ភ្នំពេញ៖ ​ការ​វិល​មក​ជួប​គ្នា​ជា​លើក​ដំបូង​រវាង​កីឡាករ ឡុង ខេត្ត ​និង ​យ៉ន ​ពិសី​ បាន​ធ្វើ​ឱ្យ​អ្នក​ទាំង ​២ នេះ ហាក់​មាន​ភាព​ស្ទាក់ស្ទើរ​រៀងៗ​ខ្លួន​ក្នុង​ការ​បង្ហាញ​ពី​ភាព​អះអាង​របស់​ខ្លួន ខណៈ​ការ​ជួបគ្នា​លើក​ទី​១ ​នេះ ជា​ការ​ប្រកួត​ដ៏​សំខាន់​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ដើម្បី​យក​អ្នក​​ឈ្នះ​ឡើង​ទៅ​​ប្រកួត​ផ្តាច់ព្រ័ត្រ​ជាមួយ រិន ដាវីត ហើយ​អ្នក​ចាញ់​ត្រូវ​ធ្លាក់​ទៅ​ប្រកួត​ដណ្តើម​យក​លេខ ​៣ ​ជាមួយ ធន់ អៀនឡៃ។

អ្នក​ប្រដាល់​ ឡុង​ ខេត្ត ​និង​ យ៉ន​ ពិសី​ ជា​កីឡាករ​ស្រករ​ក្រោយ ​ប៉ុន្តែ​ជំនួប​ប្រកួត​នេះ​សំខាន់​ មិន​អាច​មើល​រំលង​បាន ​ដែល​ត្រូវ​ប្រកួត​គ្នា​នៅ​យប់​ថ្ងៃ​សៅរ៍ ​សប្តាហ៍​នេះ ​លើ​សង្វៀន​ TV5 Boxing Knock Out Series ​ខណៈ​ការ​​ចាញ់​ ឬ​ឈ្នះ​ អាច​នឹង​តឹងតែង​ខ្លាំង​។

សម្រាប់​​ការ​​ប្រកួត​វគ្គ​ជម្រុះ​ជុំទី​១ ​​កន្លង​មក​ ​កីឡាករ​ ឡុង ​ខេត្ត ​បាន​ឈ្នះ​អ្នក​ប្រដាល់​ លីន ​សេងហុង​ ក្លិប​បូរីរាជសីហ៍មានរិទ្ធ ​ដោយ​ពិន្ទុ​ ចំណែក​ យ៉ន ពិសី​ ឈ្នះ​ រ៉ា​ រ៉យ៉ា ​ក្លិប​អេភូថង​កីឡា​ដោយ​ពិន្ទុ​ដែរ​។ ចំណែក​ចូល​ដល់​ជុំ​ទី២ ​ឡុង ​ខេត្ត ​បាន​​ផ្ដួល​ ​បាង កានុន​ ក្លិប​អាណាចក្រ​គុន​ខ្មែរ​ នៅ​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី២​ ហើយ​ ​យ៉ន ​ពិសី​ ​បាន​យក​ឈ្នះ​អ្នក​ប្រដាល់​កណ្ដាប់​ដៃ​ធ្ងន់ ​សាន់​ សំអុន របស់​​ក្លិប​អារុណរះ​កីឡា​ ដោយ​ពិន្ទុ​ដាច់ ៥​-០។

យ៉ាងណា​មិញ​នៅ​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នេះ​ ការ​ចាញ់​ឬ​ឈ្នះ​ រវាង ឡុង ខេត្ត និង យ៉ន ពិសី ត្រូវ​គេ​រំពឹង​ថា​ សុទ្ធ​តែ​មាន​លក្ខណៈ​ស្វិតស្វាញ​​តឹងតែង​ណាស់​ ​ព្រោះ​ការ​ប្រឹងប្រែង​ និង​ត្រៀម​ប្រកួត ​និង​ឆន្ទៈ​ចង់​ឈ្នះ​ គឺ​ស្រួចស្រាវ​ដូច​គ្នា​ជាមួយ​ប្រាក់​រង្វាន់​ក៏​ខុស​គ្នា​​។

តាម​​ស្ថិតិ​ប្រកួត​បាន​ពី​គណៈកម្មការ​ផ្គូផ្គង​បាន​​ឱ្យ​ដឹង​ថា ​ឡុង​ ខេត្ត ​ធ្លាប់​ប្រកួត​បាន ​៨៧ ​ដង ​ឈ្នះ ​៥៨​ ចាញ់ ​២០​ និង​​ស្មើ​ពិន្ទុ ​៩ ដង ​ក្នុង​នោះ​វាយ​គូ​ប្រកួត​ឱ្យ​សន្លប់​បាន​ ​៦ ​ដង​។ ​ចំពោះ​ ​យ៉ន ពិសី​ វិញ​ ធ្លាប់​​ប្រកួត​បាន ៣៩ ​ដង​ ឈ្នះ ​២៩​ ​ចាញ់ ​៧​ ​និង​ស្មើ​ពិន្ទុ ​៣ ​ដង ក្នុង​នោះ​វាយ​គូ​ប្រកួត​ឱ្យ​សន្លប់​​បាន ​១២ ដង​ ហើយ​ជំនួប​ប្រកួត​ក្នុង​វគ្គ​សំខាន់​រវាង​អ្នក​ប្រដាល់​ទាំង ២ រូប​នេះ​ គឺ​ពួក​គេ​សុទ្ធ​តែ​អះអាង​ពី​ការ​ឈ្នះ ​៥០ ​ភាគរយ​ដូច​គ្នា គឺ​​ទំនង​ខ្លាច​គ្នា​ទៀត​ផង​។

ឡុង ​ខេត្ត បាន​ប្រាប់​ថា៖ ​«​ខ្ញុំ​សង្ឃឹម​ឈ្នះ​ត្រឹម ​៥០ ​ភាគ​រយ​ ​ព្រោះ​មិន​ធ្លាប់​​ប្រកួត​គ្នា​កន្លង​មក​ទេ។​ ​យ៉ាង​ណា​ក៏​ដោយ ​ខ្ញុំ​ប្រកួត​អស់​ពី​សមត្ថភាព​ ដើម្បី​ប្រជែង​យក​កៅ​អី​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​ឱ្យ​បាន​»។​ ជាមួយ​គ្នា​នេះ ​កីឡាករ ​យ៉ន ​ពិសី ​ដែល​ជា​ជើង​ថ្មី​ជំនាន់​ក្រោយ​ មិន​ហ៊ាន​អះអាង​​ឈ្នះ​ច្រើន​ទេ ​គឺ​សង្ឃឹម ​៥០ ​ភាគរយ​ដូច​គ្នា​។​

ប្រភព​ពី​អ្នក​តាម​ដាន​ប្រដាល់​ គេ​បាន​កត់​សម្គាល់​ឃើញ​ថា​ ឡុង ​ខេត្ត ​ឡើង​សង្វៀន​ចាស់​វស្សា​ជាង ​យ៉ន ​ពិសី​ ​ហើយ​ពួក​​គេ​ហ៊ាន​ទស្សន៍​ទាយ​ក្រៅ​ផ្លូវ​ការ​ថា ​ឡុង ​ខេត្ត ​មាន​ប្រៀប​ឈ្នះ​ច្រើន​ជាង។

ចំណែក​លោក​ ញាន​ សុធី​ ជំនួយ​ការ​រៀបចំ​​ការ​ប្រកួត​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ​បាន​​ប្រាប់​ថា​៖ «​បើ​តាម​ខ្ញុំ​វាយ​តម្លៃ ​គឺ​ជំនួប​នេះ លំបាក​ទស្សន៍ទាយ​ឱ្យ​ត្រូវ​ណាស់​ ​ព្រោះ​ ឡុង ​ខេត្ត ​ចាស់​វស្សា​ជាង ​ប៉ុន្តែ​ទឹក​ចិត្ត​ក្លាហាន​​ចូល​វាយ​សម្រុក​វិញ ​កីឡាករ យ៉ន ​ពិសី ​​វ៉ៃ​កាច​ជាង​ ពិសេស​កណ្តាប់​ដៃ​ ខណៈ​ដែល​ ឡុង ខេត្ត​ ល្អ​ជង្គង់។​ បន្ថែម​លើ​នេះ សម្រាប់​ការ​​បើក​សង្វៀន​ឡើង​វិញ​​នេះ យើង​​បាន​សម្រិត​សម្រាំង​​កីឡាករ​បាន​ល្អៗ ​អម​គូ​ដណ្តើម​ពាន​នេះ​ផង​ដែរ​»៕