ប៉ារីស៖ ទាំងក្រុមបាល់ទាត់ជម្រើសជាតិហ្សកហ្ស៊ី និងម៉ាសេដ្វានខាងជើង សុទ្ធតែមិនធ្លាប់បានឡើងទៅលេងក្នុងព្រឹត្តិការណ៍ធំៗ ពីមុនមកឡើយ តែក្រុមទាំង ២ នៅសល់ ១ ហ្គេមទៀតប៉ុណ្ណោះ ក្នុងការដណ្ដើមកៅអី ១ ដើម្បីបានទៅលេងក្នុងព្រឹត្តិការណ៍ Euro 2020 ដែលត្រូវបានលើកយកទៅរៀបចំនៅឆ្នាំក្រោយ។
ការប៉ះគ្នារវាងក្រុមទាំង ២ នៅក្រុងប៊ីលីស៊ី នាយប់ថ្ងៃព្រហស្បតិ៍ គឺជាជំនួបរបស់គូ ១ នៃចំណោមគូផ្សេងទៀត សម្រាប់ការប្រកួតវគ្គ play-off ផ្ដាច់ព្រ័ត្រ ដែលនឹងសម្រេចយក ៤ ក្រុមចុងក្រោយ ទៅបង្គ្រប់ ២៤ ក្រុម ក្នុងព្រឹត្តិការណ៍ ដែលបានពន្យារពេល ១ ឆ្នាំ ដោយសារការរីករាលដាលនៃវីរុសកូរ៉ូណា។
នេះជាឱកាសដ៏មានតម្លៃសម្រាប់ប្រទេស ដែលមានការប្រកួតប្រជែងកីឡាតូចជាងគេរបស់ពិភពលោកទាំង ២ នេះ ដោយឱកាស ១ ទៀត ត្រូវបានផ្ដល់ឱ្យពួកគេ តាមរយៈកម្មវិធីប្រកួតថ្មី UEFA Nations League។
ការប្រកួតជម្រុះសម្រាប់ Euro 2020 នេះ ឃើញថា ហ្សកហ្ស៊ី ដែលនៅលេខទី ៨៦ ក្នុងតារាងចំណាត់ថ្នាក់របស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដណ្ដើមបាន ៨ ពិន្ទុ ដោយឈ្នះក្រុមហ្ស៊ីប្រាល់តា ទាំងទៅទាំងមក ហើយទប់ស្មើ ០-០ ចំនួន ២ ដង ពេលតទល់ជាមួយក្រុមដាណាម៉ាក និងសារ.អៀរឡង់។
ចំណែកក្រុមម៉ាសេដ្វានខាងជើង ដែលនៅចំណាត់ថ្នាក់ទី ៦៥ របស់ FIFA ហាក់ប្រសើរជាងបន្តិច ដោយសារបានបញ្ចប់នៅចំណាត់ថ្នាក់ទី ៣ ក្នុងពូលរបស់ខ្លួនសម្រាប់វគ្គជម្រុះ តែទាំង ២ ក្រុម បានប្រកួតស្មើគ្នា ២ លើក ក្នុងជំនួប Nations League កាលពី ២ ខែកន្លងទៅ។
ការប្រកួតប្រជែង គឺខ្លាំងក្លាមែនទែន នៅក្រុងប៊ីលីស៊ី របស់ហ្សកហ្ស៊ីនេះ ដោយក្រុមដែលឈ្នះនឹងឡើងទៅវគ្គ Group Stage ដែលត្រូវទៅនៅពូល C ជាមួយក្រុមហូឡង់ អ៊ុយក្រែន និងអូទ្រីស៕ AFP/VN