ភ្នំពេញៈ កីឡាករ​ជើង​ខ្លាំង​លំដាប់​ជួរមុខ​របស់​កម្ពុជា ឡុង សុភី បាន​ប្រើ​ក្បាច់​ជង្គង់​ហោះ​ផ្តួល​កីឡាករ​ថៃ​មាន​សមត្ថភាព​ខ្សោយ​ជាង Yourt Pholong ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ និង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​បន្ថែម​ចំនួន​ ២០ ​ម៉ឺន​រៀល ស្របពេល​ដៃគូ​របស់ ឆៃ សារ៉ា ត្រូវបាន​គណៈកម្មការ​បណ្តេញ​ចុះ​ពី​សង្វៀន ព្រោះ​បាន​សន្លប់​ងាយ​ពេក ចំណែក រឿម វណ្ណៈ ដែល​មាន​ប្រៀប​ទៅ​ហើយ​នោះ​បែរ​ជា​ត្រូវ​កីឡាករ​បារាំង MaurinChalie វាយ​ឲ្យ​បែកក្បាល​រហូត​សុំ​ចុះចាញ់​វិញ​។

តាមរយៈ​ការប្រកួត​នៅ​សង្វៀន SEATV កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នោះ ឡុង សុភី ​បាន​ប្រើ​បច្ចេកទេស​វាយ​បាន​ល្អ ដោយ​ចេញ​បាន​ច្រើន និង​ចំ​គោលដៅ​មាន​ប្រសិទ្ធភាព​ល្អ​។ ​បន្ថែម​ពី​លើ​នេះ ឡុង សុភី បាន​ប្រើ​ស្នៀត​ទាត់​ចូល​ល្វែង​ក្រោម​បណ្តាល​ឲ្យ Yourt Pholong ដួល​ញឹកញាប់ ហើយ​អាជ្ញាកណ្តាល យឹម សុខុម បាន​រាប់​ទៅ​លើ​កីឡាករ​ថៃ​ចំនួន​ ៨ ​ដល់​ទៅ​ ២ ​លើក​ហើយ​ឈាន​ចូល​ដល់​ទឹក​ទី​ ៣ ឡុង សុភី បាន​ប្រើ​ក្បាច់​ជង្គង់​ហោះ បុក​ចូល​ពោះ​បណ្តាល​ឲ្យ​សន្លប់​ធំ​តែ​ម្តង​។

ប៉ុន្តែ​សម្រាប់​មតិ​ទូទៅ ឬ​ប្រភពពី​អ្នកទស្សនា​ផ្ទាល់​ភាគច្រើន​លាន់មាត់​ថា អ្នក​ប្រដាល់​ថៃ​រូប​នេះ​មាន​សមត្ថភាព​ខ្សោយ និង​អន់​បំផុត​ដែល​គ្មាន​លទ្ធភាព​ប្រឈម​វាយ​តតាំង​ជាមួយ ឡុង សុភី បាន​ក្នុង​ការប្រកួត​ជក់ចិត្ត​នោះ​ឡើយ​។

ប្រភព​រិះគន់​ថា​ការផ្គូផ្គង​អ្នកប្រដាល់​គូ​អន្តរជាតិ​ប្រដាល់​គុន​ខ្មែរ​យូរៗ មិន​សមស្រប​ទៅ​នឹង​បច្ចេកទេស​សំខាន់​ជា​គោល​ចំនួន​ ៤ ​ចំណុច​នោះ​ឡើយ​មាន កម្ពស់ ទម្ងន់ អាយុ និង​បទពិសោធ​ប្រហាក់​ប្រហែល​គ្នា​គឺ​មាន​ពេល​ខ្លះ​កីឡាករ​ខ្មែរ​មាន​សមត្ថភាព​ល្អ​ជាង​ដាច់ ហើយ​ពេល​ខ្លះ​ទៀត​ថៃ​មាន​សមត្ថភាព​ខ្លាំង​ជាង​កីឡាករ​កម្ពុជា​ដាច់​ចំណែកឯ​គូ​ដែល​មាន​សមត្ថភាព​ប្រហាក់ប្រហែល​ដែល​ប្រកួត​ល្អ​មើល​នោះ​ដូចជា​មិន​សូវ​ឃើញ​សោះ​។

ជុំវិញ​ការរិះគន់​នេះ​លោក ញាន សុធី នាយក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​សង្វៀន SEATV បាន​និយាយ​ថា​៖​ «​វា​ជា​រឿង​ធម្មតា​ទេ គូប្រកួត​យើង​លំបាក​ផ្គូផ្គង ព្រោះ​ប្រវត្តិ​ប្រកួត និង​ឃ្លីបវីដេអូ​មើល​ទៅ​ឃើញ​ល្អ ប៉ុន្តែ​ដល់​មក​ប្រកួត​ជាក់ស្តែង​អាខ្លះ​ល្អ​ដាច់ ហើយ​អាខ្លះ​ទៀត​ខ្សោយ​ដាច់​។ ប៉ុន្តែ​បើ​កីឡាករ​បរទេស​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ញឹកញាប់ យើង​ស្គាល់​សមត្ថភាព​ច្បាស់ យើង​ផ្គូផ្គង​ប្រកួត​បាន​ល្អ​។ ទោះ​យ៉ាង​ណា​យើង​នឹង​ទទួល​យក​ការរិះគន់​របស់​មហាជន ដើម្បី​យក​មក​អនុវត្ត​កែសម្រួល​ការរៀបចំ​ឲ្យ​ល្អ ព្រោះ​មហាជន​ក៏​ចេះ​មើល​ប្រដាល់​គឺ​លោក​ដឹង​ពី​សមត្ថភាព និង​កម្រិត​បច្ចេកទេស​មួយ​ចំនួន​របស់​កីឡាករ​ផង​ដែរ​»​។

ចំណែក​កីឡាករ​ថៃ Savth Phat ត្រូវ​បាន ឆៃ សារ៉ា ទាត់​ចូល​ត្រូវ​តែ​បន្តិច​ក៏​ឈប់​ប្រកួត​ក្រោយ​ពេល​អាជ្ញាកណ្តាល ឡុង វិបុល រាប់​ដល់​ ១០ ប៉ុន្តែ​ក្នុង​ស្ថានភាព​នេះ​លោក រាជ សុផែន ប្រធាន​បច្ចេកទេស​ប្រចាំ​សង្វៀន SETAV បាន​ចេញ​ប្រកាស​ថា​គូ​នេះ​មិន​ប្រកាស​លទ្ធផល​ទេ ហើយ​កីឡាករ Savth Phat ត្រូវ​បាន​ដេញ​ចុះ​ដោយ​ចោទប្រកាន់​វាយ​មិន​ប្រក្រតី​។

ចំណាត់ការ​នេះ​ទទួល​បាន​ការគាំទ្រ ព្រោះ​តម្លៃ​ខ្លួន​ប្រកួត​របស់​កីឡាករ​ថៃ ច្រើន​ជាង​កីឡាករ​កម្ពុជា​ប្រហែល​ ៣ ​ដង​។ លោក រាជ សុផែន បាន​ហៅ​ការសន្លប់​របស់​កីឡាករ​ថៃ​ថា ចាញ់​មិន​ប្រក្រតី​ប៉ុណ្ណោះ​ចំណែក​តម្លៃ​ខ្លួន​វិញ​កំពុង​ពិចារណា​។

ដោយឡែក រឿម វណ្ណៈ ដែល​បាត់​មុខ​យូរ​បាន​ចាញ់​កីឡាករ​បារាំង​គួរ​ឲ្យ​សោកស្តាយ​បំផុត ព្រោះ​ពី​ទឹក​ទី​១ ដល់​ទី​ ២ គេ​វ៉ៃ​បាន​ល្អ ពិសេស​វ៉ៃ​ឲ្យ​អាជ្ញាកណ្តាល​រាប់​កីឡាករ​បារាំង Maurin Chalie ចំនួន​ ២ ​លើក ប៉ុន្តែ​ឈាន​ចូល​ដល់​ទឹក​ទី៤ វណ្ណៈ ត្រូវ​បាន​បារាំង​ម្នាក់​នេះ វ៉ៃ​ឲ្យ​បែក និង​សុំ​ចុះចាញ់​តែម្តង ព្រោះ​មាន​របួស​បែក​ឈាម​ក្បាល​ឈាម​ហូរ​ច្រើន​ពេក​៕