ភ្នំពេញ៖ អ្នកប្រដាល់ ឡុង ខេត្ត បានឆ្ពោះទៅកាន់ការប្រកួត ដែលកាន់តែលំបាកជាមួយជើងខ្លាំងៗនៅវគ្គទី២ បន្ទាប់ពីរូបគេបានទម្លាក់ជើងថ្មី លីន សេងហុង នាការប្រកួតជម្រុះវគ្គទី១ នៃព្រឹត្តិការណ៍ TV5 Boxing Knock Out Series ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម។
សម្រាប់ការប្រកួតត្រឹម ៣ ទឹក រវាង ឡុង ខេត្ត និង លីន សេងហុង នៅលើសង្វៀន TV5 កាលពីយប់ថ្ងៃសៅរ៍នោះ ត្រូវបានគេមើលឃើញថា មានភាពស្វិតស្វាញ និងជក់ចិត្តខ្លាំង ស័ក្តិសមជាអ្នកប្រដាល់វ័យក្មេង ដែលប្រកួតអស់ពីលទ្ធភាព ខណៈលទ្ធផលទទួលបាន ឡុង ខេត្ត មានប្រៀបពេញទាំង ៣ ទឹកតែម្ដង។
បើទោះបីជា លីន សេងហុង អ្នកប្រដាល់ចិត្តធំ និងក្លាហាន វាយសម្រុកខ្លាំងក៏ដោយ ប៉ុន្តែនៅទឹកចុងក្រោយស្ថានភាពប្រកួតរបស់ សេងហុង ទំនងចូលក្នុងលក្ខណៈយ៉ាប់ខ្លាំង គឺនៅសល់តែកម្លាំងចិត្តប៉ុណ្ណោះ ហើយតាមការមើលឃើញជាក់ស្តែង គឺបើ ឡុង ខេត្ត មិនបន្ធូរដៃខ្លះទេ ឬមានបំណងចង់ផ្តួល សេងហុង ឱ្យសន្លប់នោះ ក៏អាចធ្វើទៅរួចដែរ។
យ៉ាងណាក៏ដោយ លីន សេងហុង បានសារភាពថា រូបគេបានប្រឹងប្រែងអស់ពីលទ្ធភាពហើយ ប៉ុន្តែនៅតែទៅមិនរួចជាមួយជើងចាស់ ឡុង ខេត្ត។ សេងហុង បាននិយាយ ក្រោយការប្រកួតថា៖ «ខ្ញុំចាញ់អស់ចិត្ត ពីព្រោះខ្ញុំបានខំប្រឹងអស់ពីសមត្ថភាពហើយ ប៉ុន្តែដៃគូខ្ញុំគាត់ជើងចាស់ល្អជាងគ្រប់យ៉ាង គឺខ្ញុំប្រឹងពីអស់លទ្ធភាពហើយ»។
ចំណែក ឡុង ខេត្ត បានសម្តែងការរីករាយចំពោះការឈ្នះ លីន សេងហុង នៅវគ្គទី១ នេះ ប៉ុន្តែក៏មានការបារម្ភសម្រាប់ការប្រកួតនៅវគ្គទី២ ផងដែរ ព្រោះសុទ្ធតែជាជើងខ្លាំង។ ឡុង ខេត្ត និយាយថា៖ «សម្រាប់ការប្រកួតវគ្គទី២ ខ្ញុំមានការព្រួយបារម្ភដែរ ព្រោះគេសុទ្ធតែខ្លាំងៗ ប៉ុន្តែខ្ញុំមិនបាក់ទឹកចិត្តទេ គឺនឹងប្រឹងហាត់ ដើម្បីពង្រឹងកម្លាំង និងបច្ចេកទេស ហើយការប្រកួតនឹងល្អមិនខាន»។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ បេក្ខភាពដែលបានឈ្នះកៅអីនៅវគ្គទី២ បានរកឃើញចំនួន ៦ នាក់ហើយ ក្នុងនោះមានកីឡាករ ធន់ អៀនឡៃ, ស៊ុន ថៃសាន្ត, រិន ដាវីត, ពេជ្រ ប៊ុនសិទ្ធ, បាង កាណុន និង ឡុង ខេត្ត នេះឯង ប៉ុន្តែសម្រាប់អ្នកដែលឆ្នើមលេចធ្លោជាងគេ កំពុងតែល្អនិងប្រកួតមានប្រជាប្រិយភាព គឺមាន រិន ដាវីត, ធន់ អៀនឡៃ និង ពេជ្រ ប៊ុនសិទ្ធ ដោយពួកគេសង្ឃឹមថា អាចនឹងឆ្លងផុតនៅវគ្គទី២ នេះបាន។
ដោយឡែក សម្រាប់ការប្រកួតមិត្តភាពវិញ កីឡាករ ថាន់ ប៊ុនរ៉ុង បានយកឈ្នះអ្នកប្រដាល់ដៃធ្ងន់ មាឃ សុវណ្ណារ៉ា ក្នុងការប្រកួតប្រភេទទម្ងន់ ៦០ គីឡូក្រាម ប៉ុន្តែអ្នកលេងចិត្តធំជើងចាស់ អ៊ុង កំសត់ បានបន្តចាញ់ជើងថ្មីកំពុងល្បីឈ្មោះ ថៃ រ៉េត។ អ៊ុង កំសត់ មានជង្គង់ និងកែងរហ័ស តែពេលជួប ថៃ រ៉េត ដែលមានចិត្តធំមោះមុតនោះ គឺគេហាក់ដូចជាបញ្ចេញអាវុធមិនចំគោលដៅល្អ ហើយភាគច្រើនគាំងៗរកស្នៀតប្រកួតមិនចង់បាន ធ្វើឱ្យ ថៃ រ៉េត មានប្រៀបសឹងគ្រប់ទឹក ប៉ុន្តែជំនួបអ្នកទាំង ២ នេះមានភាពតឹងតែងខ្លាំង។ ចំណែក ប៊ន ពន្លឹក បានឈ្នះ ឡុក ប៊ុនសំណាង ដោយពិន្ទុដាច់ និងបានវាយឱ្យ ប៊ុនសំណាង រាប់នៅទឹកទី២ ផងដែរ៕