ភ្នំពេញៈ អ្នកប្រដាល់​មាន​សមត្ថភាព​វ៉ៃ​កាច​ដូចគ្នា គឺ ឡុង សំណាង របស់​ក្លិប​សាលវ័ន្ត​កីឡា និង​ជើង​ខ្លាំង​របស់​ថៃ Aram Boy ដែល​ទើបតែ​ឈ្នះ​ដៃគូ​រៀងៗ​ខ្លួន​នោះ​ត្រូវ​បាន​ដាក់​ឲ្យ​ជួបគ្នា​ក្នុង​ការប្រកួត​មិត្តភាព​អន្តរជាតិ​ក្នុង​កម្មវិធី Boostrong នៃ​សង្វៀន​អាស៊ីអាគ្នេយ៍​នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ ហើយ​ជំនួប​នេះ​នឹងមាន​ភាពទាក់ទាញ ដោយសារ​កីឡាករ​ទាំង​ ២ ​នេះ​មាន​របៀប​ប្រកួត​ចូល​វាយ​សម្រុក​ដូចគ្នា ដោយ​ស្នៀត​កាចៗ​គឺ​វាយ​មិនចេះ​ប្រោះ​នោះឡើយ​។

ឡុង សំណាង មាន​ជំនាញ​ជង្គង់ និង​ទាត់​ឆ្ងាយ​បានល្អ​គឺ​វាយ​ចេញ​បាន​គ្រប់​ស្ថានភាព​ចំណែក Aram Boy មាន​ជង្គង់​ល្អ ព្រមទាំង​មាន​ស្នៀត​កែង ពិសេស​មុខ​ឌឺ​ចូលចិត្ត​បើកមុខ​ចំអក​ផងដែរ​។

ទោះបីជា​យ៉ាងណា Aram Boy មិន​ធ្លាប់​ឈ្នះ​បាន​ខ្សែ​ក្រវាត់​នៅឡើយ ដោយសារ​តែ​ការប្រកួត​របស់គេ​កន្លងមក​ពេលខ្លះ​ល្អ​ផ្តាច់ ប៉ុន្តែ​ពេលខ្លះ មិនសូវ​ល្អ ដោយ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការសង្ស័យ​ប្រកួត​មិន​អស់ពី​សមត្ថភាព ផ្ទុយ​ពី ឡុង សំណាង ឡើង​ទៅ​ប្រកួត​ដឹង​តែ​ពី​វាយ​សម្រុក​អស់​លទ្ធភាព​តែម្តង​។

សម្រាប់​ការបង្ហាញ​ខ្លួន​នៅ​កម្ពុជា​កាលពី​សប្តាហ៍​មុន Aram Boy ត្រូវបាន សេក គឹមរួន វ៉ៃ​ឲ្យ​អាជ្ញាកណ្តាល​រាប់​ចំនួន​ ៣ ​លើក​ក្នុង​រយៈពេល​ ២ ​ទឹក ប៉ុន្តែ​បន្ទាប់មក​ថៃ​ម្នាក់នេះ​បាន​វ៉ៃ សេក គឹមរួន សុំ​ចុះចាញ់​វិញ​នៅ​ទឹក​ទី​ ៤​។ ចំណែក ឡុង សំណាង ទើបតែ​ប្រកួត​ឈ្នះ​កីឡាករ​ថៃ​ដូចគ្នា​។

ទោះបីជា​យ៉ាងណា​ថៃ Aram Boy មាន​បទពិសោធ​ប្រកួត​នៅលើ​សង្វៀន​ចាស់វស្សា​ជាង ឡុង សំណាង ដោយ​រូបគេ​ធ្លាប់​ប្រកួត​បាន​ ១០៦ ​ដង ឈ្នះ​ ៧៣ ចាញ់​ ២៨ និង​ស្មើ​ ៥ ​ដង​។ ចំណែក ឡុង សំណាង ធ្លាប់​ប្រកួត​បាន​ ៩៩ ​ដង ឈ្នះ​ ៨៥ ចាញ់​ ១១ និង​ស្មើ​ចំនួន​ ៣ ​ដង​។

តាម​ប្រភពពី​អ្នកតាមដាន​ប្រដាល់​ដែល​ស្គាល់​សមត្ថភាព​អ្នក​ប្រដាល់​ទាំង​ ២ ​នាក់​នេះ​បាន​ឲ្យ​ដឹងថា គូ​នេះ​ប៉ះគ្នា​ក្នុង​ការប្រកួត​ស្រួចស្រាល់ គឺ​វ៉ៃ​គ្នា​មិនចេះ​ដកថយ ប៉ុន្តែ​គេ​ហ៊ាន​ទស្សន៍ទាយ​ភាគរយ​ខ្ពស់​ឈ្នះ​ទៅលើ ឡុង សំណាង ខណៈ​ដែល​ទីផ្សារ​ងងឹត​ភ្នាល់​ប្រដាល់​តាម​តូប​កាហ្វេ គេ​ហ៊ាន​យក ឡុង សំណាង តឲ្យ Aram Boy ១០ ​ស៊ី​ ៦ ​ប៉ុណ្ណោះ​។

លោក ឡុង សាលវ័ន្ត ជា​គ្រូបង្វឹក​បាន​ប្រាប់ថា ឡុង សំណាង មាន​ភាគរយ​ឈ្នះ​ខ្ពស់ជាង ដោយសារ​វ៉ៃ​ច្បាស់ៗ​មិនមែន​ចេញ​ស្នៀត​ផ្សងព្រេង​នោះឡើយ​។ លោក​បន្តថា​៖ «​ការហ្វឹកហាត់ និង​គោរព​វិន័យ​ល្អ និង​មាន​ទឹកចិត្ត​ប្រកួត​ល្អ គឺជា​អ្វី​ដែល ឡុង សំណាង សង្ឃឹម​ឈ្នះ​ខ្ពស់​ដោយ​ខ្ញុំ​សង្ឃឹម​ឈ្នះ​ដល់​ទៅ​ ៨០ ​ភាគរយ​»​។

ចំណែក​លោក ថៃ អ៊ូ ប្រតិភូ​នាំ​កីឡាករ​ថៃ​មក​ប្រកួត​នៅ​កម្ពុជា​បាន​និយាយថា​៖ «​បើ ឡុង សំណាង បិទ​កែង​បាន​នឹង​មាន​ប្រៀប​ជាង​មែន ព្រោះ​ស្នៀត​កែង​របស់ Aram Boy ល្អ​ជាង ខណៈ​ដែល​ក្បាច់​ជង្គង់​មាន​ប្រហាក់ប្រហែល​គ្នា​ទៅ​ចុះ​។ ឡុង សំណាង អាច​ចាញ់​ក្រោម​ផ្លែ​កែង​ថៃ​។

ចំណែក Aram Boy អាច​ចាញ់​ផ្នែក​កម្លាំង ព្រោះ​គេ​មាន​អាយុ​ចាស់​ជាង​ច្រើន ធ្លាក់​កម្លាំង​នៅ​ចុងទឹក ប៉ុន្តែ​គូ​នេះ​លំបាក​ទស្សន៍ទាយ​ដោយសារ​ពួកគេ​ទាំង​ ២ ​វ៉ៃ​សម្រុក​ដូចគ្នា តែបើ​មាន​ពិន្ទុ​ប្រហាក់ប្រហែល​គ្នា​វិញ គេ​លើកដៃ ឡុង សំណាង ជា​ម្ចាស់ផ្ទះ​ហើយ កុំ​ឆ្ងល់​»៕