ភ្នំពេញៈ កីឡាករ​កម្ពុជា ឡុង សុភី និង ធន់ អៀងឡៃ ត្រូវ​បាន​គេ​មើលឃើញ​ថា​ពួកគេ​អាច​នឹង​ត្រូវ​ធ្វើការ​ធ្ងន់​សម្រាប់​ការបង្ហាញ​ខ្លួន​រួម​គ្នា​ក្នុង​ការប្រកួត​មិត្តភាព​អន្តរជាតិ​នៅលើ​សង្វៀន SEATV នា​ថ្ងៃ​សៅរ៍ ព្រោះ​ការប្រកួត​លើក​នេះ ឡុង សុភី ត្រូវ​បាន​ជើង​ខ្លាំង​របស់​ថៃ Phoung Siri ក្នុង​ទម្ងន់​ ៦៩ ​គីឡូក្រាម ហើយ អៀងឡៃ ត្រូវ​ជួប​ជើងឯករង​មកពី​ថៃ Mathy ក្នុង​ទម្ងន់​ ៤៥ ​គីឡូក្រាម​។

តាម​សមត្ថភាព​របស់​អ្នក​ប្រដាល់​ថៃ​ទាំង​ ២ ​នេះ​គឺ​ពួកគេ​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លំដាប់​ជួរមុខ​គួរ​ឲ្យ​ចង់​ទស្សនា ហើយ​ជំនួប​ប្រកួត​គូ​បែប​នេះ​មាន​ដោយ​កម្រ​។ Phoung Siri ដែល​មាន​ជំនាញ​ប្រើ​កណ្តាប់ដៃ និង​ទាត់​ល្អ​ធ្លាប់​បង្ហាញ​ខ្លួន​តាម​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៧ ​របស់​ថៃ​ក្នុង​លំដាប់​គូពិសេស​ផង​ដែរ ហើយ​ប្រភព​ច្បាស់ការ​បាន​ប្រាប់​ថា​រូបគេ​ទើប​តែ​ឈ្នះ​បាន​ខ្សែក្រវាត់​ចំនួន​ ៣ និង​ទទួល​បាន​អាវ​មាស​ប្រចាំ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៧ ​ថៃ ប៉ុន្តែ​កាលពី​ ៣ ​ឆ្នាំ​មុន​ Phoung Siri ធ្លាប់​មក​ប្រកួត​ជាមួយ បឺត ខាំ និង​បាន​សុំ​ចុះចាញ់​ត្រឹម​ទឹក​ទី​ ៤​។

តាម​គណៈកម្មការ​ផ្គូផ្គង​ឲ្យ​ដឹងថា Phoung Siri មាន​កម្ពស់​ ១,៦៧ ​ម៉ែត្រ​ធ្លាប់​ប្រកួត​បាន​ ៧៥ ឈ្នះ​ ៦៣ និង​ចាញ់​ ១២ ​ដង ខណៈ​បច្ចុប្បន្ន​កំពុង​តែ​មាន​សមត្ថភាព​ល្បី​ខ្លាំង​ដែល​កំពុង​គ្រប់គ្រង​ខ្សែក្រវាត់​ចំនួន ៣ ​ស្ថាប័ន​។ ចំណែក ឡុង សុភី មាន​កម្ពស់​ ១,៧២ ​ម៉ែត្រ​ធ្លាប់​ប្រកួត​ ១៥៩ ​ដង​ឈ្នះ​ ១២១ ចាញ់​ ២៨ និង​ស្មើ​ ១០ ​ដង និង​ធ្លាប់​ឈ្នះ​បាន​ខ្សែក្រវាត់​ចំនួន​ ៨ ​ឯណោះ​។

ប្រភព​តាមដាន​សកម្មភាព​សមត្ថភាព​របស់​អ្នក​ប្រដាល់​ទាំង​ ២ ​នេះ​គេ​ហ៊ាន​ទស្សន៍ទាយ​មុន​ថា ជំនួប​ប្រកួត​រវាង ឡុង សុភី និង​ថៃ Phoung Siri នេះ​ពិត​ជា​ចាញ់​ឈ្នះ​គ្នា​ក្នុង​លក្ខណៈ​តឹងតែង​បំផុត ហើយ Phoung Siri មាន​ប្រៀប​ឈ្នះ​ច្រើន​ជាង ឡុង សុភី ប៉ុន្តែ​តាម​ការ​សម្លឹង​ឃើញ​គឺ​ ឡុង សុភី មាន​ប្រៀប​ផ្នែក​ឱប​ឡើង​ក្បាច់​ជង្គង់ ឯ​កីឡាករ​ថៃ​មាន​ប្រៀប​កណ្តាប់ដៃ និង​ស្នៀត​ទាត់​ឆ្ងាយ​។

កីឡាករ ឡុង សុភី បាន​ប្រាប់​ថា​៖ «​ខ្ញុំ​មិន​ទាន់​ហ៊ាន​អះអាង​យ៉ាងណា​ទេ ព្រោះ​មិន​ធ្លាប់​ប្រកួត​គ្នា ប៉ុន្តែ​ការប្រកួត​របស់​ខ្ញុំ​គឺ​នៅ​តែ​សង្ឃឹម​ឈ្នះ​ ៦០ ​ភាគរយ ហើយ​អ្វីៗ​វា​នឹង​កើតឡើង​ពេល​ប្រកួត​ផ្ទាល់​តែ​ម្តង​ថា​អ្នកណា​ឈ្នះ​?»​។

ឡុង សុភី មួយរយៈ​ចុងក្រោយ​នេះ​ប្រកួត​ឈ្នះ​ជានិច្ច ប៉ុន្តែ​មិន​ទាន់​ប៉ះ​កីឡាករ​បរទេស​មាន​សមត្ថភាព​ខ្លាំង​ដូចនេះ​ទេ​។ លោក​ ឡុង សាលវ័ន្ត ជា​គ្រូបង្វឹក បាន​និយាយ​ថា​៖ «​ឡុង សុភី មាន​ប្រៀប​ជាង​នៅ​ពេល​ចាប់​ឱប​បាន​ឡើង​ជង្គង់ ហើយ​យើង​មាន​កម្ពស់​ខ្ពស់​ជាង​ មាន​ភាពងាយស្រួល​ជាង​។ ​ទោះ​ជា​យ៉ាងណា​ការប្រកួត​នេះ​លំបាក​ឈ្នះ ព្រោះ​សុទ្ធតែ​ជា​កីឡាករ​ជើងចាស់​ដូច​គ្នា ហើយ​យើង​បារម្ភ​ខ្លាច​មាន​កម្លាំង​ថយចុះ​ក្នុង​ការប្រកួត​ចុង​ទឹក ឬ​អាច​អូសបន្លាយ​ចំនួន​ ៥ ទឹក​នោះ​»​។

ចំណែក​លោក ថៃ អ៊ូ ប្រតិភូ​នាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​ប្រាប់​ថា​៖ «​កីឡាករ​ថៃ Phoung Siri នេះ​គេ​ស្គាល់​ជា​កីឡាករ​កូន​ភ្លោះ ហើយ​សមត្ថភាព​របស់ Phoung Siri និង ឡុង សុភី គឺ​ជួប​ការលំបាក​ឈ្នះ​គ្នា​ណាស់ ប៉ុន្តែ​វា​ស៊ីសង​ពេល​ប្រកួត​ជាក់ស្តែង ព្រោះ​សមត្ថភាព​បច្ចេកទេស​ម្យ៉ាង​ម្នាក់ តែ​បញ្ហា​កម្លាំង​ទើប​អាច​កំណត់​បាន​នៅពេល​ប្រកួត​តែ​ម្តង​»​។

ចំណែក ធន់ អៀងឡៃ ដែល​ទើប​តែ​ទទួល​បាន​លេខ​ ២ ​នៃ​ពានរង្វាន់​ប៉ុស្តិ៍​លេខ​ ៥ ត្រូវដាក់​ឲ្យ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​របស់​ថៃ​លំដាប់​ជើងឯក​រង Mathy ដែល​ធ្លាប់​ប្រកួត​ ៥៦ ​ដង​ឈ្នះ​ ៤៥ និង​ចាញ់​ ១១ ​ដង​។ ចំណែក អៀងឡៃ ធ្លាប់​ប្រកួត​ ៥១ ឈ្នះ​ ៤៧ ចាញ់​ ៣ និង​ស្មើ​ ១ ​ដង​។

លោក ញាន សុធី នាយក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​នៅ SEATV និយាយ​ថា​៖ «​នេះ​ជា​ការប្រកួត​ដែល​រៀបចំ​ក្នុង​លក្ខណៈ​ទាក់ទាញ​បំផុត​ក្នុង​ចន្លោះ​ពេល​ដែល​កីឡាករ​ត្រៀម​ប្រកួត​ផ្តាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារ៉ាបាវ​ត្រូវ​អនុញ្ញាត​ឲ្យ​សម្រាក​ហាត់​យក​កម្លាំង​ឲ្យ​បាន​ល្អ ហើយ​ជំនួស​ដោយ​កីឡាករ​មាន​សមត្ថភាព​ល្អ ដែល​យើង​បាន​សម្រិតសម្រាំង​សុទ្ធតែ​កីឡាករ​លំដាប់​ល្បីល្បាញ ដើម្បី​បម្រើ​អារម្មណ៍​មហាជន​មក​ទស្សនា​ឲ្យ​ពេញចិត្ត​»៕