនេះតាមច្បាប់ប្រកួតគេត្រូវឱ្យកីឡាកររងគ្រោះឈ្នះអ៊ីចឹងហើយ ប៉ុន្តែអ្នកទស្សនាមិនចង់ឃើញជ័យជម្នះបែបៗហ្នឹងទេ។ តាមខ្ញុំសង្កេតផ្ទាល់ខ្លួនប្រសិនបើគ្មានបទល្មើសរបស់កីឡាករឡុងខេត្តទេគឺ គឹមរៀង មានភាគរយតិចណាស់ដែលអាចឈ្នះបានប្រាក់លានសប្តាហ៍ទី ៧១ នេះ»។
តាមការទស្សន៍ទាយរបស់មហាជនយ៉ាងច្រើនលើសលប់គេសម្លឹងឃើញថា ឡុង ខេត្ត និង យ៉ន ពិសី អាចនឹងប្រជែងគ្នានៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែជាក់ស្តែងនោះរឿងមិនប្រក្រតីបានកើតឡើងនាំឱ្យ ហ៊ឹម គឹមរៀង ឈ្នះដោយមិននឹកស្មានដល់។
ចំណែកគូប្រដាល់ដែលគេរំពឹងថាល្អមើលរវាងកីឡាករ បឺត សង្ឃឹម និង អេអាំ ម៉ារីនភូថង នោះបានត្រឹមធ្វើឱ្យមហាជនលួចជេរ ព្រោះការប្រកួតរបស់ពួកគេវ៉ៃលេងៗដោយបាត់ស្នៀតពិសេសៗដែលពួកគេធ្លាប់មានដូចជាកែងកណ្តាប់ដៃ និងទឹកចិត្តចូលប្រកួតស្រួចស្រាល់។ អ្នកទស្សនាប្រដាល់ភាគច្រើននិយាយថាគូប្រដាល់ដែលមានឈ្មោះល្បីមួយចំនួនគឺល្បីបានតែឈ្មោះ ប៉ុន្តែការប្រកួតអស់ប្រជាប្រិយ។ ជាមួយគ្នានេះការប្រកួតរបស់គូនេះត្រូវរងនូវការព្រមានពីលោកអាជ្ញាកណ្តាល កែវ ពៅ ផងដែរ។
ទាក់ទងទៅនឹងសកម្មភាពប្រកួតមិនអស់ពីសមត្ថភាពនេះអ្នកគ្រប់គ្រងកម្មវិធីបាននិយាយថា៖ «អ្នកប្រដាល់រូបណាដែលធ្វើការប្រកួតមិនស័ក្តិសមតាមសមត្ថភាពនោះកម្មវិធីរបស់យើងនឹងកត់ត្រាទុកហើយលើកក្រោយលំបាកនឹងស្វែងរកបានការប្រកួតនៅទីនេះណាស់»៕