ភ្នំពេញ: កីឡាករ​ជើង​ខ្លាំង​នៃ​ក្រុម​ជម្រើសជាតិ​គុន​ខ្មែរ ឡុង សំណាង បាន​ធ្វើការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ថា រូបគេ​នឹង​ខំប្រឹង​ឲ្យ​អស់​ពី​លទ្ធផល ដើម្បី​យក​ឈ្នះ​ថៃ Phitsayfa សម្រាប់​ការវិល​មកជួប​គ្នា​ក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់ Zorus ទម្ងន់​ ៦៣,៥ ​គីឡូក្រាម​នៅ​សង្វៀន CNC នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ហើយ​ជើង​ខ្លាំង ព្រំ សំណាង ក៏​ត្រូវ​ជួប​ម្ចាស់​ខ្សែក្រវាត់​មកពី​អ៊ូសបេគីស្ថាន​ថ្ងៃ​នោះ​ដែរ​។

តាមពិត ឡុង សំណាង ធ្លាប់​បាន​យក​ឈ្នះ​កីឡាករ​ថៃ Phitsayfa ដោយ​ពិន្ទុ​ម្តង​ហើយ​សម្រាប់​ការជួប​គ្នា​នៅ​វគ្គ​ជម្រុះ ប៉ុន្តែ សំណាង បាន​ប្រាប់​ថា​ថៃ​ម្នាក់​នេះ​មាន​សមត្ថភាព​ប្រកួត​ខ្លាំង​ដែល​មិន​អាច​មើល​រំលង​បាន​ទេ​គឺ​ទាំង​កណ្តាប់ដៃ និង​ស្នៀត​ប្រើ​ជើង គេ​វាយ​ចេញ​បាន​ល្អ​ទាំងអស់​។

សិស្ស​គណក្លិប​សាលវ័ន្ត​កីឡា ឡុង សំណាង បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា​៖ «​ការជួប​គ្នា​ក្នុង​វគ្គ​ជម្រុះ ខ្ញុំ​បាន​យក​ឈ្នះ​គេ​ទាំង​លំបាក ហើយ​ការជួប​គ្នា​លើក​នេះ ខ្ញុំ​គិត​ថា​វា​នៅ​តែ​មាន​ការលំបាក ព្រោះ​គេ​ជា​កីឡាករ​ល្អ​ម្នាក់​នេះ ហើយ​ខ្ញុំ​ជឿ​ថា​គេ​ក៏​បាន​ប្រឹងប្រែង​ហាត់​ដូច​យើង​ដែរ ដើម្បី​ត្រៀម​ការប្រកួត​ផ្តាច់ព្រ័ត្រ​នេះ​»​។

តាមរយៈ​ការប្រកួត​ចំនួន​ ៥ ​លើក​ក្នុង​អំឡុង​ខ្សែក្រវាត់​នេះ ឡុង សំណាង បាន​ឈ្នះ​គ្រប់ការ​ប្រកួត​ទាំងអស់ ហើយ​ចុងក្រោយ​គេ​បាន​យក​ឈ្នះ​រៀមច្បង ផាន់ គ្រាន់ ដោយ​ពិន្ទុ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ Phitsayfa មាន​ម៉ាត់​ឲ្យ ឌុម កែវដា ដួល​ជា​បន្តបន្ទាប់​រហូត​អាជ្ញាកណ្តាល​បញ្ឈប់​ការប្រកួត​នៅ​ទឹក​ទី​ ២​។

ការប្រើ​កណ្តាប់ដៃ​ផ្តួល ឌុម កែវដា ឲ្យ​សន្លប់​ចំនួន​ ២ ​លើក​ជាប់ៗ​គ្នា​របស់ Phitsayfa បាន​ធ្វើឲ្យ ឡុង សំណាង មាន​ការបារម្ភ​ផងដែរ ហើយ​បាន​ចាត់ទុក​ការប្រកួត​នេះ​ជា​ការប្រកួត​ដ៏តានតឹង​ដែល​មិន​អាច​វាយតម្លៃ​មុន​ការប្រកួត​បាន​ទេ​គឺ​មុន​ការប្រកួត​គេ​មាន​សង្ឃឹម​ឈ្នះ​ត្រឹម​ ៥០ ​ភាគរយ​ទេ​។

ទោះបី​ជា​យ៉ាងណា​ការចង់​ទទួល​បាន​ប្រាក់រង្វាន់​លេខ​ ១ ដើម្បី​យក​ទៅ​ជួយ​បង់​រំលស់​លុយ​ធនាគារ​ប្រមាណ​ ៦ ​លាន​រៀល​ដែល​ម្តាយ​របស់​ខ្លួន​បាន​ខ្ចី យក​មក​ទិញ​ដី​នោះ គឺ ឡុង សំណាង បាន​ប្តេជ្ញាចិត្ត​ខ្ពស់​សម្រាប់​ការប្រកួត​នេះ​។

ឡុង សំណាង បាន​និយាយ​ថា​៖ «​ខ្ញុំ​ប្តេជ្ញា​ថា​នឹង​ខំប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ព្រោះ​នេះ​ជា​ការប្រកួត​ដ៏សំខាន់ និង​ទទួល​បាន​លុយ​ច្រើន​គឺ​អ្នកឈ្នះ​នឹង​ទទួល​បាន​ ៦០០០ ​ដុល្លារ​អ៊ីចឹង​ខ្ញុំ​ចង់​បាន​លុយ​នេះ ដើម្បី​យក​ទៅ​ជូន​អ្នក​ម្តាយ​របស់​ខ្ញុំ ដើម្បី​ឲ្យ​គាត់​យក​ទៅ​សង​ធនាគារ​ដែល​គាត់​បាន​ខ្ចីលុយ យក​មក​ទិញ​ដី​កន្លងមក​»​។

កីឡាករ​ជើង​ខ្លាំង​វ័យក្មេង​រូប​នេះ​បាន​បន្ថែម​ថា​៖ «​មួយ​វិញ​ទៀត​ខ្ញុំ​ចង់​ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​មួយ​នេះ​។ ខ្ញុំ​ធ្លាប់​បាន​ឈ្នះ​ខ្សែក្រវាត់ Wurkz ក្នុង​ប្រភេទ​ទម្ងន់​ ៦៣,៥ ​គីឡូក្រាម​នេះ​នៅ​សង្វៀន SEATV ម្តង​ហើយ ប៉ុន្តែ​ខ្ញុំ​ចង់​ឈ្នះ​បាន​ខ្សែក្រវាត់​មួយ​ទៀត ដើម្បី​ពង្រីក​ភាពល្បីល្បាញ​របស់​ខ្ញុំ​បន្ថែម​ទៀត ហើយ​ខ្ញុំ​នឹង​ប្រឹងប្រែង​សម្រេច​បំណង​នេះ​»​។

ដោយឡែក ផាន់ គ្រាន់ និង ឌុម កែវដា ដែល​សុទ្ធតែ​បាន​ចាញ់​នៅ​វគ្គ​ ១/២ ​ផ្តាច់ព្រ័ត្រ​នោះ​នឹង​ត្រូវ​ប្រកួត​គ្នា​ដណ្តើម​យក​លេខ​ ៣ និង​លេខ​ ៤ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នោះដែរ​។ រីឯ​ជើង​ខ្លាំង​ទម្ងន់​ ៧៥ ​គីឡូក្រាម ព្រំ សំណាង ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អ៊ូសបេគីស្ថាន Mansurbek Raxmonjon ដែល​មាន​ស្ពាយ​ខ្សែក្រវាត់​ ២ នៅ​ថ្ងៃ​នោះ​ផង​ដែរ​៕