The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឡុង​ ជិន ​ប្រាថ្នា​ឈ្នះ​ប្រាក់​លាន ​ដើម្បី​ធ្វើ​ផ្ទះ​តូច​មួយ ​ផុត​ពី​នៅ​​ផ្ទះ​ជួល​




ឡុង​ ជិន ​ប្រាថ្នា​ឈ្នះ​ប្រាក់​លាន ​ដើម្បី​ធ្វើ​ផ្ទះ​តូច​មួយ ​ផុត​ពី​នៅ​​ផ្ទះ​ជួល​

Content image - Phnom Penh Post
បេក្ខភាព​ទាំង​ ៤​ នាក់ ដែល​ត្រូវប្រកួតម៉ារ៉ាតុង​ដណ្តើម​ប្រាក់លាន នៅ​ថោន។ សហ​ការី

ឡុង​ ជិន ​ប្រាថ្នា​ឈ្នះ​ប្រាក់​លាន ​ដើម្បី​ធ្វើ​ផ្ទះ​តូច​មួយ ​ផុត​ពី​នៅ​​ផ្ទះ​ជួល​

ភ្នំពេញ៖ ​អ្នក​ប្រដាល់​លំដាប់​ខ្លាំង ​១ ​រូប​​របស់​​ក្លិប​ខ្លារខិន​មាន​រិទ្ធ​ ឡុង ជិន ដែល​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ចំនួន ​២ ​ស្ថាប័ន​ ក្នុង​ទម្ងន់ ​៥៧​ និង ​៦០ ​គីឡូក្រាម​នោះ បាន​អះអាង​ថា រូប​គេ​បាន​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង​សម្រាប់​ការ​ទទួល​បាន​ឱកាស​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន ​នៃ​កម្មវិធី Mas Fight Cambodia នៅ​លើ​សង្វៀន​ថោន​នា​ថ្ងៃ​អាទិត្យ​នេះ។

ឡុង ជិន ដែល​ទើប​រួច​ផុត​ពី​ការ​ពិន័យ​របស់​ម្ចាស់​ក្លិប ដើម្បី​ប្រកួត​ជា​ថ្មី​នោះ​បាន​​មើល​ឃើញ​ថា រូប​គេ​អាច​នឹង​យក​ឈ្នះ សារឿន ចាន់ បើ​សិន​ជា​ចាប់​ឆ្នោត​ជួបគ្នា នៅ​វគ្គ​ជម្រុះ ​៣ ទឹក ដើម្បី​ឡើង​ទៅ​វគ្គ​​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​វត្តមាន​របស់ សុខ សាវិន និង ចាន់ ប៊ុនធឿន បាន​ក្លាយ​ជា​ឧបសគ្គ​ធំ​ចំពោះ​រូប​គេ។ ទោះ​យ៉ាង​ណា ជិន ប្តេជ្ញា​ថា នឹង​​ព្យាយាម​យក​ឈ្នះ​ឲ្យ​បាន ដើម្បី​អាច​ទទួល​បាន​ប្រាក់​​រង្វាន់ ​៣,៤ ​លាន​រៀល យក​ទៅ​ធ្វើ​ផ្ទះ​តូច​មួយ ចៀស​ផុត​ពី​ការ​ជួល​ផ្ទះ​គេ​នៅ។

ឡុង ​ជិន ​បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «​ការ​ប្រកួត​លើក​នេះ​សំខាន់​ណាស់​ ដោយ​ខ្ញុំ​ប្រឹង​ហាត់​ដើម្បី​ប្រកួត​យក​ឈ្នះ​ ដើម្បី​​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ​៣,​៤ លាន​រៀល ​ពី​កម្មវិធី​យក​ទៅ​ធ្វើ​ផ្ទះ​តូច ​១ ​លើ​ដី​មាត់​បឹង ១ ​ដែល​ម្តាយ​បាន​ចែក​ឲ្យ​ក្នុង​ទំហ៊ំ ​៧ ​គុណ ​១២ ​ម៉ែត្រ ​នៅ​ឯ​ភូមិ​អន្លុង​ស្លែង​ ស្រុក​មុខ​កំពូល ​ខេត្ត​កណ្តាល​ ដើម្បី​គេច​ឲ្យ​ផុត​ពី​ការ​រស់នៅ​​ផ្ទះ​ជួល​គេ​ គឺ​លំបាក​ជីវភាព​ខ្លាំង​ណាស់​»។

ឡុង ​ជិន បាន​​បន្ត​ថា​៖​ «ឧបសគ្គ​ធំ​ក្នុង​ពេល​ប្រកួត​នេះ​មាន​ ​សុខ ​សាវិន​ និង​ ចាន់​ ប៊ុនហឿន​ គឺ​លំបាក​ប្រកួត​ ​ព្រោះ​ពួក​​គេ​ជា​ជើង​ចាស់​មាន​ស្នៀត​ប្រកួត​ល្អ ​និង​មាន​ល្បិច​ខ្ពស់​​ចំណែក ​សារឿន ​ចាន់ ខ្ញុំ​គិត​ថា​ គ្មាន​ឧបសគ្គ​ធំ​នោះ​ទេ​។​ ​ទោះ​យ៉ាង​ណា​ខ្ញុំ​ប្រាថ្នា​យក​ឈ្នះ​ឲ្យ​បាន ​ដោយ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ​៧០ ​ភាគរយ​ថា ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​នេះ​ យក​មក​ធ្វើ​ផ្ទះ​ ​ព្រោះ​ខ្ញុំ​វ៉ៃ​ឈ្នះ​ខ្សែ​ក្រវាត់ ​២ ​ហើយ ​មិន​ទាន់​ទទួល​បាន​ក្របខ័ណ្ឌ​មាន​ប្រាក់​ខែ ជា​រាជការ​​ដូច​គេ​នោះ​ឡើយ​»​។​

ចំណែក​លោក ​ស៊ន ​អេលីត ​គ្រូ​បង្វឹក ​សុខ សាវិន ​និយាយ​ថា​៖ ​«ក្នុង​ចំណោម ​៣ នាក់ ​ដែល​នឹង​ត្រូវ​ប៉ះ​​គ្នា​នេះ ​ខ្ញុំ​គិត​ថា ​សារឿន ​ចាន់ ​និង ​ចាន់ ​ប៊ុន​ហឿន​ ជា​ជើង​ចាស់​ដែរ​ តែ​មាន​សមត្ថភាព​មិន​អាច​លើស ​សុខ ​សាវិន ​ទេ ​អ៊ីចឹង​​អ្វី​ដែល​ខ្ញុំ​គិត​ថា​ ជា​ឧបសគ្គ​ធំ ​គឺ ​ឡុង ​ជិន ​ទៅ​វិញ​ ព្រោះ​ ឡុង​ ជិន​ កម្លាំង​វាយ​ថេរ ​និង​មាន​​ស្នៀត​ជង្គង់​ល្អ​។​ តាម​ខ្ញុំ​ព្យាករ​ គឺ ​សុខ ​សាវិន ​និង​ឡុង ​ជិន អាច​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ​តែ​ខ្ញុំ​សង្ឃឹម​លើ ​សុខ​ សាវិន​ ត្រឹម ​៦០ ​ភាគរយ​ទេ»​។​

សារឿន ​ចាន់ ​ដែល​ត្រូវ​បាន​គណៈកម្មការ​ផ្គូផ្គង​ដាក់​ចូល​ជំនួស​ តាញ់​ មករា​ មាន​បញ្ហា​ឈឺ​ជើង​ភ្លាមៗ​ កាល​ពី​ម្សិលមិញ​នោះ គឺ​ជា​កីឡាករ​ធ្លាប់​ខ្លាំង​ ក្នុង​ទម្ងន់​ ៥៧ ​គីឡូក្រាម​ ប៉ុន្តែ​បច្ចុប្បន្ន​ធ្លាក់​ចុះ ​ដោយ​វ័យ​កាន់​តែ​ចាស់​ផង​ដែរ ​និង​បាន​ផ្ទេរ​មក​នៅ​ក្លិប​ជាមួយ​លោក​ ពេជ្រ​ សុផាន់ ​ជា​បណ្តោះ​អាសន្ន​។

ពេជ្រ ​សុផាន់ ​ជាគ្រូ​បង្វឹក​​ប្រាប់​​ថា​៖ ​«​សារឿន​ ចាន់ ​មក​ហាត់​ជាប់​បាន​ល្អ ​២ ​សប្តាហ៍​ហើយ​ ប៉ុន្តែ​បញ្ហា​កម្លាំង​ គឺ​លំបាក​ទប់ទល់​នឹង​កីឡាករ​វ័យ​ក្មេង​ណាស់​ គ្រាន់​តែ​បច្ចេកទេស​នៅ​ល្អ​។ ​ខ្ញុំ​គិត​ថា ការ​ប្រ​កួត​នេះ​ សារឿន ចាន់ អាច​គ្រាន់​តែ​បង្គ្រប់​កិច្ច​ក៏​ថា​បាន​ ​ព្រោះ​ ឡុង ​ជិន​, ចាន់ ប៊ុនហឿន​ និង ​សុខ ​សាវិន​ កំពុង​ល្អ​ណាស់​ក្នុង​ទម្ងន់ ​៦០ ​គីឡូក្រាម​នេះ​»៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ កើត ​រិទ្ធ​ បាន​ប្រាប់​ឯកអគ្គ​រាជទូត​អូស្ត្រាលី​លោក ​Pablo​ Kang ​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ នៅ​ក្រសួង​យុត្តិធម៌​ថា​ ការ​ចាប់​ខ្លួន​បុគ្គល​ណា​មួយ​ដោយ​សមត្ថកិច្ច គឺ​ធ្វើ​ទ្បើង​ដោយ​អនុលោម​តាម​ច្បាប់​​កម្ពុជា។​

  • ភ្នំពេញ៖ ដោយ​សង្កេត​ឃើញ​ពី​ការ​ប្រឈម​របស់​​ប្រជាកសិករ​កម្ពុជា​​មួយ​ចំនួន​ ជាពិសេស​អ្នក​នៅ​ទី​ដាច់​ស្រយាល​ ដែល​បាត់បង់​ទីផ្សារ​​​​ព្រោះ​តែ​វិបត្តិ​កូវីដ យុវជន ​១ ក្រុម ​បាន​រួមគ្នា​បង្កើត​គម្រោង​ COVID Farmer Hacker ដើម្បី​ជួយ​​អ្នក​ខិតខំ​ដាំដុះ​តែ​ត្រូវ​រងគ្រោះ​ពី​ការ​រំខាន​ដល់​​​សេដ្ឋកិច្ច​​បង្ក​ដោយ​វីរុស​កូរ៉ូណា។​

  • ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ​​ដែល​ចុះ​បញ្ជី​សញ្ញាប័ណ្ណ​សាជីវកម្ម​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ​(CSX) បាន​រាយការណ៍​អំពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏​ល្អ​ប្រសើរ​នៅ​ត្រីមាស​ទី​២ ​ឆ្នាំ​នេះ ទោះបី​ជា​​ខ្លួន​ទទួល​រង​នូវ​សម្ពាធ​ខ្លះៗ​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ ​ដែល​បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា មាន​ការ​ធ្លាក់ចុះ​ក៏​ដោយ​។​

  • ភ្នំពេញ៖ ​លោកស្រី​ ​ភឿង​ សកុណា ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌ ​និង​គ្រប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​អនុវត្ត​នីតិវិធី​ និង​ទម្រង់​បែបបទ​នៃ​ការ​គ្រប់គ្រង​អាជីវកម្ម​កាត់សក់​ ​អ៊ុត​សក់​ និង​លម្អ​ក្រចក

  • ភ្នំពេញ៖ ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ​ម៉ម​ ប៊ុន​ហេង បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​ធ្វើ​ការ​ផ្នែក​គាំពារ​មាតា​ និង​ទារក​ ត្រូវ​​បង្កើន​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ និង​ហានិភ័យ​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។

  • មណ្ឌលគិរី៖ សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ពី​ម្សិលមិញ​បាន​សម្រេច​ឃុំ​ខ្លួន​ចាងហ្វាង​សារព័ត៌មាន​អនឡាញ​ម្នាក់​នៅ​ពន្ធនាគារ​​ខេត្ត​ក្រោម​បទ​ចោទ ​«ឈូស​ឆាយ​ដី​ព្រៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​» បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​​ថ្ងៃទី ២២ កញ្ញា ​តាម​ដីកា​តុលាការ​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ដី​ព្រៃ ​និង​ប្រើប្រាស់​សារធាតុ​ញៀន។