ភ្នំពេញ៖ អ្នកប្រដាល់មានបទពិសោធល្អ លំដាប់ចាស់វស្សា ឡុង សំណាង របស់ក្លិបសាលវ័ន្តកីឡានៃសមាគមប្រដាល់ក្រសួងមហាផ្ទៃ ត្រូវបានគណៈកម្មការផ្គូផ្គងរបស់សង្វៀន CNC ដាក់ឱ្យប្រកួតជាមួយជើងខ្លាំងខ្ចីវស្សា ថៃ រ៉េត មកពីក្លិបបញ្ជាការដ្ឋានទ័ពពិសេស នៃក្រសួងការពារជាតិក្នុងទម្ងន់ ៦៣,៥ គីឡូក្រាម នាថ្ងៃអាទិត្យនេះ ក្នុងឋានៈគូឯកប្រចាំសប្តាហ៍ ហើយភាគីទាំង ២ នេះ ហាក់មានការខ្លាចញញើត ទៅលើក្បាច់សម្លាប់គ្នារៀងៗខ្លួន។
អ្នកប្រដាល់ទាំង ២ នេះ មានបទពិសោធខុសពីគ្នាឆ្ងាយ ប៉ុន្តែក្នុងទម្ងន់ដូចគ្នា ពិតជាលំបាកយកឈ្នះគ្នាណាស់ ខណៈដែល ឡុង សំណាង ធ្លាប់ឈ្នះខ្សែក្រវាត់ ២ ស្ថាប័ន និងពានធំ ១ ក៏មិនហ៊ានអួតក្អេងក្អាងដាក់កីឡាករជើងថ្មី ថៃ រ៉េត ដែរ ព្រោះ ថៃ រ៉េត ធ្លាប់បំបាក់ជើងចាស់មួយចំនួនឱ្យចុះចាញ់គួរឱ្យកោតសរសើរខ្លាំងណាស់។
និយាយពីសមត្ថភាពកម្រិតវិជ្ជាគុនវិញ ឡុង សំណាង សាងភាពល្បីល្បាញជាង ៥ ឆ្នាំ និងមានសមត្ថភាពលំដាប់ប្រកួតលក្ខណៈអន្តរជាតិ ព្រមទាំងធ្លាប់ដណ្តើមបានជ័យជម្នះក្នុងព្រឹត្តិការណ៍សំខាន់ៗ ដូចជា ឈ្នះខ្សែក្រវាត់ Wurkz នៅសង្វៀន SEATV ឈ្នះខ្សែក្រវាត់គោលជល់ នៅ CNC និងឈ្នះពានរង្វាន់ធំ នៅ TV5។
ចំណែកកីឡាករ ថៃ រ៉េត បានសាងឈ្មោះល្បីល្បាញក្នុងរយៈពេល ២ ឆ្នាំ ដោយមានបទពិសោធតិចជាង ឡុង សំណាង ហើយមិនធ្លាប់បានចូលរួមប្រកួតដណ្តើមខ្សែក្រវាត់នោះទេ ប៉ុន្តែធ្លាប់ឡើងប្រកួតជាមួយកីឡាករអន្តរជាតិ និងឈ្នះប្រាក់រង្វាន់នៅសង្វៀនថោន ព្រមទាំងធ្លាប់ផ្តួលអ្នកប្រដាល់ជើងចាស់មួយចំនួនផងដែរ ខណៈដែលស្នៀតប្រយុទ្ធវិញ វ៉ៃសម្រុកគ្រប់ទឹក គ្មានចេះបន្ធូរដៃទេ។
លោក ឡុង សាលវ័ន្ត គ្រូបង្វឹក ឡុង សំណាង បាននិយាយថា៖ «អ្នកប្រដាល់ទាំង ២ នេះមិនធ្លាប់ប្រកួតគ្នាទេ ព្រោះ ឡុង សំណាង ហាត់ឡើងប្រកួតមុនដូច ៣ ឆ្នាំ ចំណែកកីឡាករ ថៃ រ៉េត ទើបតែហាត់ឡើងប្រកួតក្រោយ តែមានសមត្ថភាពល្អ ចិត្តធំ ហ៊ានវ៉ៃប្តូរកណ្តាប់ដៃល្អ។ ខ្ញុំគិតថា ឡុង សំណាង មានលទ្ធភាពឈ្នះ ប៉ុន្តែមានលក្ខណៈតឹងតែងណាស់ ព្រោះកណ្តាប់ដៃរបស់ ថៃ រ៉េត បើបិទ ឬគេចមិនផុតទេ អាចនឹងសន្លប់ក៏ថាបានដែរ»។
គ្រូបង្វឹករូបនេះ បានបន្ថែមថា៖ «គូនេះ ខ្ញុំសង្ឃឹមឈ្នះតែ ៦០ ភាគរយប៉ុណ្ណោះ ហើយអាចភ្លាត់ស្នៀតចាញ់ក៏ថា បានដែរ ព្រោះជាកីឡាករវ៉ៃសម្រុកខ្លាំងៗដូចគ្នា»។ ចំណែក ឡុង សំណាង និយាយថា៖ «មិនហ៊ាននិយាយឈ្នះមុនបានទេ ព្រោះគេល្អដែរ ដោយក្នុងទម្ងន់ ៦៣,៥ គីឡូក្រាមនេះ ថៃ រ៉េត ល្បី និងធ្លាប់ជាប់ជម្រើសជាតិផងដែរ»។
ចំណែកលោក ឡៅ ស៊ីណាត គ្រូបង្វឹកជំនួយរបស់កីឡាករ ថៃ រ៉េត បាននិយាយថា៖ «ថៃ រ៉េត មានកណ្តាប់ដៃ និងទាត់ល្អ ប៉ុន្តែបើវ៉ៃឱបឡើងជង្គង់ អាចចាញ់ប្រៀប ឡុង សំណាង ហេតុនេះ ខ្ញុំរំពឹងឈ្នះតែ ៦០ ភាគរយទេ»។
គ្រូបង្វឹកវ័យក្មេងរូបនេះ បានបន្ថែមថា៖ «ខ្ញុំយល់ថា យើងខ្ចីវស្សា និងមានបទពិសោធតិចជាងគេបន្តិច ហេតុនេះក្បាច់ឱបឡើងជង្គង់លំបាកឈ្នះ ប៉ុន្តែបើវ៉ៃឆ្ងាយ និងចេញកណ្តាប់ដៃ បានចូលគោលដៅល្អវិញ មានលទ្ធភាពឈ្នះច្រើន។ យ៉ាងណាក៏ដោយ សម្រាប់គូនេះ មិនអាចទស្សន៍ទាយមុនបានទេ គឺស៊ីសងពេលប្រកួតជាក់ស្តែងផ្ទាល់នៅលើសង្វៀនថា តើគួរផ្លាស់ប្តូរវ៉ៃតាមវិធីណា?»។
សម្រាប់ការប្រកួតគូឯក ១ គូនេះ បានទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនា ប៉ុន្តែអ្នកនិយមតាមដានទស្សនាប្រដាល់ភាគច្រើន គេមានទំនុកចិត្តខ្លាំងទៅលើកីឡាករជើងចាស់ មានពិសោធល្អ គឺ ឡុង សំណាង ច្រើនជាង ថៃ រ៉េត៕