ភ្នំពេញ៖ អ្នក​ជំនាញ​លេង​ជង្គង់ ឡុង សុភី និង វង្ស វិឆ័យ នឹង​ត្រូវ​ប្រកួត​ជម្រុះ​ចុង​ក្រោយ​ជាមួយ​កីឡាករ​ថៃ Chhieng Chhai និង Chhouk Chhai ក្នុង​ការ​ដណ្តើម​ខ្សែ​ក្រវាត់​ជើង​ឯក​អ្នក​ប្រយុទ្ធ​កំពូល​ថាមពល​ឆេមពាន​ ទម្ងន់ ​៦៧ ​គ.ក្រ ​នៅ​សង្វៀន​ SEATV ​នា​យប់​ថ្ងៃ​អាទិត្យ​នេះ ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ការ​ប្រកួត​បង្រ្គប់​កិច្ច​របស់ សុភី និង វិឆ័យ​ ទេ ព្រោះ​អ្នក​ទាំង ​២ ​នេះ បាន​កក់​កៅអី​ទៅ​វគ្គ​បន្ត​រួច​ទៅ​ហើយ។

សម្រាប់​ការ​​ប្រកួត ​៣ ​លើក​កន្លង​មក​នេះ ​វង្ស ​វិឆ័យ បាន​ឈ្នះ​ទាំង ​៣ ​លើក ​មាន​ ​៩ ​ពិន្ទុ ប៉ុន្តែ​ការ​ជួប Chhouk Chhai លើក​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​មាន​ភាព​តានតឹង​ខ្លាំង ព្រោះ​សូម្បី​តែ ឡុង សុភី ក៏​បាន​ចាញ់​ក្រោម​ស្នៀត​ជង្គង់​របស់​ថៃ​ម្នាក់​នេះ​ដែរ។ ចំណែក ឡុង សុភី មាន​ភាគរយ​ខ្ពស់ ក្នុង​ការ​យក​ឈ្នះ​ Chhieng Chhai ខណៈ​ពេល​នេះ​គេ​មាន ​៧ ពិន្ទុ ជាមួយ​ការ​ឈ្នះ ​២ និង​ចាញ់ ​១ ​ប្រកួត។

តាមរយៈ​រូបមន្ត​ការ​​ប្រកួត​ខ្សែ​ក្រវាត់​នេះ គឺ​គេ​តម្រូវ​យក​កីឡាករ ​២ ​នាក់ តាម​ពូល​ទាំង ​២ ឡើង​ទៅ​ប្រកួត​គ្នា នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​នៅ​ក្នុង​វគ្គ​ខ្វែង​នេះ គណៈកម្មការ​កំណត់​ឲ្យ​អ្នក​បាន​លេខ ​១ និង​លេខ ​២ ក្នុង​ពេល​ជាមួយ​គ្នា​ត្រូវ​ប្រកួត​គ្នា យក​អ្នក​ឈ្នះ​ឡើង​ទៅ​ជួប​គ្នា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។ ហេតុ​នេះ យោង​តាម​លទ្ធផល​ការ​ប្រកួត​នៅ​ពេល​នេះ រវាង ឡុង សុភី និង វង្ស វិឆ័យ នឹង​ត្រូវ​ប្រកួត​គ្នា​យក​អ្នក​ឈ្នះ​ឡើង​ទៅ​ជួប​អ្នក​ឈ្នះ​ម្នាក់​ទៀត​មក​ពី​​ពូល​ថៃ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ប្រកួត​នេះ វង្ស វិឆ័យ អាច​ជួប​ការ​លំបាក​ច្រើន ពី​ព្រោះ Chhouk Chhai មាន​បទពិសោធ និង​បច្ចេកទេស​ប្រកួត​ច្រើន​ជាង។ លោក ឡៅ​ ស៊ីណាត ​គ្រូ​បង្វឹក​ជំនួយ​របស់​ វង្ស ​វិឆ័យ​ បាន​​ប្រាប់​​ថា​៖ «​វិឆ័យ ​មាន​ប្រៀប​ផ្នែក​ទាត់​ និង​កម្លាំង​លើ​កីឡាករ​ថៃ​ប៉ុន្តែ​លំបាក​ក្នុង​ការ​ចាប់​ឱប​ឡើង​ជង្គង់ ដោយ​​យើង​ចាញ់​ប្រៀប​គេ​បន្តិច​។​ ទោះ​ជា​យ៉ាង​ណា​កីឡាករ​ថៃ​រូប​នេះ​ ល្អ​បាន​តែ​ឱប​​ឡើង​ជង្គង់​ប៉ុណ្ណោះ ​​ហេតុ​នេះ​​បើ​យើង​ធាក់​ចេញ ​ឬ​វាយ​ប្រយោល ​គឺ​គ្មាន​ក្បាច់​អ្វី​យក​ឈ្នះ​យើង​​ទេ​ ដូច្នេះ​យើង​សង្ឃឹម​ឈ្នះ ​៨០ ​ភាគរយ»​។​

ចំណែក​លោក ​ថៃ ​អ៊ូ ​ប្រតិភូ​នាំ​កីឡាករ​ថៃ​មក​ប្រកួត ​និយាយ​ថា​៖ ​«បើ​ Chhouk Chhai​ មាន​ឱកាស​ចាប់​ វង្ស ​វិឆ័យ​ បាន​ គឺ​ឈ្នះ​ស្រួល​ ប៉ុន្តែ​បើ​ចាប់​មិន​បាន​ទេ​ គឺ​វាយ​ឆ្ងាយ​មិន​ឈ្នះ​ វង្ស​ វិឆ័យ​ ឡើយ​។​ ទោះ​យ៉ាង​ណា Chhouk Chhai ​ទោះ​បី​ចាញ់​ ឬ​ឈ្នះ​ លើក​នេះ ក៏​បាន​ឡើង​ទៅ​វគ្គ​បន្ត​ដែរ»។

លោក​ ញាន ​សុធី​ នាយក​គ្រប់គ្រង​​ប្រដាល់​ប្រចាំ​សង្វៀន SEATV ​បាន​​​ប្រាប់​​ថា​៖ «​​ផ្អែក​​តាម​​លក្ខខណ្ឌ​ប្រកួត​ យើង​បាន​រក​ឃើញ​អ្នក​ឈ្នះ​ក្នុង​ពូល​​កម្ពុជា​សម្រាប់​​វគ្គ ​១/២ ​ផ្តាច់​ព្រ័ត្រ​រួច​ហើយ​ គឺ​​កីឡាករ ​ឡុង​ សុភី​ និង​ វង្ស ​វិឆ័យ ​ចំណែក​​ពូល​​ថៃ ​ទើប​តែ​ឃើញ ​Chhouk Chhai ម្នាក់​ទេ ​ចំណែក​ថៃ​ម្នាក់​ទៀត ត្រូវ​រង់ចាំ​​អ៊ុត​មើល​លទ្ធផល​ការ​ប្រកួត​ជម្រុះ​ចុង​ក្រោយ​នេះ​សិន»៕