ភ្នំពេញ៖ កីឡាករ​ជើង​ខ្លាំង​របស់​ថៃ Nong ​OU​ ដែល​ល្បី​ល្បាញ​ថា​ ខ្លាំង នោះ ​បាន​សន្លប់​ត្រឹម​ទឹក​ទី ​២ ​ក្រោម​ស្នៀត​កែង​របស់​​អ្នក​ប្រដាល់​ជើង​ចាស់ ឡុង សុភី ខណៈ​អ្នក​ទាំង​ ២ ​បាន​​ជួប​គ្នា ក្នុងការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ នៅ​លើ​សង្វៀន SEATV កាល​ពី​​ថ្ងៃ​អាទិត្យ ចំណែក​គូ​មិត្ត​ភាព​ក្នុងស្រុក ​៣ ​គូ​ទៀត សុទ្ធតែ​បាន​បញ្ចប់​ការ​ប្រកួត​ដោយ​សន្លប់​ដូច​គ្នា។

តាម​រយៈ​ការ​ប្រកួត កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ ​ឡុង ​សុភី​ និង ​Nong ​Ou ​ បាន​វាយ​ចេញ​​ប្រ​ហាក់​ប្រ​ហែល​គ្នា នៅ​ទឹក​ទី ​១ ​ដោយ​ប្រើ​ក្បាច់​ចម្រុះ​​មាន​កែង​ ជង្គង់ ​ទាត់​ កណ្តាប់​ដៃ​ ប៉ុន្តែ​ឈាន​ចូល​ដល់​ទឹក​ទី​២​ Nong ​Ou ​ហាក់​​មាន​ភាព​ពុះ​កញ្ជ្រោល ដោយ​​​វាយ​សម្រុក​ខ្លាំង​ ជាមួយ​ការ​​វាយ​កែង​បុក​កាណូត​ចូល ​ឡុង​ សុភី​ ធ្វើ​ឲ្យ​ សុភី ​ក្តៅ​ចិត្ត រួច​បាន​​​ប្តូរកែង​​សង​វិញ​យ៉ាង​ជក់​ចិត្ត​។

ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​គ្រោះ​ថ្នាក់​នោះ ឡុង ​សុភី ​បាន​​វាយ​កែង​ស្តាំ​ចូល​ផ្ទៃ​មុខ ​ធ្វើ​ឲ្យ​ Nong ​Ou​ ​សន្លប់​ធំ​ត្រឹម​ទឹក​ទី ​២ ​នេះ​តែ​ម្តង​ ហើយ​ជ័យ​ជម្នះ​ ដែល​មិន​នឹក​ស្មាន​ដល់​នោះ ​បាន​ធ្លាក់​ទៅ​លើ​ ឡុង ​សុភី​ ​យ៉ាង​លឿន​បំផុត​។ ​ចំណែក Nong ​Ou ​ត្រូវ​បាន​សង្គ្រោះ​រយៈ​ពេល​ច្រើន​នាទី ទើប​គ្រា​ចុះ​មក​ពី​លើ​សង្វៀន​មក​ក្រោម​បាន​ទាំង​លំបាក​។​

លោក​វេជ្ជ​បណ្ឌិត ​ឌៀប ​វណ្ណា​ គ្រូ​ពេទ្យ​ប្រចាំ​សង្វៀន​ SEATV បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ ថា​៖ «កីឡាករ​ថៃ​ Nong ​Ou ​របួស​ធ្ងន់​សន្លប់​ធំ​ ដោយ​ស្នៀត​កែង​បុក​​កាណូត​របស់ ​ឡុង ​សុភី ​​ចូល​ចុង​ចង្កា​យ៉ាង​ពេញ​ទំហឹង ​បណ្តាល​ឲ្យ​​សន្លប់​ធំ​ដេក​ស្តូក​តែ​ម្តង ​ហើយ​យើង​បាន​ពិនិត្យ​តាម​ដាន​ស្ថាន​ភាព​ជំងឺ​ ព្រោះ​ការ​បុក​ចូល​ក្រោម​ប្រអប់​មាត់​ ឬ​​ហៅ​ថា​ចង្កា​នេះ ​គឺ​គ្រោះ​ថ្នាក់ ​និង​ងាយ​សន្លប់​ណាស់»​។​

កីឡាករ​ថៃ Nong Ou ត្រូវ​បាន​គេ​គ្រា​ចុះ​ពី​លើ​សង្វៀន ក្រោយ​សន្លប់​ច្រើន​នាទី ក្រោម​ស្នៀត​កែង​របស់ ឡុង សុភី។ រូប​ថត យឺន ពន្លក

ចំណែក​ការ​ប្រកួត​​គូ​មិត្ត​ភាព​ក្នុងស្រុក ដែល​បាន​ធ្វើ​កាល​ពីព្រឹក​ថ្ងៃ​អាទិត្យ​នោះ​ដែរ ​គឺ ​៣ គូ បាន​ចាញ់​ដោយ​សន្លប់ ក្នុង​នោះ​​ ​ហ៊ែល ​វិចិត្រ​ ​បាន​សន្លប់​ត្រឹម​ទឹក ​៤​ ដោយ​ ​សេក ​ទីណាល់​ វ៉ៃ​មិន​ឲ្យ​តដៃ​រួច​ រីឯ ​ខាំ ​សូរិយា ​ត្រូវ​បាន​ ​ឌឹម ​សារិទ្ធ​ ផ្តួល​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី ​៣ ​ហើយ ឡុង ​ទី​ណា ត្រូវ​បាន​ ​ប្រាក់ ​ភារម្យ ​ផ្តួល​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី ​៣ ដូច​គ្នា ​គឺ​មាន​តែ​គូ​​បើក​ឆាក​កីឡាករ​ជើង​ថ្មី​ ផន​ សុខ​វិសាល​ ​បាន​​ចាញ់​ ​ឈិត​ ប្រាក់​កាត់ ដោយ​ពិន្ទុ​​។​

ដោយ​ឡែក ​សម្រាប់​លទ្ធ​ផល​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ ​ដែល​​ត្រូវ​បាន​ធ្វើ​ឡើង ​កាល​ពី​ថ្ងៃ​សៅរ៍ នៅ​លើ​សង្វៀន SEATV ​នោះដែរ កីឡាករ ​ឈឿន ​ឆៃ​ដែន ​​បាន​ឈ្នះ​​ថៃ​ Chhay Lek ​ដោយ​ពិន្ទុ​ ឯ ​​មឿន ​សុខ​ហ៊ុច ​ក៏​បាន​​ឈ្នះ​ពិន្ទុ​​ថៃ ​Phat Nakrin ដែរ ប៉ុន្តែ យ៉ាម​ ខេមរា​ ​ត្រូវ​បាន​អ្នក​ប្រដាល់ ​Vahdanirad Hassan មក​ពី​អ៊ី​រ៉ង់ វាយ​ឲ្យ​សន្លប់​​នៅ​ទឹក​ទី ​៤​ ហើយ លិញ ភារម្យ​​បាន​ស្មើ​ពិន្ទុ​ជា​មួយ​កីឡាករ​ថៃ​ Meung Thong៕​