ភ្នំពេញ៖ លោក ជា រិទ្ធ បានក្លាយជាដៃគូថ្មីរបស់លោក ឡុង សាលវ័ន្ត ដើម្បីរួមគ្នាបង្វឹកក្រុមធំជម្រើសជាតិគុនខ្មែរ ក្នុងឆ្នាំ ២០២០ បន្ទាប់ពីលោក អេ ភូថង បានធ្លាក់ចេញពីគ្រូបង្គោលនោះ រីឯក្រុមកីឡាករជម្រើសជាតិគុនខ្មែរទាំង ៨ នាក់ ក៏បានជ្រើសរើសរួចរាល់ហើយដែរ។
តាមរយៈការបោះឆ្នោត ដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើនៅនាយកដ្ឋានអប់រំកាយ និងកីឡា នៃពហុឡដ្ឋានជាតិ កាលពីថ្ងៃសុក្រ លោក អេ ភូថង ដែលបានជាប់ជាគ្រូជម្រើសជាតិ តាំងពីឆ្នាំ ២០១៧ មកនោះ ទទួលបានការគាំទ្រត្រឹម ៤ សំឡេង ឈរនៅលេខរៀងទី ៣ ផ្ទុយពីនេះ លោក ឡុង សាលវ័ន្ត ដែលជាគ្រូជំនួយតាំងពីឆ្នាំ ២០១៧ មកដែរនោះ ត្រូវឡើងទៅធ្វើជាគ្រូបង្គោលនៅឆ្នាំនេះ ក្រោយលោកទទួលបាន ៧ សំឡេងខ្ពស់ជាងគេ រីឯលោក ជា រិទ្ធ ទទួលបាន ៥ សំឡេង ជាប់ជាគ្រូជំនួយនៅឆ្នាំនេះ។
យ៉ាងណាក៏ដោយ នៅក្នុងការបោះឆ្នោតនោះ គ្រូបង្វឹកជើងចាស់ ហង្ស ស៊ឺន ព្រមទាំងគ្រូបង្វឹកជើងថ្មីមានសមត្ថភាព ធន់ សោភា និង ឡៅ ស៊ីណាត បានសម្រេចដកខ្លួន ចេញពីការបោះឆ្នោតនោះ ខណៈលោក ទេស សារិន ដែលបានឈរឈ្មោះដែរនោះ ក៏មិនបានបង្ហាញវត្តមានឡើយ ចំណែកលោក អាត់ សារ៉ាត់ (អាត់ សំរិទ្ធ) ទទួលបានការគាំទ្រ ២ សំឡេង គឺឈរនៅលេខរៀងទី ៤ ក្រោយគេ ក្នុងចំណោមអ្នកឈរឈ្មោះ និងមានវត្តមានទាំង ៤ នាក់។
ជុំវិញការដកខ្លួនចេញពីការឈរឈ្មោះនេះ លោក ហង្ស ស៊ឺន លោក ធន់ សុភា និង ឡៅ ស៊ីណាត បានប្រាប់ពីមូលហេតុស្រដៀងគ្នាថា ដោយសារតែពួកគាត់ គ្មានពេលគ្រប់គ្រាន់សម្រាប់ក្រុមជម្រើសជាតិ ព្រោះពួកគាត់សុទ្ធតែនៅប្រចាំ និងគ្រប់គ្រងក្លិបរៀងៗខ្លួន។ លោក ធន់ សុភា បញ្ជាក់ថា៖ «ខ្ញុំជាគ្រូបង្វឹក នៅកងយោធពលខេមរភូមិន្ទ មានកីឡាករច្រើនណាស់ អ៊ីចឹងបើខ្ញុំចេញមកធ្វើជាគ្រូជម្រើសជាតិនោះ កូនសិស្សរបស់ខ្ញុំនឹងលំបាក ហេតុនេះខ្ញុំត្រូវនៅក្នុងក្លិប»។
ចំណែកលោក ជា រិទ្ធ ដែលជាគ្រូថ្មី មិនសូវគេស្គាល់នោះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ ថា លោក ជាប្រធានក្លិបគុហារខេត្តសៀមរាប និងជាជំនួយការលោក តែម ម៉ឺន ទទួលបន្ទុកការងារទំនាក់ទំនងអន្តរជាតិ។ បន្ថែមពីលើនេះ លោក ជាអាជ្ញាកណ្តាលធ្លាប់ជាប់ក្នុងកម្រិតស៊ីហ្គេមនៅហ្វីលីពីន កាលឆ្នាំ ២០១៩ តែម្នាក់គត់របស់កម្ពុជា ដែលមិនធ្លាប់បានជាប់សោះ។ បន្ថែមលើនេះ លោកជាសាស្ត្រាចារ្យអក្សរសាស្ត្រភាសាអង់គ្លេស គឺជាធនធានមួយដែលសហព័ន្ធត្រូវការចាំបាច់ តែវិជ្ជាគុនរបស់លោកនៅមានបទពិសោធខ្ចី។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានថ្លែងថា៖ «គ្រូបង្វឹកជម្រើសជាតិ ដែលទទួលបានការទុកចិត្តពីសហព័ន្ធ ត្រូវទទួលខុសត្រូវតាមច្បាប់ និងលក្ខខណ្ឌរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា ដើម្បីខិតខំយ៉ាងណាឲ្យកីឡាករយើង ទទួលបានសមត្ថភាពល្អ ប្រកួតដណ្តើមបានជ័យជម្នះពីឆាកអន្តរជាតិ តាមគោលការណ៍របស់ថ្នាក់ដឹកនាំ»។
ចំពោះកីឡាករជាប់ជម្រើសជាតិ ឆ្នាំ ២០២០ នេះ ត្រូវបានលោក តែម ម៉ឺន ប្រាប់ថា គ្មានការបោះឆ្នោតទេ គឺវាយតម្លៃតាមសមត្ថភាពពីគណៈអចិន្រៃ្តយ៍របស់សហព័ន្ធតែម្តង ហើយកីឡាករទាំង ៨ នាក់ ដែលបានជាប់ជាជម្រើសជាតិ ឆ្នាំនេះរួមមាន ហ៊ឹម គឹមរៀង ទម្ងន់ ៥១ គីឡូក្រាម ខេម ចាន់ ទម្ងន់ ៥៤ គីឡូក្រាម វ៉ាន់ វឿន ទម្ងន់ ៥៤ គីឡូក្រាម ចក់ សាវិន (សុខ សាវិន) ទម្ងន់ ៦០ គ.ក្រ តាញ់ មករា ទម្ងន់ ៦០ គីឡូក្រាម ឃុន ឌីម៉ា (ឃីម ឌីម៉ា) ទម្ងន់ ៦៣,៥ គីឡូក្រាម ឡៅ ចិត្ត្រា ទម្ងន់ ៦៣,៥ គីឡូក្រាម និង ឡៅ ចន្ទ្រា ទម្ងន់ ៧១ គីឡូក្រាម៕