ភ្នំពេញ: កីឡាករ​ប្រដាល់​ជើងចាស់​ល្បីឈ្មោះ ឡុង សុ​ភី មកពី​ក្លិប​ប្រដាល់​សាលវ័ន្ត​កីឡា​ត្រូវ​បាន​ចៅក្រម​សម្រេច​ឲ្យ​ចាញ់​ពិន្ទុ​កីឡាករ​ថៃ Chai Suo ក្រោយ​ពី​ប្រកួត​សង​សឹក​គ្នា​ជា​លើក​ទី ៤ យ៉ាង​ស្វិត​ស្វាញ​រយៈពេល​ចំនួន ៥ ទឹក​ពេញ​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី ១ ខែ​កញ្ញា ឆ្នាំ ២០១៨ នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍។ ការ​ចាញ់​នេះ​ធ្វើ​ឲ្យ ឡុង សុភី មាន​ប្រតិកម្ម​តវ៉ា និង​ចោទ​ប្រកាន់​ចៅក្រម​ដែល​ផ្តល់​ពិន្ទុ​ថា មិន​មាន​យុត្តិធម៌ និង​មិន​ចេះ​ដាក់​ពិន្ទុ ខណៈ​ដែល​រូបគេ​មាន​ជំនឿ​ចិត្ត​យ៉ាង​ច្បាស់​ថា មាន​ប្រៀប​ឈ្នះ​ថៃ​ដែល​ផ្ទុយ​ពី​លទ្ធផល​ប្រកាស​ជា​ផ្លូវការ។

ជាមួយគ្នានេះ​កីឡាករ​ជើងចាស់​ម្នាក់ទៀត​ដែល​បាត់​មុខ​ពីស​ង្វៀន​យូរ​ឆ្នាំ ហេង សំរាំង មក​ពី​ក្លិប​ព្រៃ​ទទឹង​ខេត្ត​បាត់ដំបង បាន​ប្រកួត​ចាញ់​កីឡាករ Julien មក​ពី​បារាំង ក្នុង​ទម្ងន់ ៦៩ គីឡូក្រាម ប៉ុន្តែ មិន​មាន​ប្រតិកម្ម​ពី​លទ្ធផល​ចាញ់​នោះ​ឡើយ ខណៈ​រូបគេ​ទទួល​ស្គាល់​ថា​កម្លាំង​របស់​គេ​ធ្លាក់​ចុះ​ត្រដាប​ត្រដួស​នៅ​ចុង​ទឹក ព្រម​ទាំង​រង​របួស​បែក​មាត់​ផង​ដែរ។

ក្រោយពី​គណៈកម្មការ​វិ​និច្ឆ័យ​ប្រកាស​លទ្ធផល​ឲ្យ​ចាញ់ ឡុង សុ​ភី បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ ថា៖ «ខ្ញុំ​ជា​កីឡាករ​គោរព​ថ្នាក់​ដឹកនាំ គោរព​ក្រម​សីលធម៌ ហើយ​ខ្ញុំ​មិន​បញ្ចេញ​កាយ​វិការ​មិន​សមរម្យ​ណាមួយ​ទេ ប៉ុន្តែ​លទ្ធផល​នេះ​ខ្ញុំ​សុំ​និយាយ​ថា ចៅក្រម​ដែល​ដាក់​ពិន្ទុ​នោះ​ល្ងីល្ងើ មិន​យល់​ពី​ការ​ដាក់​ពិន្ទុ​នោះ​ឡើយ ពី​ព្រោះ​ខ្ញុំ​ដេញ​វាយ​មាន​ប្រៀប​ដាច់ ពិសេស​ទឹក​ទី ៤ និង​ទឹក​ទី ៥ ខណៈ​កីឡាករ​ថៃ Chai Suo នោះ​ថយ​រត់​សឹង​តែ​គ្មាន​ឱកាស​តដៃ បែរ​ជា​ទទួល​បាន​លទ្ធ​ផល​ឈ្នះ​ទៅ​វិញ»។

ឡុង សុ​ភី បាន​បន្តថា៖ «ខ្ញុំ​សួរ​ទៅ​ចៅក្រម​ម្នា​ក់ថា ការផ្តល់​ពិន្ទុ​ផ្អែកលើ​អី ចៅក្រម​ម្នាក់​នោះ​និយាយ​ថា ខ្ញុំ​វ៉ៃ​ស្រាល ចុះ​កីឡាករ​ថៃ Chai Suo ថយ​រត់​អត់​វ៉ៃ​បាន​ពិន្ទុ​ច្រើន​ជាង​អ្នក​វ៉ៃ​ស្រាល​ម៉េច​ទៅ?»។

ទោះជា​យ៉ាងណា ឡុង សុ​ភី មិន​ប្តឹង​សើរើ​អ្វី​ទេ ហើយ​នៅតែ​ចង់​ឡើង​ប្រកួត​គ្រប់​សង្វៀន​ដោយ​គ្មាន​រើស​អើង ប៉ុន្តែ​បាន​ស្នើ​ឲ្យ​លោក​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ពិនិត្យ​មើល​សមត្ថភាព​ចៅក្រម​មួយ​ចំនួន​ផង។

លោក​ឯម ហៀ​ង អនុប្រធាន​វិនិច្ឆ័យ​ប្រចាំ​សង្វៀន​អាស៊ី​អាគ្នេ​យ៍ មានប្រសាសន៍​ថា៖ «ការ​ផ្តល់​ពិន្ទុ​ពី​សំណាក់​ចៅក្រម​របស់​គូ​នេះ​ត្រឹម​ត្រូវ​តាម​បច្ចេកទេស​ហើយ​គឺ​ក្នុង​លទ្ធផល​ពិន្ទុ កីឡាករ​ថៃ Chai Suo ឈ្នះ ៤ ទល់ ១ ដែល​ជា​គោល​ការណ៍​មិន​អាច​នឹង​ជួយ​ឬ​ទាញ​ឲ្យ​ស្មើ​គ្នា​បាន​ទេ»។

លោក​បាន​បន្ថែមទៀតថា៖ «ខ្ញុំ​យល់ឃើញថា ហេតុផល​មួយចំនួន​ក្រោយពេល​ចាញ់ កីឡាករ​តែង​តែ​ប្រតិកម្ម​តវ៉ា ឬ​បន្ទោស​ទៅ​គណៈ​កម្មការ​ចៅក្រម ប៉ុន្តែ​ការ​គាំទ្រ​រវាង​ទាំង ២ ភាគី​ធ្វើ​ម្តេច​នឹង​តម្រូវ​ចិត្ត​បាន​នោះ អ៊ីចឹង​គឺ​យើង​ដាច់​ខាត​អនុវត្ត​តាម​បច្ចេកទេស»៕