ភ្នំពេញ៖ ​ជា​កូន​ទោល​ ​ដែល​ត្រូវ​បាន​ឪពុក​ម្តាយ​​ស្លាប់​ចោល​តាំង​ពី​នៅ​តូច ឡុង វិបុល បាន​ប្រើ​ជីវិត​ផ្សង​ព្រេង​ក្នុង​នាម​ជា​អ្នក​ប្រដាល់​តាម​ជនបទ ​ដើម្បី​កសាង​បាន​នូវ​មូលដ្ឋាន​នៃ​ការ​រស់នៅ​ដ៏​ល្អ​ប្រសើរ​​​មួយ ព្រោះ​បច្ចុប្បន្ន​នេះ លោក​មិន​ត្រឹមតែ​មាន​ក្លិប​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ក៏​ជា​គ្រូ​បង្វឹក ​និង​ជា​គណៈកម្មការ​ចៅក្រម​អាជ្ញា​កណ្តាល ដ៏​មាន​ទេពកោសល្យ​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ផង​ដែរ។

ជា​កូន​ទោល​នៅ​ក្នុង​គ្រួសារ​មួយ ដែល​មាន​​ស្រុក​កំណើត​នៅ​ភូមិ​ព្រៃភ្នៅ​ ឃុំ​ព្រែកចាក ស្រុក​ជើងព្រៃ​ ខេត្ត​កំពង់ចាម​ ឡុង វិបុល ​ត្រូវ​បាន​ឪពុក​ម្តាយ​​ស្លាប់​ចោល​អស់​តាំង​ពី​នៅ​តូច ហើយ​​បាន​ផ្សង​ព្រេង​ជីវិត ​ជា​អ្នក​ប្រដាល់​តាម​ជនបទ​គ្រប់​ច្រក​ល្ហក ​ដើម្បី​ទ្រទ្រង់​ជីវិត​នៅ​​ក្នុង​សង្គម​។​

នៅ​ក្នុង​ខ្សែ​ជីវិត​ជា​កីឡាករ​ជិត ​១០ ​ឆ្នាំ ​គឺ​ចាប់​​ពី​ឆ្នាំ ​១៩៩៨​ ដល់​ឆ្នាំ ​២០០៧ ​ឡុង ​វិបុល​ ​ជា​កូន​សិស្ស​ម្នាក់​នៅ​ក្នុង​​ក្លិប​ប្រដាល់​​របស់​​លោកគ្រូ​ ឡុង​ សាលវ័ន្ត ​ប៉ុន្តែ​ក្រោយ​មក ឡុង វិបុល បាន​ឃ្លាត​ឆ្ងាយ​​ពី​ប្រដាល់​​មួយ​រយៈ​ ទៅ​ធ្វើ​ការ​ជា​សំណង់​វិញ។ ​យ៉ាង​ណា​ក៏​ដោយ ​បន្ទាប់​ពី​មាន​ជីវភាព​រស់នៅ​បាន​គួរសម​នឹង​គេ​នោះ ឡុង វិបុល បាន​វិល​មក​​ចូល​រៀន​ធ្វើ​ចៅក្រម​អាជ្ញា​កណ្តាល​ ​និង​បាន​ឈាន​ទៅ​ដល់​ការ​​បើក​ក្លិប​ប្រដាល់​បាន​នៅ​ឆ្នាំ ​២០១១​ ហើយ​បច្ចុប្បន្ន​បាន​ក្លាយ​ជា​មន្ត្រី​នគរបាល​ជាតិ​ផង​ ដែល​តាមរយៈ​មុខ​របរ​កីឡា​នេះ​។​

លោក​ ឡុង ​វិបុល ​បច្ចុប្បន្ន ​ជា​ម្ចាស់​ក្លិប​ប្រដាល់​ពន្លឺ​​វិបុល​ដារិទ្ធិ​ពោធិ៍សែនជ័យ​ដែល​មាន​ទីតាំង​នៅ​ភូមិ​តាងួន​ សង្កាត់​​​កាកាប​ ខណ្ឌ​ពោធិ៍សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ដោយ​លោក​មាន​​កីឡាករ​ច្រើន​ប្រភេទ​​​ទម្ងន់​ជាង ​២០ ​នាក់​។​ ទោះ​​បី​លោក​បាន​ឆ្លង​កាត់​ជីវភាព​ជា​អ្នក​ប្រដាល់​មួយ​រូប ​ដែល​មិន​ទទួល​បាន​លទ្ធផល​​ជោគជ័យ​ ឬ​ឈ្នះ​ជយលាភី​ ជា​អ្នក​ខ្លាំង​នៅ​​លើ​សង្វៀន​ ប៉ុន្តែ​ក្នុង​ការងារ​ជា​អ្នក​គ្រប់គ្រង​ដឹកនាំ​ក្នុង​កីឡា​នេះ វិបុល ​បាន​ទទួល​លទ្ធផល​ល្អ​គួរ​ឱ្យ​កត់​សម្គាល់​។​

លោក ឡុង វិបុល ដែល​ធ្លាប់​មាន​ប្រវត្តិ​ឆ្លង​កាត់​ជីវភាព​លំបាក​​លំបិន ​ដើរ​ប្រកួត​តាម​ខេត្ត​ និង​ជាយ​ដែន​ប្រទេស​ថៃ ​នោះ បាន​​ប្រាប់​ថា​ លោក​មិន​ដែល​ឈ្នះ​បាន​ជើងឯក ​ឬ​ខ្សែ​ក្រវាត់​ម្តង​ណា​ទេ ​ដោយ​ក្នុង​ការ​ប្រកួត​ជាង ​១០០ ​លើក ​លោក​ធ្លាប់​​បាន​ឈ្នះ​ត្រឹម​ជើងឯក​រង ​ផ្នែក​ប្រដាល់​សកល​ជម្រើស​ជាតិ​ប្រចាំ​ឆ្នាំ ​២ ​លើក ​ក្នុង​ឆ្នាំ ​២០០៥​ និង​ឆ្នាំ ២០០៦ ​ហើយ​​បន្ទាប់​មក លោក​​បាន​រៀបការ ​និង​លាឈប់​ពី​កីឡាករ​ប្រដាល់​ក្នុង​ឆ្នាំ ​២០០៧​។​

ប្រធាន​ក្លិប​ប្រដាល់​​ពន្លឺ​វិបុល​ដារិទ្ធិពោធិ៍សែនជ័យ​រូប​នេះ បាន​​និយាយ​ថា​៖​ «សព្វ​ថ្ងៃ​ខ្ញុំ​មាន​អាយុ​ជាង ​៤០ ​ឆ្នាំ​ ហើយ​លទ្ធផល​ដែល​ខ្ញុំ​ទទួល​បាន​មក​ដល់​ពេល​នេះ ​គឺ​អាច​និយាយ​បាន​ថា ​មាន​កំណើត​មក​ពី​ប្រភព​ប្រដាល់​។​ មុន​នឹង​ខ្ញុំ​ធ្វើ​ជា​គ្រូ​ប្រដាល់​ និង​ជា​ប្រធាន​ក្លិប​បាន​ គឺ​មាន​ការ​តស៊ូ​ មាន​បទពិសោធ​ច្រើន​ក្នុង​ជីវភាព​​ជា​កីឡាករ​ម្នាក់ ​ដែល​មិន​សូវ​ល្បី​លំដាប់​ជួរ​មុខ​នោះ​ទេ ប៉ុន្តែ​មហាជន​គេ​ស្គាល់​ និង​តែង​អាណិត​អាសូរ​ខ្ញុំ​ច្រើន​»។

លោក​បាន​បញ្ជាក់​ថា៖ «​​ការ​ស្វែងរក​ការងារ​សំណង់​បាន​ធ្វើ ក៏​​ដោយសារ​គេ​ស្គាល់​ខ្ញុំ​ជា​កីឡាករ ហើយ​​ខ្ញុំ​សុំ​គេ​បើក​ក្លិប​ និង​​​មាន​សប្បុរសជន​​ជួយ​គាំទ្រ​ ក៏​មក​ពី​គេ​ស្គាល់​ខ្ញុំ​ជា​អតីត​​កីឡាករ ​ចំណែក​ខ្ញុំ​​បាន​ចូល​ជា​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ​ក៏​ដោយសារ​គេ​ស្គាល់​ខ្ញុំ​តាមរយៈ​កីឡាករ​នេះ​ដែរ​។​ ​បើ​និយាយ​រួម ​ដោយសារ​ការ​​ហែល​ឆ្លង​ជីវភាពជា​កីឡាករ​នេះ​ហើយ​ ទើប​​ខ្ញុំ​ឈាន​មក​ដល់​ជីវភាព​សមរម្យ​ មាន​ក្លិប​ប្រដាល់​ មាន​ការ​ងារ​ធ្វើ ​គឺ​អាច​និយាយ​បាន​ថា ​មាន​កំណើត​ពី​កីឡាករ​នេះ​ហើយ»​។​

បច្ចុប្បន្ន ​ក្លិប​ពន្លឺ​វិបុល​ដារិទ្ធិ​ពោធិ៍សែនជ័យ​ ចំណុះ​ឱ្យ​សមាគម​កីឡា​ប្រដាល់​ក្រសួង​មហាផ្ទៃ​ ដោយ​មាន​កីឡាករ​ល្អៗ​កម្រិត​មធ្យម​ ២២ ​នាក់ ​ និង​អាច​ប្រកួត​លើ​សង្វៀន​បាន​ ១៥ ​នាក់ ជាមួយ​គ្នា​នេះ​កីឡាករ​លំដាប់​គូឯក​ និង​គូ​ពិសេស​មាន​ដូច​ជា​ កីឡាករ ​ឡូញ ​វណ្ឌី​, សយ​ សុខ​, សយ​ សី​, ឡុង ​សំណាង​, ធី ​តុងហ៊ី​ និង សោម​ វិឆ័យ​ ជា​ដើម​។

លោក ឡុង ​វិបុល ​បញ្ជាក់​ថា៖ ​«​សព្វ​ថ្ងៃ ​ខ្ញុំ​មាន​កូន​ស្រី ​២ នាក់ ​និង​កូន​ប្រុស ​១ ​នាក់ អាយុ ​១២ ​ឆ្នាំ​ ដែល​កំពុង​ហ្វឹកហាត់​ និង​បណ្តុះបណ្តាល​ជា​កីឡាករ​ថ្នាល​វ័យ​ក្មេង ​គឺ​វា​មាន​និស្ស័យ​ដូច​ខ្ញុំ​ដែរ ហើយ​សម្រាប់​ថ្ងៃ​មុខ ​កូន​ខ្ញុំ ​នឹង​ក្លាយ​ជា​កីឡាករ​ឆ្នើម ​ព្រោះ​ខ្ញុំ​នឹង​ជំរុញ​គេ ក្លាយ​ជា​​កីឡាករ​​ល្អ​ម្នាក់»។

«កូន​ខ្ញុំ​បាន​​ហ្វឹកហាត់​ជាមួយ​ខ្ញុំ​ជា​ប្រចាំ​ និង​ធ្លាប់​ឡើង​ប្រកួត​បាន ​១០ ​លើក​ហើយ ​ដោយ​​ឈ្នះ ​៤​ ​ចាញ់ ​៣​ និង​ស្មើ ​៣ ​ដង ហើយ​នៅ​ថ្ងៃ​អនាគត​គេ​អាច​មាន​សមត្ថភាព​ពូកែ​ជាង​ខ្ញុំ​មិន​ខាន​។ ​ខ្ញុំ​មាន​សមត្ថភាព​ប្រកួត​មិន​សូវ​ខ្លាំង​ទេ ​ប្រកួត​ភាគ​ច្រើន​ចាញ់​ គឺ​ចាញ់​ដោយសារ​កម្លាំង​ឆាប់​អស់​មក​ពី​ធម្មជាតិ​របស់​ខ្ញុំ​ ប៉ុន្តែ​យុទ្ធសាស្ត្រ​ និង​របៀប​ប្តូរ​ក្បាច់​ប្រកួត ​ខ្ញុំ​ជា​អ្នក​ប្រឹក្សា​ល្អ ​ដែល​ផ្តល់​ជូន​ដល់​កីឡាករ ក្នុង​នាម​ជា​គ្រូ ​និង​ជា​អ្នក​ឱ្យ​ទឹក​»​។​

ជាមួយ​គ្នា​នេះ លោក ឡុង ​វិបុល​ ក៏​ប្រាប់​មនុស្ស​សំខាន់ ដែល​បាន​ជួយ​ឱ្យ​រូប​លោក​មាន​ថ្ងៃ​នេះ​ផង​ដែរ។ លោក​និយាយ​ថា៖ ​«ខ្ញុំ​មិន​ចេះ​ភ្លេច​គុណ​គេ​ទេ ​គឺ​ខ្ញុំ​​ស្គាល់​មុខ​របរ​ប្រដាល់​នេះ ដោយសារ​​មាន​បង​ធម៌​ឈ្មោះ ​ឡុង ​សាលវ័ន្ត ​បច្ចុប្បន្ន​ជា​គ្រូ​ប្រដាល់​ជម្រើស​ជាតិ ​​ដែលជា​អ្នក​​ជួយ​បណ្តុះ​បណ្តាល​ខ្ញុំ​ពី​ដំ​បូង ​ហើយ​​ខ្ញុំ​​បាន​ចូល​ក្របខ័ណ្ឌ​ជា​មន្ត្រី​ប៉ូលិស​បាន​កាល​ពី​ឆ្នាំ ​២០១៨ ដោយសារ​មាន​​ឯកឧត្តម​ផ្កាយ ​៣ ​ជា ​ប៊ុនហេង ​ជា​អ្នក​​ជួយ​ខ្ញុំ»​។​

លោក​បាន​សង្កត់​ធ្ងន់​ថា៖ ​«​តាមរយៈ​សកម្មភាព​កីឡា​ ខ្ញុំ​បាន​ឈាន​មក​ដល់​ពេល​នេះ ​​គឺ​ទទួល​បាន​លទ្ធផល​ប្រសើរ ​ហើយ​អ្វីៗ​ដែល​ខ្ញុំ​មាន​ គឺ​ដោយសារ​កីឡា​នេះ​ហើយ​។ ហេតុ​នេះ​ខ្ញុំ​ក៏​ចង់​រិះគន់​ចំពោះ​បង​ប្អូន​មួយ​ចំនួន​ ដែល​បរាជ័យ​ ឬ​គ្មាន​ការ​ព្យាយាម​ តែ​បាន​​បន្ទោស​ភាព​ក្រីក្រ​របស់​ខ្លួន​​ថា ​មក​ពី​ចូលរួម​ក្នុង​សកម្មភាព​កីឡា​។ ​ចំណុច​នេះ​ ខ្ញុំ​មិន​គាំ​ទ្រ​ទេ​ ​ព្រោះ​មក​ពី​យើង​ខ្វះ​ការ​តស៊ូ​ និង​ខ្សោយ​ខាង​វិន័យ ​ឬ​មិន​ច្បាស់​លាស់ តែ​បែរ​ជា​បន្ទោស​កីឡា​ទៅ​វិញ»​៕​​