ភ្នំពេញ៖ កីឡាករ​កម្ពុជា ឡុង ​សំណាង បាន​យក​​ឈ្នះ​លើ​អ្នក​ប្រយុទ្ធ​របស់​​ថៃ​ Aram Boy ​ទាំង​វេទនា​ និង​ឈឺ​ខ្លួន​ បន្ទាប់​ពី​ប្រកួត​គ្នា​ស្វិតស្វាញ​រយៈពេល ​៥ ទឹក​ពេញ​ ហើយ​​នេះ​ជា​គូ​ប្រដាល់​ក្នុង​ទម្ងន់ ​៦៣​,៥ ​គីឡូក្រាម​ ដែល​ស្នៀត ​និង​កល​ល្បិច​ប្រកួត​សុទ្ធ​តែ​ជា​ប្រភេទ​កីឡាករ​វាយ​សម្រុក​ និង​មាន​មហិច្ឆតា​ធំ ​ស្រេកឃ្លាន​ជ័យជម្នះ​ដូច​គ្នា​។​

ស្ថានភាព​ប្រកួត​ជាក់​ស្តែង​នៅ​លើ​សង្វៀន SEATV កាល​ពី​​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ ​គឺ​ការ​ប្រកួត​ចំនួន ​២ ​ទឹក​ដំបូង ​មាន​សភាព​ប្រទាញ​ប្រទង់ ​ដណ្តើម​ពិន្ទុ​គ្នា​ ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​លំបាក​វិនិច្ឆ័យ​ថា ​ខាង​ណា​មាន​ប្រៀប​ជាង​ណាស់​ ប៉ុន្តែ​ការ​ប្រកួត​ឈាន​ចូល​ដល់​ទឹក​ទី ​៣ ​ឡុង ​សំណាង​មាន​ប្រៀប​ជាង​​ថៃ​ Aram Boy ​ផ្នែក​ជង្គង់ ​និង​ចូល​វាយ​សម្រុក​បាន​ច្រើន​ជាង​។

ទោះ​ជា​យ៉ាង​ណា​ កីឡាករ​ថៃ​ Aram Boy ​វាយ​បាន​ល្អ​ឡើង​វិញ ​នៅ​ទឹក​ទី ​៤ ​និង​ទឹក​ទី ​៥ ​ដែល​ក្នុង​រយៈពេល ​២ ​ទឹក​ចុង​ក្រោយ​នេះ​ គេ​​មាន​ប្រៀប​ផ្នែក​ទាត់​ ជង្គង់ ​និង​បាន​កាច់​ឲ្យ​ ឡុង​សំណាង​ បាត់​ជំហរ​បាន​ និង​ដួល​ទៅ​លើ​តាពី​ចំនួន ​៣ ​លើក ​គួរ​ឲ្យ​មាន​ប្រៀប​ជាង​វិញ​​ ប៉ុន្តែ​​​ចប់​ការ​ប្រកួត​ ចៅ​ក្រម ​និង​​គណៈកម្មការ​បាន​ផ្តល់​ពិន្ទុ​ឲ្យ ​ឡុង ​សំណាង ​ឈ្នះ​ដោយ​ពិន្ទុ​។​

ភ្លាមៗ​នោះ​ភាគី​កីឡាករ​ថៃ​ ទំនង​មិន​សូវ​សប្បាយ​ចិត្ត ដោយ​​បាន​និយាយ​ឡូឡា​តវ៉ា ​ទៅ​គណៈកម្មការ​វិនិច្ឆ័យ​ ប៉ុន្តែ​នៅ​ក្នុង​រង្វង់​ក្រៅ​ផ្លូវ​ការ​។ ​ជាមួយ​គ្នា​នោះ​លោក​ ថៃ​ អ៊ូ​ ប្រតិភូ​នាំ​កីឡាករ​មក​ប្រកួត​បាន​​និយាយ​ថា ​​ចៅក្រម ​និង​គណៈកម្មការ​ ​មិន​ដឹង​ជា​ផ្តល់​ពិន្ទុ​ដូច​ម្តេច ​ដែល​កីឡាករ​ថៃ Aram Boy ​បាន​លទ្ធផល​ចាញ់​នោះ​។

លោក​ ថៃ ​អ៊ូ ​បាន​បន្ថែម​ថា៖ ​«​​ខ្ញុំ​មិន​តវ៉ា​យក​ឈ្នះ​វិញ​អី​ទេ​ ​ព្រោះ​ច្បាប់​កីឡា ​មិន​ដែល​តវ៉ា​បាន​ឈ្នះ​មក​វិញ​ឡើយ​ ប៉ុន្តែ​សូម្បី​តែ​អ្នក​ទស្សនា​ក៏​គេ​ហួស​ចិត្ត​ដែរ ដោយសារ​គេ​យក​ភ្នែក​មក​មើល​ដែរ ​មិន​មែន​យក​បច្ចេកទេស​ដោយ​ធ្មេច​ភ្នែក​នោះ​​ឡើយ​ ហើយ​​ក្នុង​នាម​ខ្ញុំ​ជា​ប្រតិភូ​នាំ​កីឡាករ​ថៃ​មក​ប្រកួត​ ពេល​ខ្លះ​​ខ្ញុំ​ក៏​ឆ្លើយ​សំណួរ​ជាមួយ​ថៃ​មិន​រួច​ដែរ»។

លោក​​បញ្ជាក់​ថា៖ ​«ខ្ញុំ​ក៏​ដឹង​ពី​តួនាទី​របស់​ខ្ញុំ​ គឺ​ខ្ញុំ​មិនមែន​ជា​អ្នក​ដាក់​ពិន្ទុ ​ឬ​កាត់​សេចក្តី​ឈ្នះ​ចាញ់​នោះ​ឡើយ​ ប៉ុន្តែ​ក៏​ជា​មនុស្ស​ម្នាក់ ​ទទួល​ខុស​ត្រូវ​ចំពោះ​លទ្ធផល ​​មិន​សមរម្យ​សម្រាប់​កីឡាករ​ថៃ ​ក្នុង​ពេល​វា​សួរ​បក​មក​ខ្ញុំ​វិញ​ថា ​អយុត្តិធម៌​នោះ​»​។

យោង​តាម​មតិ​មហាជន​នានា​ ដែល​តាម​ដាន​ទស្សនា​​សកម្មភាព​កាត់​ក្តី​ក្នុង​ការ​ប្រកួត​ប្រដាល់​ច្រើន​ឆ្នាំ​បាន​លើក​ឡើង​ថា ​​រឿង​សុក្រឹត​ ឬ​អយុត្តិធម៌​នោះ​ មិនមែន​មាន​ទៅ​លើ​កីឡាករ​ថៃ​តែ​ម្ខាង​នោះ​ទេ ​សូម្បី​ការ​ប្រកួត​រវាង​កីឡាករ​ខ្មែរ ​និង​ខ្មែរ​ដូច​គ្នា ​ពេល​ខ្លះ​ក៏​រង​នូវ​ភាព​មិន​ប្រក្រតី ​ឬ​អយុត្តិធម៌​ដូច​គ្នា​ ​ព្រោះ​នៅ​ក្នុង​នោះ​ គេ​អាច​និយាយ​ថា ​លទ្ធផល​​កាត់​សេចក្តី​ពេល​ខ្លះ ​អាច​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បក្ខ​ពួក​ផល​ប្រយោជន៍​ក្នុង​ទីផ្សារ​ងងឹត​មួយ​ចំនួន​តូច​៕​​