ភ្នំពេញ៖ អ្នក​ប្រដាល់ ​ឡុង ​ខេត្ត ​​របស់​​ក្លិប​ខ្លារខិន​មាន​រិទ្ធ បាន​​ប្រើ​ពេល​តែ ​២ ​ទឹក​ប៉ុណ្ណោះ​ ក្នុង​ការ​​ផ្ដួល​កីឡាករ​ជើង​ខ្លាំង​ជំនាញ​កណ្តាប់​ដៃ​ បាង ​កានុន ​មក​ពី​ក្លិប​អាណាចក្រ​គុន​ខ្មែរ​ឱ្យ​សន្លប់​ធំ ដើម្បី​ឡើង​ទៅ​ប្រកួត​បន្ត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ពាន​រង្វាន់ ​TV5 Boxing Knock Out Series នៅ​លើ​សង្វៀន TV5។

សម្រាប់​ការ​​​ប្រកួត ​​កាល​​យប់​ថ្ងៃ​សៅរ៍ ​កន្លង​មក​នេះ ​ ឡុង ខេត្ត និង បាង កានុន ​​បាន​​បើក​ការ​​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​ មក​តាំង​ពី​ទឹក​ទី​១ ​ដោយ​គ្មាន​បន្ធូរ​ដៃ​​នោះ​ទេ។ ទោះ​យ៉ាង​ណា ឡុង​ ខេត្ត​ ចាប់​ផ្ដើម​មាន​ប្រៀប​តាំង​ពី​ដើម​ទឹក​ទី​១ ​ដោយ​រូប​​​គេ​បាន​ទាត់​ចូល​គោលដៅ​​យ៉ាង​ល្អ ​ធ្វើ​ឱ្យ​ បាង​ កានុន ​ស្ថិត​ក្នុង​លក្ខណៈ​យ៉ាប់​ ក្នុង​នោះ​ត្រូវ​បាន​អាជ្ញា​កណ្ដាល​រាប់​នៅ​ទឹក​ទី​១​ បន្ទាប់​ពី​រង​នូវ​ការ​ទាត់​ វាយ​កែង​ និង​ដាល់​ចម្រុះ​នោះ​។

ទោះបី​ជា​យ៉ាង​នេះ​ក្តី ​ក៏​ បាង​ កា​នុន ​អាច​បន្ត​ការ​ប្រកួត​បាន​ទៀត​ ដោយ​រូប​គេ​បាន​​ប្រមូល​កម្លាំង​កាយ​ចិត្ត​ប្រឹងប្រែង​ចាប់​ផ្ដើម​វាយ​កែង​ ក្នុង​បំណង​ស្ដារ​ពិន្ទុ​ឡើង​វិញ​ នៅ​ទឹក​ទី​២ ប៉ុន្តែ​មិន​អាច​ធ្វើ​អ្វី​​ ឡុង​ ខេត្ត​ បាន​នោះ​ទេ​។ ផ្ទុយ​ទី​វិញ ​ការ​វាយ​សម្រុក​កាន់​តែ​ខ្លាំង​របស់​អ្នក​ទាំង ​២​ បាន​ធ្វើ​ឱ្យ​ បាង ​កានុន ​បាត់បង់​លទ្ធភាព​តដៃ​ទាំង​ស្រុង​ គឺ​ដេក​ស្អាត​តែ​ម្តង​។​

ជាមួយ​ការ​ផ្តួល បាង កានុន ឱ្យ​សន្លប់​​ត្រឹម​ទឹកទី​១ ​នេះ ជួយ​ឱ្យ ​ឡុង ​ខេត្ត​ មាន​ឱកាស​បាន​​ឡើង​ទៅ​ប្រកួត​បន្ត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ​ដែល​អាច​ចាត់​ទុក​ថា រូប​គេ​នឹង​ទទួល​បាន​ចំណាត់​ថ្នាក់​ជយលាភី​​ណា​មួយ​មិន​ខាន ព្រោះ​មាន​រង្វាន់​ផ្តល់​ជូន​​តាំង​ពី​លេខ ​១ ​ដល់​លេខ ​៤​ ឯណោះ​​។​

លោក​ ញាន​ សុធី​ អ្នក​ផ្គូផ្គង​ការ​ប្រកួត​ប្រចាំ​សង្វៀន​ ​TV5 ​បាន​ប្រាប់​ថា​៖ «​គិត​មក​ដល់​ពេល​នេះ​ យើង​រក​ឃើញ​អ្នក​ឈ្នះ​ចំនួន ​៣ ​នាក់​ស្រេច​ទៅ​ហើយ ​ដើម្បី​ត្រៀម​ខ្លួន​ទៅ​ប្រកួត​វគ្គ ​១/២ ផ្តាច់​ព្រ័ត្រ​ គឺ​អនុវត្ត​តាម​រូបមន្ត​ដែល​បាន​កំណត់​ ក្នុង​នោះ​​មាន​​កីឡាករ ​ធន់ ​អៀនឡៃ ដែល​​គ្រោង​ប៉ះ​ រិន ​ដាវីត​ ហើយ​ ឡុង ​ខេត្ត អាច​នឹង​ជួប​ជាមួយ​អ្នក​​កីឡាករ សាន សំអុន ឬ យ៉ន ពិសី ព្រោះ​អ្នក​ទាំង ​២ ​នេះ ត្រូវ​ប្រកួត​វគ្គ ​៨ នាក់​ចុង​ក្រោយ នៅ​ថ្ងៃទី ២១​ ខែ ​វិច្ឆិកា​ ឆ្នាំ ​២០២០​»។

ឡុង ​ខេត្ត ​ជា​កីឡាករ​ជើង​ខ្លាំង​ ទើប​តែ​លេច​ធ្លោ​ ហើយ​សមត្ថភាព​អាច​នៅ​ក្រោម ​ធន់ ​អៀនឡៃ​ និង​ រិន ​ដាវីត ​បន្តិច​បន្តួច​ ប៉ុន្តែ​ដោយសារ​រូប​មន្ត​ប្រកួត ​គេ​ត្រូវ​ប៉ះ​ជាមួយ​​កីឡាករ​មាន​សមត្ថភាព​ខ្ចី​វស្សា​ជាង​ គឺ​​គេច​ផុត​ពី​​ការ​​ប្រកួត​ជាមួយ​ជើង​ខ្លាំងៗ​មួយ​ចំនួន​នោះ​បាន​​ធ្វើ​ឱ្យ​រូប​គេ​ឈាន​មក​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​បែប​នេះ​។

កីឡាករ ឡុង​ ខេត្ត​ បាន​និយាយ​ក្រោយ​ប្រកួត​ថា​៖ «​ខ្ញុំ​សង្ឃឹម​បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ព្រោះ​រវាង​កីឡាករ សាន​ សំអុន​ ឬ ​យ៉ន ​ពិសី​ ដែល​ត្រូវ​ប៉ះ​ខ្ញុំ​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នោះ មិន​មែន​ជា​ឧបសគ្គ​ធំ​នោះ​ឡើយ ​ដោយ​សង្ឃឹម​យក​ឈ្នះ​បាន ​៨០ ​ភាគរយ​ ប៉ុន្តែ​វគ្គ​ផ្តាច់​ព្រ័ត្រ​ទើប​លំបាក​ ​ព្រោះ​ខ្ញុំ​នឹង​ត្រូវ​ប៉ះ​ជាមួយ ​ធន់ ​អៀនឡៃ​ ឬ​ រិន​ ដាវីត​»។

ចំណែក​​ បាង​ កានុន​ និយាយ​​ក្រោយ​ប្រកួត​ចាញ់​ថា​៖«ខ្ញុំ​ចាញ់​ដោយ​អស់​ចិត្ត ប៉ុន្តែ​មិន​នឹក​ស្មាន​ថា ​សន្លប់​ត្រឹម​ទឹក​ទី​​២ ​សោះ​។​ ខ្ញុំ​ចាញ់​​ផ្នែក​ស្នៀត​​ទាត់​ ដែល​គ្មាន​ឱកាស​បាន​វាយ​ចេញ​នូវ​កណ្តាប់​ដៃ​របស់​ខ្ញុំ ​​ចូល​គោលដៅ​បាន​​ល្អ​នោះ​ទេ»​៕