ភ្នំពេញ: ការប្រកួត​គុន​ខ្មែរ​លក្ខណៈ​មិត្តភាព​អន្តរជាតិ​កម្ពុជា និង​ថៃ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី ១៣ ខែ​ឧសភា ឆ្នាំ ២០១៨ នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍ កីឡាករ​ប្រដាល់​ឡុង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិទ្ធ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ទទួល​លទ្ធផល​កាន់​តែ​ល្អ​ដោយ​ប្រកួត​ឈ្នះ​កីឡាករ​ថៃ Sak Thanong ដោយ​ពិន្ទុ។ ប៉ុន្តែ កីឡាករ​ចាស់​វស្សា​រឿម វណ្ណៈ មក​ពី​ក្លិប​រាជសីហ៍​ខេត្ត​បន្ទាយ​មានជ័យ បាន​តស៊ូ​ជាមួយ​កីឡាករ Fa Nimith របស់​ថៃ​បាន​តែ ៣ ទឹក ក៏​សន្លប់​ធំ​តែ​ម្តង​ដោយសារ​ក្បាច់​ជង្គង់។

ឡុង ជិន ដែល​ទើបតែ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ ២ ជា​ជើងឯក​រង​គូបូតា​ទម្ងន់ ៥៤ គីឡូក្រាម នៅ​សង្វៀន​បាយ័ន​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​នោះ​បាន​ឡើង​មក​ប្រកួត​ឈ្នះ​កីឡាករ​ថៃ​គួរ​ឲ្យ​សរសើរ​បំផុត។

ការប្រកួត​ជាមួយ​កីឡាករ​ថៃ​ចំនួន ៦ លើកចុងក្រោយ​នេះ ឡុង ជិន ទទួលបាន​លទ្ធផល​ឈ្នះ​ទាំង​អស់​ក្នុង​នោះ​បាន​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ដល់​ទៅ ៤ លើក​ឯណោះ។ ឡុង ជិន គឺជា​កីឡាករ​វ័យ​ក្មេង និង​បាន​ចូល​មក​ប្រឡូក​ក្នុង​ពិភព​អ្នក​ប្រដាល់​ទើប​តែ ៣ ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​បាន​សាង​កេរិ៍្ត​ឈ្មោះ​ល្បីល្បាញ​លំដាប់​ជួរ​មុខ ដោយ​គេ​ចាញ់​ត្រឹម​កីឡាករ​ជើង​ខ្លាំង​វ័យ​ក្មេង​កម្ពុជា​ដូចគ្នា សុខ ធី ហៅ​កាកា តែ​ម្នាក់​ប៉ុណ្ណោះ​ក្រៅ​ពី​នេះ​គឺ​លំបាក​រក​ដៃគូ​ទប់​ទល់​ណាស់។

ក្នុងការ​ប្រកួត៥ទឹក​ពេញ ឡុង ជិន មានប្រៀប​ឈ្នះ​ថៃ​សឹងតែ​គ្រប់ទឹក​តែម្តង ដោយ​មិន​លំបាក​ឲ្យ​ចៅក្រម​ដាក់​ពិន្ទុ​នោះ​ឡើយ។ អ្នក​ស្រី​ឡុង រ៉ាវី អ្នក​គ្រប់គ្រង​ផ្ទាល់ បាន​និយាយ​ថា៖ «ឡុង ជិន បាន​ឆ្លង​កាត់​ការ​ប្រកួត​សរុប​បាន​ចំនួន ៧៧ លើក ភាគ​ច្រើន​ឈ្នះ ក្នុង​នោះ ប្រកួត​ជាមួយ​កីឡាករ​បរទេស​បាន​ជិត ៣០ លើក​ឯណោះ»។

អ្នកស្រី​បាន​បន្តថា៖ « អា​ជិន វា​ល្អ តែ​ខ្សោយ​បញ្ហា​វិន័យ ហើយ​ខ្ញុំ​សោកស្តាយ​ដែល​រូបគេ​មិន​បាន​ចូលរួម​ការ​ប្រកួត​ក្នុង​កីឡា​ជាតិ​លើក​ទី ២ ដោយសារ​តែ​ប្រជែង​ចុះ​ឈ្មោះ​មិន​បាន ព្រោះ​មួយ​ប្រភេទ​ទម្ងន់​គេ​យក​តែ​ម្នាក់​ក្នុង​មួយ​សមាគម»។

ឡុង ជិន ធ្លាប់​ឈ្នះ​មេដាយមាស​ជម្រើសជាតិ​ឆ្នាំ ២០១៧ កន្លងមក ក្នុង​ទម្ងន់ ៥៤ គីឡូក្រាម។ ចំណែក រឿម វណ្ណៈ ជា​កីឡាករ​ចាស់​វស្សា​ដែល​ធ្លាប់​ល្បី​ល្បាញ​តាំង​ពី​ឆ្នាំ ២០១២ មក​ម្ល៉េះ ប៉ុន្តែ​មួយរយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ប្រកួត​របស់​គេ​ធ្លាក់​ចុះ​ទាំង​បច្ចេកទេស ទាំង​កម្លាំង ហើយ​ការ​ប្រកួត​ម្តង​មិន​សូវ​គេច​ផុត​ពី​សន្លប់​នោះ​ឡើយ។

ប្រវត្តិ​ប្រកួត​ក្នុង​ពិភព​ប្រដាល់​នេះ រឿ​ម វណ្ណៈ ធ្លាប់​ខ្លាំង​នៅ​ក្លិប​រស្មី​ភូមិ​គាប ខេត្ត​បន្ទាយមានជ័យ ហើយ​បន្ទាប់​មក​មាន​ភាព​ល្បី​ល្បាញ​ក្នុង​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ ប៉ុន្តែ ដោយ​បញ្ហា​ការ​ហ្វឹក​ហាត់ និង​គោរព​វិន័យ​មិន​ល្អ​ទើប ការ​ប្រកួត​ធ្លាក់​ចុះ​ខ្សោយ​ហើយ​ចុង​ក្រោយ​បាន​ផ្លាស់​ទៅ​កាន់​ក្លិប​ប្រដាល់​រាជសីហ៍​ខេត្ត​បន្ទាយមានជ័យ ជាមួយ​លោកគ្រូ​វ៉ោយ អេង នៅ​ឯ​ស្រុក​កំណើត​វិញ៕