ភ្នំពេញ: អ្នក​ប្រដាល់​ជំនាញ​ក្បាច់​ជង្គង់ និង​មាន​កម្ពស់​ខ្ពស់ ឡុង សុ​ភី មក​ពី​ក្លិប​សាលវ័ន្ត​កីឡា​នៃ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ បាន​ឈ្នះ​ខ្សែ​ក្រវាត់ ១ ទៀត​គឺ​ស្រាបៀរ LEO ទម្ងន់ ៧០ គីឡូក្រាម​នៅ​សង្វៀន​បាយ័ន​បឹង​ស្នោ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី ១៣ ខែ​ឧសភា ឆ្នាំ ២០១៨ ដោយ​រូបគេ​បាន​យក​ឈ្នះ​កីឡាករ​ម៉ឺន សុភា មក​ពី​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ដោយ​ពិន្ទុ​ដាច់​តែ​ម្តង​ក្នុង​ការ​ប្រកួត ៥ ទឹក​ពេញ។

បើ​គិតពី​ប្រវត្តិ​ប្រកួត​ក្នុង​អាជីព​ប្រដាល់​គុន​ខ្មែរ​រយៈពេល​ជាង ១៤ ឆ្នាំ ឡុង សុ​ភី បាន​ឈ្នះ​ពាន​ជើង​ឯក​ជាតិ​ច្រើន​ឆ្នាំ និង​ឈ្នះ​ខ្សែក្រវាត់​សរុប​ទាំង​អស់​ចំនួន ៧ ស្ថាប័ន​ផ្សេងៗ​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​ខុសៗ​គ្នា។ ក្នុង​អំឡុង​ការ​ប្រកួត​ប្រជែង​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​ខ្សែ​ក្រវាត់ LEO Beer ទម្ងន់ ៧០ គីឡូក្រាម​នេះ ឡុង សុភី បាន​យក​ឈ្នះ​កីឡាករ​ថៃ​ចំនួន ៤ នាក់ និង​ឈ្នះ​ថៃ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​មួយ​លើក​ទៀត មុន​នឹង​យក​ឈ្នះ​លើ ម៉ឺន សុភា ដើម្បី​គ្រប់គ្រង​ខ្សែ​ក្រវាត់​នេះ​តែ​ម្តង​ដែល​សរុប​មាន​ចំនួន ៦ ប្រកួត។

ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់​ដែល​អមដោយ​ទឹកប្រាក់​ចំនួន ៦០០០ ដុល្លារ​នេះ ជាការ​ប្រកួត​ស្វិត​ស្វាញ​រយៈពេល ៥ ទឹក ហើយ​អាជ្ញា​កណ្តាល​លោក​ឃឹម សុជាតិ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហាក់​ដូចជា​ខិតខំ​ជួយ ម៉ឺន សុភា ខ្លះ​ដែរ ប៉ុន្តែ​មិន​អាច​ទៅ​រួច​ដោយសារ​ស្នៀត​ជង្គង់​របស់​ឡុង សុភី វាយ​ចូល​ច្រើន​ណាស់​សឹង​តែ​រក​កល​សន្លប់​ម្តងៗ​ទៀត​ផង។

ទោះជា​យ៉ាងណា លទ្ធផល​ពី​សំណាក់​គណៈកម្មការ​បាន ប្រកាស​ជា​ផ្លូវការ ដោយ​ផ្តល់​ជ័យជម្នះ​យ៉ាង​សុក្រឹត ខណៈ​ក្នុង​ចំណោម​ចៅក្រម​ទាំង ៥ ដែល​ដាក់​ពិន្ទុ មាន​តែ​ចៅក្រម​តែ ៣ នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​ប្រកាស​ថា បាន​សម្រេច​ឲ្យ ឡុង សុភី ឈ្នះ​ពិន្ទុ ៩៩ ដល់ ៩៦ ដូចគ្នា​ទាំង​អស់។ ការ​ប្រកាស​លទ្ធផល​បែប​នេះ បាន​បង្កើត​ឲ្យ​មាន​ចម្ងល់​ទៅ​លើ​លទ្ធផល​ពី​សំណាក់​ចៅក្រម ២ នាក់​ផ្សេង​ទៀត​ដែល​ផ្តល់​ពិន្ទុ​ឈ្នះ​ទៅ​ឲ្យ​ម៉ឺន សុភា ។

ស្ថានភាព​ប្រកួត​ចំនួន ៥ ទឹក​ជាក់ស្តែង ឡុង សុ​ភី មានប្រៀប​សឹងតែ​គ្រប់ទឹក ពិសេស​នៅ​ទឹក​ទី ៣ និង​ទី ៤ ខណៈ​ស្នៀត​ជង្គង់ និង​ស្នៀត​កែង​របស់​ឡុង សុភី បាន​បង្ខំ​ឲ្យ​ម៉ឺន សុភា ស្ទើរ​តែ​សន្លប់​ម្តងៗ ប៉ុន្តែ​អាជ្ញាកណ្តាល​លោក​ឃឹម សុជាតិ មិន​បាន​រាប់​នោះ​ឡើយ បើ​ទោះបី ម៉ឺន សុភា ហាក់​ស្រុត​ចុះ​កម្លាំង និង​ដុន​ដាប​កាន់​តែ​ខ្លាំង​ក៏ដោយ។ ឡុង សុភី ឈ្នះ​បាន​ខ្សែ​ក្រវាត់ និង​ទឹក​ប្រាក់ ៦០០០ ដុល្លារ ចំណែក​ម៉ឺន សុភា ទទួល​បាន​ពាន និង​អម​ដោយ​ទឹកប្រាក់ ៣០០០ ដុល្លារ​ផង​ដែរ។

ក្រោយ​ការប្រកួត ឡុង សុ​ភី បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ខ្ញុំ​មាន​អាយុ​ពិត ៣០ ឆ្នាំ​ហើយ មាន​ស្រុក​កំណើត​នៅ ភូមិ​ស្វាយកង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដោយ​ធ្លាប់​ប្រឡូក​ក្នុង​ប្រដាល់​គុន​ខ្មែរ​ជាង ១៤ ឆ្នាំ​ទទួល​បាន​ខ្សែ​ក្រវាត់​សរុប​ចំនួន ៧ ស្ថាប័ន»។

ឡុង សុ​ភី បាន​លម្អិត​ថា៖ «នៅក្នុង​រយៈពេល ១៤ ឆ្នាំនេះ ខ្ញុំ​ធ្លាប់​ចូលរួម​ប្រកួត​ដណ្តើម ខ្សែ​ក្រវាត់​ចំនួន ១០ លើក ឈ្នះ​ខ្សែ​ក្រវាត់ ៧ លើក និង ៣ លើក​បាន​ចំណាត់​ថ្នាក់​លេខ ២ លេខ ៣ និង​លេខ ៤»។

លោក​ឡុង សាល​វ័​ន្ត គ្រូបង្វឹក និង​ជា​បងប្រុស បាន​និយាយថា៖ «ខ្សែក្រវាត់​ទាំង ៧ ដែល​ឡុង សុភី ដណ្តើម​បាន​នោះ​មាន​ទី ១ ខ្សែក្រវាត់​ស្រា​សាច់ដុំ ទម្ងន់ ៦០ គីឡូក្រាម​នៅ​សង្វៀន CTN ឆ្នាំ ២០០៨។ ខ្សែក្រវាត់​ទី ២ K Cement ទម្ងន់ ៦៣,៥ គីឡូក្រាម​នៅ​សង្វៀន TV5 ឆ្នាំ ២០១០។ខ្សែក្រវាត់​ទី ៣ ស្រា​អាឡិចហ្សង់​វិស្គី ទម្ងន់ ៦៥ គីឡូក្រាម​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ៣ នៅ​ឆ្នាំ ២០១១។ ខ្សែក្រវាត់​ទី ៤ ស្រាផែនដី​ទម្ងន់ ៦៥ គីឡូក្រាម​នៅ CTN ឆ្នាំ ២០១២។ ខ្សែក្រវាត់​ទី ៥ K Cement ទម្ងន់ ៦៧ គីឡូក្រាម CTN ឆ្នាំ ២០១៤។ខ្សែក្រវាត់​ទី ៦ ខារ៉ាបាវ​ទម្ងន់ ៦៩ គីឡូក្រាម នៅ​បាយ័ន ឆ្នាំ ២០១៥ និង​ខ្សែក្រវាត់​ទី ៧ ស្រាបៀរ​លីអូ​ទម្ងន់ ៧០ គីឡូក្រាម​នៅ​បាយ័ន​ឆ្នាំ ២០១៨ នេះ​តែ​ម្តង»។

កីឡាករ​ឡុង សុ​ភី បាន​ប្រាប់​បន្ថែមទៀតថា នៅពេល​មាន​វ័យ​កាន់តែ​ចាស់​ប្រកួត​លែង​កើត​នោះ រូបគេ​មាន​បំណង​ចង់​ក្លាយ​ខ្លួន​ជា​គ្រូបង្វឹក និង​ជា​មន្ត្រី​ចៅក្រម​អាជ្ញាកណ្តាល​ផង​ដែរ៕