ភ្នំពេញ៖ កីឡាករវ័យក្មេង ដែលទើបប្រឡូកក្នុងវិស័យប្រដាល់ ឡុង សុផា បានចាត់ទុកការឈ្នះតំណែងជើងឯកក្នុងការប្រកួតម៉ារ៉ាតុងប្រាក់លាននៃកម្មវិធីអធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅសង្វៀន PNN ថា ជាការបើកផ្លូវមួយយ៉ាងសំខាន់ ដែលអាចនឹងជួយឲ្យរូបគេ មានទីផ្សារប្រកួតច្រើន ដើម្បីរកប្រាក់ទៅជួយសងធនាគារជំនួយម្តាយ។
សិស្សគណក្លិបសាលវ័ន្តកីឡា វ័យ ១៨ ឆ្នាំ ដែលទើបឡើងប្រឡូកនៅលើសង្វៀនបានជាង ១ ខែ ឡុង សុផា ប្រាប់ភ្នំពេញប៉ុស្តិ៍ ថា៖ «ការសម្រេចចិត្តចូលហ្វឹកហាត់ប្រដាល់នេះ គឺខ្ញុំមានគោលបំណងជួយរកលុយ ដើម្បីជួយសងធនាគាររបស់ម្តាយខ្ញុំ ដូច្នេះបន្ទាប់ពីការឈ្នះជើងឯកនៅថ្ងៃនេះ ខ្ញុំនឹងខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតឲ្យបានល្អជាងនេះ ដើម្បីរកលុយចិញ្ចឹមឪពុកម្តាយខ្ញុំ»។
តាមរយៈការប្រកួតម៉ារ៉ាតុងប្រាក់លានទម្ងន់ ៦៧ គ.ក្រ នៅសង្វៀន PNN កាលពីថ្ងៃអាទិត្យ កន្លងមកនេះ ឡុង សុផា ដែលមានបទពិសោធប្រកួតត្រឹម ៦ ដង បានយកឈ្នះដោយពិន្ទុលើ គង់ ឧត្តម នៅក្នុងវគ្គជម្រុះ ៣ ទឹក ហើយបានបន្តទៅយកឈ្នះលើអ្នកប្រដាល់ជើងចាស់ ផាន់ សុវណ្ណ ដោយពិន្ទុនៅវគ្គផ្តាច់ព្រ័ត្រ។
តាមរយៈការឈ្នះតំណែងជើងឯកជាលើកដំបូងនេះ សុផា ទទួលបានប្រាក់រង្វាន់ ២,៦ លានរៀល ហើយរូបគេក៏បានស្ថិតនៅក្នុងបញ្ជីឈ្មោះរបស់ PNN ដែលអាចនឹងមានឱកាសប្រកួតជាលក្ខណៈអន្តរជាតិនាពេលខាងមុខផងដែរ ចំណែក ផាន់ សុវណ្ណ ដែលបានទម្លាក់ សារ៉ាយ ចំរើន នៅវគ្គជម្រុះ ៣ ទឹក មុនមកចាញ់ សុផា នៅវគ្គផ្តាច់ព្រ័ត្រនេះ ទទួលបានប្រាក់រង្វាន់ ១,២ លានរៀល។
នៅពេលសួរពីប្រាក់រង្វាន់ ដែលទទួលបានពីការប្រកួតនេះ ឡុង សុផា បានបញ្ជាក់ថា៖ «ខ្ញុំនឹងយកលុយនេះ ទៅជួយផ្គត់ផ្គង់ដល់គ្រួសាររបស់ខ្ញុំ ហើយតាមរយៈការប្រដាល់នេះ គឺទៅថ្ងៃខាងមុខ ខ្ញុំគិតថា ខ្ញុំនឹងអាចជួយគ្រួសារខ្ញុំបាន ៨០ ភាគរយ»។
សុផា បានបន្ថែម ដោយមិនលាក់លៀមថា៖ «ជីវភាពគ្រួសារខ្ញុំ មានការលំបាកដែរ ព្រោះម្តាយខ្ញុំគាត់ជំពាក់លុយធនាគារ ហើយការចូលមកហាត់ប្រដាល់នេះ ជាការសម្រេចរបស់ខ្ញុំផ្ទាល់ ព្រោះខ្ញុំមើលឃើញថា គ្រួសារខ្ញុំអត់មានអ្នកទីពឹងទេ អីចឹងហើយការហ្វឹកហាត់ ខ្ញុំខំខ្លាំងណាស់ គឺទោះជាហាត់ម្នាក់ឯង ក៏ខ្ញុំខំហាត់ដែរ ដោយសារខ្ញុំចង់មានកេរ្តិ៍ឈ្មោះ និងអាចរកលុយតាមរយៈការប្រដាល់នេះទៅជួយដល់គ្រួសារខ្ញុំ»។
យ៉ាងណាក៏ដោយ លោក ស្រ៊ឺ ស្រេង ហៅសំណព្វ ប្រធានគ្រប់គ្រងកីឡាប្រចាំនៅ PNN បានមើលឃើញថា ការប្រកួតម៉ារ៉ាតុងប្រាក់លានលើកនេះ ហាក់មិនសូវទាក់ទាញ ប៉ុន្តែលោកបានអះអាងថា ព្រឹត្តិការណ៍នេះ គឺត្រូវបានបង្កើតឡើង ដើម្បីកសាងអ្នកប្រដាល់ជំនាន់ថ្មី ក្នុងកម្រិត B ឲ្យមានឱកាសក្លាយទៅជាកីឡាករជើងខ្លាំងនាពេលអនាគត។
លោក សំណព្វ បាននិយាយក្រោយការប្រកួតថា៖ «សម្រាប់ការប្រកួតទម្ងន់ ៦៧ គីឡូក្រាម នៅថ្ងៃនេះ គឺគូជើងឯករបស់យើង មិនសូវជាទាក់ទាញប៉ុន្មានទេ ប៉ុន្តែយើងបានបំពេញបង្រ្គប់បន្ថែមវិញ នូវគូឯក ឬគូឯករង ដែលមានសមត្ថភាពល្អ និងប្រកួតទាក់ទាញខ្លាំង អ៊ីចឹងជាគោលការណ៍របស់ PNN គឺយើងមិនបោះបង់ចោលអ្នកចាស់ ហើយយើងព្យាយាមបណ្តុះអ្នកជំនាន់ថ្មី ដែលមានឆន្ទៈប្រកួត និងស្រេកឃ្លានការឈ្នះ ដើម្បីសាងកេរ្តិ៍ឈ្មោះនៅលើវិថីមួយនេះ»។
លោកបញ្ជាក់ថា៖ «យើងចង់បណ្តុះកីឡាករជំនាន់ថ្មី ឲ្យច្រើនតាមដែលអាចធ្វើទៅបាន អ៊ីចឹងពី ១ អាទិត្យ ទៅ ១ អាទិត្យ PNN បង្កើតបានអ្នកខ្លាំងជំនាន់ថ្មីបន្តបន្ទាប់»។ គឺរំឭកថា សម្រាប់អ្នកឈ្នះជើងឯក ៤ សប្តាហ៍កន្លងមកនេះ រួមមាន អេលីត កែវឡុង ទម្ងន់ ៥៧ គ.ក្រ កាន់ ម៉េងហុង ៥១ គ.ក្រ សេក ចៅជូត ៦០ គ.ក្រ និង យីប ឌុក ៤៥ គ.ក្រ៕