ភ្នំពេញ: ការប្រកួត​ប្រដាល់​គុន​ខ្មែរ​វគ្គ​សន្សំ​ពិន្ទុ​ខ្សែក្រវាត់​ខារ៉ាបាវ ទម្ងន់ ៥៧ គីឡូក្រាម នឹង​ឈាន​ចូល​ដល់​សប្តាហ៍​ទី ៣ នា​ថ្ងៃ​សៅរ៍ ទី ១៦ ខែ​មិថុនា ឆ្នាំ ២០១៨ នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍។

សម្រាប់​ការប្រកួត​សប្តាហ៍​ទី៣នេះ អ្នក​ប្រដាល់​យុគ យក្ស​ផ្លែ មកពី​ក្លិប​បុរី រាជសីហ៍​មានរិទ្ធ នឹង​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថៃ Phat Thou ហើយ​កីឡាករ​ឡុង ជិន មក​ពី​ខ្លារខិន​នៃ​ក្រសួង​មហាផ្ទៃ ត្រូវ​ជាមួយ​កីឡាករ​ថៃ Phat Seila ដើម្បី​ស្វែង​រក ៣ ពិន្ទុ​បន្ថែម ស្រប​ពេល​ដែល​អ្នក​ទស្សនា​ភាគ​ច្រើន​រំពឹង​ថា​កីឡាករ​ខ្មែរ​នឹង​ឈ្នះ។ កាល​ពី​ប្រកួត​ជម្រុះ​ជុំ​ទី ១ កីឡាករ​ឡុង ជិន និង​កីឡាករ​យុគ យក្ស​ផ្លែ សុទ្ធ​តែ​ឈ្នះ​កីឡាករ​ថៃ​ទទួល​បាន ៣ ពិន្ទុ​ដូចគ្នា។

ជាមួយ​គ្នា​នេះ កីឡាករ​ឈុត សេរីវ៉ាន់ថន ក៏មាន ៣ ពិន្ទុ​ក្នុង​ដៃ​ដូចគ្នា​ផង​ដែរ ប៉ុន្តែ​នៅ​លើ​តារាង​ពិន្ទុ​រួម មាន​កីឡាករ​ឡុង ជិន តែ​ម្នាក់​ប៉ុណ្ណោះ​ឈរ​នៅ​កំពូល​តារាង ក្រោយ​ពី​បាន​ផ្តួល​ដៃគូ​គឺ​កីឡាករ​ថៃ​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី ១។

ខណៈ​ការប្រកួត​នឹង​ឈានចូល​សប្តាហ៍​ទី ៣ ឡុង ជិន ដែល​ត្រូវ​វិលជុំ​មក​ប៉ះ​ជាមួយ Phat Seila ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា ហើយ​ការ​ប្រកួត​អាច​នឹង​កាន់​តែ​តឹង​តែង​ជាង​មុន កាល​ពី​ជុំ​ទី ១ Phat Seila បាន​ចាញ់​យក្ស​ផ្លែ ប៉ុន្តែ​សមត្ថភាព​ពិត​របស់​គេ​ល្អ​ជាង និង​មាន​ប្រៀប​ជាង​ចំនួន ៤ ទឹក ប៉ុន្តែ បាន​ចាញ់​ក្នុង​ទឹក​ទី ៥ ដោយ​ភ្លាត់​ស្នៀត​ដោយសារ​តែ​យក្ស​ផ្លែ គ្រវែង​ដៃ​ចូល​មុខ​នៅ​ទឹក​នោះ ដែល​បណ្តាល​ឲ្យ​អាជ្ញា​កណ្តាល​រាប់ និង​នាំ​ឲ្យ​ចាញ់​ទាំង​មិន​អស់​ចិត្ត។ កីឡាករ​ថៃ Phat Seila ឡើង​សង្វៀន​បាន​ចំនួន ៧៧ លើក ឈ្នះ ៦៦ លើក ចាញ់ ១០ លើក និង​ស្មើ ១ លើក ហើយ​ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ​កាល​ពី​ថ្ងៃ​ទី ២ ខែ​មិថុនា ឆ្នាំ ២០១៨ បាន​បញ្ចប់​ដោយ​ចាញ់​កីឡាករ​យក្ស​ផ្លែ។

ចំណែកឯ ឡុង ជិន មាន​ប្រវត្តិ​ប្រកួត​បាន​ចំនួន ៦៧ លើក ឈ្នះ ៥១ លើក ចាញ់ ១៤ លើក និង​ស្មើ ១ លើក ហើយ​ប្រកួត​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី ២ ខែ​មិថុនា ឆ្នាំ ២០១៨ បាន​បញ្ចប់​ដោយ​ឈ្នះ​កីឡាករ​ថៃ Phat Thou ក្នុង​ទឹក​ទី ១។ អ្នកស្រី​ឡុង រ៉ាវី អ្នក​គ្រប់គ្រង​កីឡាករ​ឡុង ជិន បាន​និយាយ​ថា៖ «ឡុង ជិន ហាត់ និង​ត្រៀម​ការ​ប្រកួត​បាន​ល្អ ប៉ុន្តែ​មាន​បញ្ហា​ខ្លះៗ​ដោយ​កីឡាករ​រូប​នេះ​ខ្សោយ​ខាង​វិន័យ ព្រម​ទាំង​ដើរ​លេង​ច្រើន​ដែល​ជា​កង្វល់»។

ចំពោះ​ការជួប​ប្រកួត​ជាមួយ Phat Seila អ្នកស្រី​បាន​អះអាងថា៖ «មិនជា​បញ្ហា​លំបាក​ប៉ុន្មាន​ទេ ពី​ព្រោះ​ថា ស្នៀត​ជង្គង់​របស់​ឡុង ជិន អាច​ធានា​វ៉ៃ ៥ ទឹក​ពេញ​បាន ហើយ​តាម​ការ​វាយ​តម្លៃ​របស់​ខ្ញុំ ដែល​ធ្លាប់​ឃើញ​ក្បាច់​គុន​របស់​អ្នក​ប្រដាល់​ទាំង ២ ខ្ញុំ​ហ៊ាន​អះអាង​ថា ខ្ញុំ​សង្ឃឹម​ឈ្នះ ៦០ ភាគរយ ពី​ព្រោះ​ការ​ប្រកួត​គ្នា​អស់​ពី​សមត្ថភាព ដើម្បី​យក ៣ ពិន្ទុ ដែល​តឹង​តែង​ដូច​គ្នា ដោយ​យើង​គ្មាន​ទម្លាប់​មើល​ងាយ​ដៃគូ​ប្រកួត​បាន​ទេ»។

លោក​ថា​ញ់ វ៉ា​ឡេ​ក គ្រូបង្វឹក​កីឡាករ​ថៃ Phat Seila បាន​និយាយថា៖ «គូ​នេះ​ខ្លាំង​ប៉ះ​ខ្លាំង ហើយ​លទ្ធផល​យ៉ាងណា ខ្ញុំ​មិន​ហ៊ាន​ទស្សន៍​ទាយ​មុន​ទេ ប៉ុន្តែ​ការ​ឡើង​ប្រកួត​ត្រូវ​តែ​មាន​សង្ឃឹម​ឈ្នះ»។

លោក​បាន​បន្ថែមទៀតថា បើតាម​ការវាយតម្លៃ​របស់លោក​ផ្ទាល់ កីឡាករ Phat Seila នឹង​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ​ដោយ​សង្ឃឹម ៧០ ភាគរយ។ ចំណែក​កីឡាករ​ថៃ Phat Thou និង​កីឡាករ​កម្ពុជា​យុគ យក្ស​ផ្លែ ដែល​ត្រូវ​ប្រជែង​យក ៣ ពិន្ទុ​ដូច​គ្នា​នោះ ក៏​លំបាក​ទស្សន៍ទាយ​ណាស់​ដែរ ​ពី​ព្រោះ​សមត្ថភាព​របស់​កីឡាករ​ថៃ​រូប​នេះ​មិន​ទាន់​បង្ហាញ​ឲ្យ​ច្បាស់​ថា មាន​ជំនាញ​ផ្នែក​អ្វី​នៅ​ឡើយ ពីព្រោះ​ការ​ប្រកួត​របស់ Phat Thou នេះ​លើក​មុន​បាន​តែ ១ ទឹក ក៏​សន្លប់​ក្រោម​ស្នាដៃ​កីឡាករ​ឡុង ជិន តែ​ម្តង។

ម្យ៉ាងវិញទៀត យុគ យក្ស​ផ្លែ មាន​ជំនាញ​ផ្នែក​កណ្តាប់ដៃ ប៉ុន្តែ​ស្ថានភាព​ប្រកួត​របស់គេ​ភាគ​ច្រើន​គឺ​ល្អ​បាន​តែ ៣ ទឹក​ដំបូង ចំណែក​នៅ​ទឹក​ទី ៤ ឬ​ទី ៥ ភាគ​ច្រើន​វេទនា​ណាស់​ផ្នែក​កម្លាំង។ ប្រវត្តិ​ប្រកួត​របស់​យក្ស​ផ្លែ គឺ​ច្រើន​ជាង​កីឡាករ​ថៃ ដោយ​ធ្លាប់​ប្រកួត​ចំនួន ១៥៦ លើក ឈ្នះ ១៣១ លើក ចាញ់ ២១ លើក និង​ស្មើ ៤ លើក ចំណែក​កីឡាករ​ថៃ​ជា​ដៃគូ ប្រកួត​បាន​តែ ៨៦ លើក ឈ្នះ ៦៨ លើក ចាញ់ ១៧ លើក និង​ស្មើ ១ លើក៕