ភ្នំពេញ៖ ដោយ​មាន​ប្រភព​ចេញ​ពី​ក្មេង​ក្រីក្រ​មក​ពី​ជនបទ លោក ឡាច ច័ន្ទដារ៉ា ​បាន​ផ្សារ​ភ្ជាប់​ខ្លួន​ជាមួយ​កីឡា​ការ៉ាតេ​ អស់​​រយៈពេល ​៣៧ ឆ្នាំ​មក​ហើយ ដោយ​​លោក​​បាន​ខំ​ប្រឹងប្រែង​កែប្រែ​វាសនា​របស់​ខ្លួន​ពី​កីឡាករ រហូត​ក្លាយ​ជា​គ្រូ​បង្វឹក​ដ៏​មាន​បទពិសោធ និង​ជា​ថ្នាក់​ដឹកនាំ​ម្នាក់ នៅ​ក្នុង​សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា ដែល​មាន​ខ្សែ​ក្រវាត់​ខ្មៅ​ ៨ ដាន់ និង​ជា​ម្ចាស់​ក្លិប​សុរិយា​ការ៉ាតេដូ ដែល​មាន​ទីតាំង​នៅ​មុខ​មន្ទីរពេទ្យ​រុស្ស៊ី ក្នុង​សង្កាត់​បឹង​ទំពុន ​រាជធានី​ភ្នំពេញ​ផង​ដែរ​ ប៉ុន្តែ​​ការងារ​ស្នូល​របស់​លោក ​ជា​ឧត្តម​សេនីយ៍​ត្រី​ មាន​តួនាទី ​ជា​អនុ​ប្រធាន​ស្ថាប័ន​អយ្យការ​តុលាការ​យោធា​។​

នៅ​ក្នុង​បទសម្ភាស​ជា​មួយ ​ភ្នំពេញ ​ប៉ុស្តិ៍​ លោក​ ឡាច ​ច័ន្ទដារ៉ា ​បាន​ប្រាប់​ថា​ ​លោក​មាន​ប្រភព​ចេញ​ពី​ក្មេង​ជនបទ​ក្រីក្រ ១ រូប នៅ​ភូមិ​ព្រែកតាម៉ិម ​ឃុំ​ទឹកវិល ​ស្រុក​ស្អាង ​ខេត្ត​កណ្តាល​។ លោក​​មាន​បងប្អូន​លេង​កីឡា​ចំនួន ​៣ នាក់​ ក្នុង​ចំណោម​បងប្អូន ​៨ ​នាក់ ដែល​​បាន​ចាកចេញ​មក​រៀន​នៅ​វិទ្យាល័យ​ទួល​គោក​ក្នុង​ក្រុង​ភ្នំពេញ​ ហើយ​បាន​ចាប់​ចិត្ត​លើ​កីឡា​ការ៉ាតេដូ​នេះ ​នៅ​ឆ្នាំ ​១៩៨៣​ ដោយ​ធ្លាប់​ហាត់​នៅ​ក្បែរ​រង្វង់​មូល​មាន់​ចែ ​និង​លើ​រោង​ភាពយន្ត​សុរិយា​ក្រៅ​ម៉ោង​ពេល​សិក្សា​។​

លោក​ ឡាច​ ច័ន្ទដារ៉ា បាន​​និយាយ​ថា​៖ ​«ខ្ញុំ​ចូលចិត្ត​ហាត់​ និង​លេង​កីឡា​តាំង​ពី​ក្មេង ហើយ​​សម្រេច​ចិត្ត​ជ្រើសរើស​យក​កីឡា​ការ៉ាតេ ដើម្បី​ហ្វឹកហាត់​រាល់​ថ្ងៃ​ជា​រៀង​រហូត ​ដោយ​ចាប់​ផ្តើម​ដំបូង​នៅ​ថ្ងៃ​ទី ​២០ ​ខែ ​កញ្ញា​ ឆ្នាំ ​១៩៨៣ ​ហើយ​​មក​ដល់​បច្ចុប្បន្ន ​ខ្ញុំ​មាន​ខ្សែ​ក្រវាត់​ខ្មៅ ​៨ ​ដាន់​ និង​មាន​ក្លិប​ផ្ទាល់​ខ្លួន​​ឈ្មោះ​សុរិយា​ការ៉ាតេដូ។ ​ឈ្មោះ​ក្លិប​នេះ គឺ ​​ដើម្បី​រំឭកពី​ទីតាំង ​និង​អនុស្សាវរីយ៍​នៃ​ការ​​ហ្វឹកហាត់​ពេល​​ខ្ញុំ​ទទួល​​ខ្សែ​ក្រវាត់​ខ្មៅ​លើក​ដំបូង ​នៅ​​លើ​ដំបូល​រោង​ភាពយន្ត​​សុរិយា​ជិត​ផ្សារ​ថ្មី»​។​

លោក​បាន​លម្អិត​ពី​ប្រវត្តិ​ក្នុង​សកម្មភាព​កីឡា​ការ៉ាតេ​នេះ​ថា​៖ «​ខ្ញុំ​ចាប់​ហ្វឹកហាត់​កីឡា​នេះ ចាប់​ពី​ឆ្នាំ ​១៩៨៣​ ដល់​ឆ្នាំ ​១៩៨៥​ ជាមួយ​លោក​គ្រូ​ សាមឌី ​ស៊ីវឌ្ឍនា​ ដោយ​ទទួល​បាន​ខ្សែ​ក្រវាត់​ខ្មៅ ​១ ​ដាន់​ ហើយ​​ពី​​ឆ្នាំ ​១៩៩១​ ដល់​ឆ្នាំ ​១៩៩៣​ ខ្ញុំ​បាន​ធ្វើ​ជា​គ្រូ​ជំនួយ។ ​ក្រោយ​មក​ខ្ញុំ​ទៅ​ហ្វឹកហាត់​បន្ថែម​ជាមួយ​លោកគ្រូ​ យាន ​ងួន​ (បច្ចុប្បន្ន​ជា​គ្រូ​កីឡា​គូបូដូ)​ និង​បន្ត​​ហាត់​ជាមួយ​គ្រូ​មក​ពី​ប្រទេស​ស្វ៊ីស​ ដោយ​ទទួល​បាន​ខ្សែ​ក្រវាត់​ខ្មៅ ​៧ ​ដាន់​»។

«ខ្ញុំ​បាន​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ ​ដែល​ប្រមូល​ផ្តុំ​ជា​លើក​ដំបូង ​ក្នុង​ឆ្នាំ ​១៩៩៦​ និង​បាន​ចេញ​ប្រកួត​​ជា​ច្រើន​នៅ​ក្រៅ​ប្រទេស ​ពិសេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​ ក្នុង​រយៈពេល ​១០ ​ឆ្នាំ​ គឺ​ពី​​​ឆ្នាំ ​២០០៨​ ដល់​ឆ្នាំ ​២០១៨ ​ខ្ញុំ​ជាប់​ជា​គ្រូ​ជម្រើស​ជាតិ​ និង​ជា​អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​ ហើយ​ជាមួយ​គោល​បំណង ដើម្បី​​​ជួយ​អភិវឌ្ឍ​​ និង​​ជំរុញ​​ឱ្យ​កីឡា​ការ៉ាតេ​ ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​ឈាន​ទៅ​ដណ្តើម​មេដាយ​ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​នោះ ​សហព័ន្ធបាន​លើក​ទឹក​ចិត្ត​ឱ្យ​ខ្ញុំ​មក​កាន់​ជា​នាយក​រង​ខាង​បច្ចេកទេស​វិញ»​។​

លោក ឡាច ច័ន្ទដារ៉ា (កណ្តាល) ពេល​ថត​ជាមួយ​កូន និង​កូន​សិស្ស​របស់​គាត់។ រូបថត សហ​ការី

ជុំវិញ​ការ​ផ្លាស់ប្តូរ​តួនាទី​នៅ​ក្នុង​សហព័ន្ធ​នេះ លោក ឡាច ច័ន្ទដារ៉ា បាន​បញ្ជាក់​ថា៖​ «ខ្ញុំ​សប្បាយ​ចិត្ត​ ព្រោះ​​ខ្ញុំ​មាន​ពេលវេលា​គ្រប់គ្រាន់​ ដើម្បី​ទៅ​ជួយ​បង្វឹក​អត្តពលិក​របស់​សមាគម​កីឡា​ការ៉ាតេ​​ក្រសួង​មហាផ្ទៃ​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​​របស់​​លោក​ ជា​ ប៊ុនហេង ជា​ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ ​ហើយ​ខ្ញុំ​ក៏​​មាន​ពេល​វេលា​ធ្វើ​ជា​គ្រូបង្វឹក​ប្រចាំ​ក្លិប​ផ្ទាល់​ខ្លួន​ និង​ជា​គ្រូ​បង្វឹក​ឱ្យ​អត្តពលិក​ជា​លក្ខណៈ​ឯកជន​នៅ​​តាម​ផ្ទះ​ផង​ដែរ»​។​

ទាក់ទង​នឹង​សំណួរ​ថា​ លោក​គ្រូ​បាន​លះបង់​ពេល​វេលា​ ធ្វើ​សកម្មភាព​ស្វិតស្វាញ​ជាមួយ​កីឡា​ការ៉ាតេ​នេះ​ តើ​ទទួល​បាន​នូវ​ស្នាដៃ​ ឬ​ផល​ប្រយោជន៍​អ្វី​ជា​ដុំ​កំ​ភួន​ទេ ​ក្នុង​រយៈ​ពេល​ជាង ​៣៧ ​ឆ្នាំ​នេះ​?

លោក​ ឡាច ​ច័ន្ទដារ៉ា​ បាន​ឆ្លើយ​តប​ថា​៖ ​«ជា​ទូ​ទៅ​ អ្នក​ស្រឡាញ់​ និង​ចូលចិត្ត​កីឡា​ គឺ​ត្រូវ​តែ​ហ៊ាន​លះបង់​ពេល​វេលា​ កម្លាំង​កាយ​ចិត្ត ​និង​ថវិកា​ជា​មុន​សិន ​បន្ទាប់​មក​វា​បាន​ផ្តល់​ឱ្យ​យើង​វិញ​នូវ​អ្វី​ដែល​យើង​ពេញ​ចិត្ត​ជា​ក្រោយ​»។

«បច្ចុប្បន្ន​ខ្ញុំ​ទទួល​បាន​តម្លៃ​ពលកម្ម​ពី​ការ​ទៅ​បង្ហាត់​កូន​សិស្ស​តាម​ផ្ទះ ​ដោយ​ទទួល​បាន​ប្រាក់​ចំណូល​សមរម្យ​ តាម​សិស្ស​ជូន​ក្នុង​នោះ​​អាច​ថា បាន ពី ​​៣០០ ​ទៅ​ ៥០០ ដុល្លារ ​ទៅ​តាម​ចំនួន​សិស្ស​តិច​ ឬ​ច្រើន​ក្នុង ​១ ​ខែៗ​ តែ​ចំណូល​ទាំង​នេះ ​ខ្ញុំ​មិន​ទាន់​និយាយ​ពី​ការ​បង្ហាត់​សិស្ស​នៅ​ក្នុង​ក្លិប ​ដែល​កំពុង​ត្រូវ​ផ្អាក​ ដោយសារ​បញ្ហា​ជំងឺ​កូវីដ ​១៩​ ផង​ទេ​។ ​ជា​ទូទៅ​នៅ​ក្នុង​ក្លិប​សុរិយា​របស់​ខ្ញុំ​ ទទួល​បង្ហាត់​ក្មេងៗ​ក្រីក្រ​ និង​កូន​កំព្រា​ខ្លះ​ ដោយ​មិន​យក​លុយ​ គឺ​មុន​ពេល​​កូវីដ ១៩ ​មាន​ជាង ​៣០ ​នាក់»។ នេះ​ជា​ការ​ប្រាប់​បន្ត​របស់​លោក ច័ន្ទដារ៉ា។

លោក ច័ន្ទដារ៉ា ​​បាន​បន្ថែម​ជា​ចុង​ក្រោយ​​ថា៖​ «ចំពោះ​​​ស្នាដៃ​ចុង​ក្រោយ​របស់​ខ្ញុំ​ថ្មីៗ​នេះ​ គឺ​កាល​ពី​ឆ្នាំ ​២០១៨​ ខ្ញុំ​បាន​ដឹកនាំ​ការ៉ាតេដូ​ ទៅ​ប្រកួត​កីឡា​ប៉ូលិស​អន្តរជាតិ​នៅ​ឆឹងទូ​របស់​ប្រទេស​ចិន​ ហើយ​ជា​លទ្ធផល​យើង​ដណ្តើម​បាន​មេដាយ​មាស​ ប្រាក់ ​និង​សំរឹទ្ធ​ ជូន​ក្រសួង​មហាផ្ទៃ​ ក៏​ដូច​ជា​ជាតិ​មាតុភូមិ​។​ ហេតុ​នេះ​កីឡា​ការ៉ាតេ​ បាន​​ផ្តល់​ឱ្យ​ខ្ញុំ​ទាំង​សុខភាព​ល្អ​ កិត្តិយស​ ​ក្តី​ស្រឡាញ់​ ព្រម​ទាំង​​​ប្រាក់​ចំណូល​សមរម្យ​ តាម​តម្លៃ​ពលកម្ម​​ក្នុង​ឋានៈ​ជា​គ្រូ​បង្វឹក​​ដែល​មាន​បទពិសោធ​យូរ​ឆ្នាំ ​កំពុង​មាន​សិស្ស​ជា​ច្រើន​ត្រូវ​ការ​​ខ្ញុំ​​បង្ហាត់​ពួក​គេ»៕​