
កីឡាករកម្ពុជា ឡុង សុភី បង្ហាញភាពរីករាយនឹងលទ្ធផលស្មើ តែថៃ Phoun Siri ហាក់មិនពេញចិត្តនឹងការប្រកាសឲ្យស្មើ។ យឺន ពន្លក
ភ្នំពេញ៖ កីឡាករជើងចាស់របស់កម្ពុជា ឡុង សុភី មកពីក្លិបសាលវ័ន្តកីឡា ទទួលបានលទ្ធផលស្មើជាមួយកីឡាករថៃ Phuong Siri ដែលការប្រកួតនេះ ត្រូវបានគេសង្ស័យថា កីឡាករថៃទំនងជាបន្ធូរដៃឲ្យ ឡុង សុភី ក្នុងការប្រកួតយ៉ាងជក់ចិត្ត នៅលើសង្វៀន SEATV កាលពីល្ងាចថ្ងៃសៅរ៍។
ជាមួយគ្នានោះដែរ កីឡាករជើងខ្លាំងជំនាន់ក្រោយ ធន់ អៀងឡៃ មកពីសមាគមប្រដាល់ក្រសួងការពារជាតិ បានចាញ់កីឡាករថៃ Mathy ដោយពិន្ទុ ហើយនេះជាការបរាជ័យជាលើកទី ១ របស់ អៀងឡៃ ក្នុងការប្រកួតលក្ខណៈអន្តរជាតិ ព្រោះការប្រកួត ៦ លើកកន្លងមក គេបានឈ្នះរហូត។
ធន់ អៀងឡៃ ទើបតែទទួលបានជើងឯករង នៅសង្វៀនប៉ុស្តិ៍លេខ ៥ ថ្មីៗនេះ ហើយក៏មិនធ្លាប់ចាញ់កីឡាករបរទេសម្តងណានោះដែរ ប៉ុន្តែលើកនេះ គេបានចាញ់ជើងឯករងមកពីប្រទេសថៃ Mathy ជាលើកដំបូង ខណៈក្នុងការប្រកួតចំនួន ៥ ទឹកពេញយ៉ាងជក់ចិត្ត ធន់ អៀងឡៃ នៅតែមានសមត្ថភាពល្អ ស៊ូបានល្អ គ្រាន់តែចាញ់ប្រៀបបន្តិចបន្តួចប៉ុណ្ណោះ។
ស្ថានភាពប្រកួតរបស់ ធន់ អៀងឡៃ មិនមែនចាញ់ដាច់នោះទេ គឺគេមានប្រៀបទឹកទី១ និងទឹកទី៤ ចំណែកទឹកទី២ ទី៣ និងទី៥ កីឡាករថៃ Mathy មានប្រៀបបន្តិចបន្តួចប៉ុណ្ណោះ។ ក្រោយការប្រកួត ធន់ អៀងឡៃ មិនសប្បាយចិត្តនឹងលទ្ធផលទេ ហើយគេក៏មិនបានឆ្លើយទៅនឹងសំណួរដែរ ដោយគ្រាន់តែក្រវីក្បាលប៉ុណ្ណោះ។
ទោះជាយ៉ាងណា តាមរយៈការប្រកួតអស់ពីសមត្ថភាពបែបនេះ ធន់ អៀងឡៃ នឹងមានទីផ្សារប្រកួតច្រើនបំផុត។ លោក ញាន សុធី នាយកគ្រប់គ្រងកម្មវិធីប្រដាល់នៅ SEATV បាននិយាយថា៖ «ចាញ់ឬឈ្នះ គឺជារឿងធម្មតា ប៉ុន្តែការប្រកួតអស់ពីសមត្ថភាពបែបនេះ សង្វៀន ឬអ្នករៀបចំណាក៏ចង់បានមកប្រកួតទៀតដែរ»។

កីឡាករ ធន់ អៀងឡៃ បានបង្ហាញការមិនសប្បាយចិត្ត នៅពេលលោកអាជ្ញាកណ្តាលលើកដៃឲ្យដៃ Mathy ជាអ្នកឈ្នះពិន្ទុ។យឺន ពន្លក
ចំណែកការប្រកួតរវាងកីឡាករ ឡុង សុភី និងជើងខ្លាំងខ្សែក្រវាត់៣ស្ថាប័ន មកពីថៃ Phuong Siri វិញ ប្រសិនបើថៃវាយសម្រុកខ្លាំងនោះ ឡុង សុភី ប្រហែលជាមិនអាចទទួលបានលទ្ធផលស្មើគ្នាទេ។
សម្រាប់ការប្រកួត ២ ទឹកដំបូង ឡុង សុភី ហាក់បីដូចមានប្រៀប ដោយវាយចេញបានច្រើនជាង ខណៈ Phuong Siri ព្យាយាមទប់ទល់ ដោយមិនទាន់វាយចេញច្រើននោះ ប៉ុន្តែនៅក្នុងទឹកទី ៣ ពិសេសទឹកទី ៤ Phuong Siri ចេញក្បាច់ជង្គង់យ៉ាងល្អ ចូលគោលដៅ ធ្វើឲ្យឡុង សុភី សឹងតែសន្លប់ទៅហើយ។
ឡុង សុភី ដែលធ្លាប់តែជំនាញក្បាច់ចង្គង់ និងមានកម្ពស់ខ្ពស់ល្អ គឺចាញ់ប្រៀបក្បាច់ជង្គង់របស់ Phuong Siri ដាច់តែម្តង ក្នុងទឹកទី៤ ហើយតាមការទស្សនារបស់មហាជន គេមើលឃើញថា ប្រសិនបើ Phuong Siri វាយសម្រុកបន្ថែម នៅទឹកទី៥ នោះ ឡុង សុភី មិនអាចទទួលបានលទ្ធផលស្មើនោះទេ គឺចាញ់ថៃដាច់តែម្តង តែនៅទឹកទី៥ Phuong Siri មិនបន្តវាយសម្រុកទៀតនោះទេ។
ទោះបីជាយ៉ាងណា លោក យ៉ត ដែលជាអ្នកឲ្យទឹកកីឡាករថៃ Phuong Siri បាននិយាយ ក្រោយការប្រកួតថា៖ «វ៉ៃបានប៉ុណ្ណឹង នៅស្រុកថៃ ធានាឈ្នះដាច់តែម្តង ប៉ុន្តែនៅកម្ពុជា គេឲ្យស្មើ គឺទទួលយកបាន»។
លោកបានបន្ថែមថា៖«នៅប្រទេសថៃ ប្រសិនបើវាយដាច់ឈ្នះក្នុងទឹកទី៤ គឺកីឡាករមិនវាយសម្រុកទៀតទេ ដោយទុកឱកាសឲ្យដៃគូចេះតស៊ូ ព្រោះវាមិនមែនជាការប្រកួតដណ្តើមខ្សែក្រវាត់ទេ គឺគ្រាន់តែជាការប្រកួតមិត្តភាពអន្តរជាតិ»៕